ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
សង្គមជាតិ
តុលាការ ដោះលែងម្តាយ ក្រោយកូនស្រីអាយុ៥ខែដែលជាប់ឃុំជាមួយ បានស្លាប់
28, Feb 2020 , 1:52 pm        
រូបភាព
រូបពីលោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
រូបពីលោក​ ជិន ម៉ាលីន​ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ក្រោយកូនស្រីអាយុទើប៥ខែ បានស្លាប់ ស្រ្តីជាម្តាយ ដែលជាប់ឃុំក្នុងមណ្ឌលកែប្រែទី២ (ម២) ត្រូវបានតុលាការរាជធានីភ្នំពេញ នាំយកទៅជំនុំជម្រះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយសម្រេចឲ្យជាប់ពន្ធនាគារ២ឆ្នាំ ដោយក្នុងនោះអនុវត្តទោសក្នុងពន្ធនាគារ៨ខែ១០ថ្ងៃ ហើយទោសនៅសល់ ត្រូវព្យួរ។

-

គិតចាប់តាំងពីថ្ងៃជាប់ឃុំ រហូតមកដល់ព្រឹកថ្ងៃទីទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ គឺមានរយៈពេល៨ខែ១០ថ្ងៃហើយ ដូច្នេះ ស្រ្តីរូបនោះ ត្រូវបានដោះលែងនៅព្រឹកនេះតែម្តង។ ស្ត្រីនោះ ត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អត្ថបទទាក់ទង



ស្រ្តីនោះ ជាប់ឃុំក្នុងមណ្ឌលកែប្រែ ប្រមាណ៨ខែមកហើយ ដោយតុលាការ មិនទាន់បើកសវនាការជំនុំជម្រះឡើយ រហូតទាល់តែមានអន្តរាគមន៍ពីក្រុមមេធាវីសិទ្ធិមនុស្សនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហើយក្រុមមេធាវីនេះ ចាប់ផ្តើមធ្វើអន្តរាគមន៍ផ្លូវច្បាប់ ក្រោយពីកូនស្រីតូចរបស់ស្រ្តីនោះ បានស្លាប់។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការធិការសិទ្ធិមនុស្ស ដែលចេញនៅថ្ងៃទី២៨ ខែកុម្ភៈ បានឲ្យដឹងថា កូនស្រីតូចនោះ មានជំងឺរលាកសួតធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនចេញពីមណ្ឌលកែប្រែ ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីពេលថ្មីៗនេះ។

សេចក្តីប្រកាសព័ត៌មាន សរសេរដូច្នេះថា៖«គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សង្ឃឹមថា ស្រ្តីជាប់ឃុំ ដែលត្រូវបានដោះលែងឲ្យមានសេរីភាព នឹងខិតខំកែប្រែកសាងខ្លួន ឈប់ពាក់ព័ន្ធជាមួយគ្រឿងញៀន និងក្លាយជាពលរដ្ឋល្អក្នុងសង្គម»៕

Tag:
 អ្នកជាប់ឃុំស្រ្តី
  កូនស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com