COVID-19
អន្តរជាតិ
ប្រធានាធិបតី រដ្ឋមន្ត្រី នៅសិង្ហបុរី មិនយកបៀវត្ស១ខែ ដើម្បីរួមទុក្ខជាមួយអ្នករងគ្រោះ COVID-19 រដ្ឋមន្រ្តីនានាក្នុងរដ្ឋាភិបាលដិង្ហបុរី។ រូបភាព Today Online
× នៅសិង្ហបុរី រដ្ឋមន្ត្រីទាំងអស់ និងមន្ត្រីកាន់តំណែងនយោបាយ នឹងមិនយកប្រាក់ខែរបស់ពួកគេមួយខែដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនដែលរងផលប៉ះពាល់ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរដោយកូរ៉ូណាវីរុស (COVID-19) ។ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ហេង ស្វីគៀត ក្រោយកិច្ចប្រជុំសភានៅថ្ងៃទី២៨ ខែកុម្ភៈ។ លើសពីនោះ សមាជិកសភាទាំងអស់ ក៏នឹងមិនយកប្រាក់ឧបត្ថម្ភមួយខែផងដែរ។
ថ្លែងក្រោយកិច្ចប្រជុំសភាដើម្បីដេញដោលថវិកាចំណាយឆ្នាំ២០២០ លោក ហេង ស្វីគៀត និយាយថា ការមិនយកប្រាក់ខែមួយខែនេះ ជាការនឹងរួមចំណែករបស់ថ្នាក់ដឹកនាំនយោបាយដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋសិង្ហបុរី។ លោកបន្ថែមថា រដ្ឋាភិបាលមានសមត្ថភាពចាត់វិធានការភ្លាមៗប្រឆាំងការរាតត្បាត COVID-19 ក៏ព្រោះតែមានការគាំទ្រពីប្រជាជន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Channel NewsAsia ។
លោក ហេង ដែលជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ បានលើកឡើងថា បណ្ដារដ្ឋមន្ត្រីទាំងអស់ នឹងមិនយកប្រាក់របស់ខ្លួនមួយខែ ឯមន្ត្រីរដ្ឋជាន់ខ្ពស់ នឹងមិនយកប្រាក់ខែកន្លះខែផងដែរ។ លោកបន្ថែមថា ប្រធានាធិបតី Halimah Yacob វិញ ក៏ស្ម័គ្រចិត្តមិនយកប្រាក់ខែមួយខែ ស្របពេលដែលសមាជិកសភាវិញ មិនយកប្រាក់ឧបត្ថម្ភមួយខែ។
យោងតាមសៀវភៅសរបស់រដ្ឋាភិបាលឆ្នាំ២០១២ រដ្ឋមន្ត្រីសិង្ហបុរី ទទួលប្រាក់ខែប្រមាណ៧៨៦០០០ដុល្លារក្នុងមួយឆ្នាំ ដោយមិនរាប់បញ្ចូលប្រាក់បំណាច់ផ្សេងៗ។ ដូចនេះ ការមិនយកប្រាក់ខែមួយខែរបស់ពួកគេ នឹងកាត់បន្ថយប្រាក់ខែសរុបមួយឆ្នាំប្រមាណ៥ភាគរយប៉ុណ្ណោះ។ ចំណែកនាយករដ្ឋមន្ត្រីសិង្ហបុរី ត្រូវបានចាត់ទុក ជាមុខតំណែងដែលទទួលបានប្រាក់ខែខ្ពស់ជាងគេ គឺប្រមាណ១,៦លានដុល្លារឯណោះក្នុងមួយឆ្នាំ។
ដោយឡែកបុគ្គលិកដែលនៅជួរមុខក្នុងប្រតិបត្តិការទប់ទល់ COVID-19 ដូចជាបុគ្គលិកពេទ្យជាដើម នឹងទទួលបានការលើកទឹកចិត្តផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ហេង ជាអនាគតនាយករដ្ឋមន្ត្រីរបស់សិង្ហបុរី។
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ លោក ហេង ប្រកាសកញ្ចប់ថវិកាជាង១,១៤៨ពាន់លានដុល្លារ (Care and Support Package) ដោយគោលដៅនៃកញ្ចប់ថវិកានេះ គឺដើម្បីជួយប្រជាជនសិង្ហបុរីជាមួយការចំណាយពួកគេ អំឡុងពេលដែលមិនច្បាស់លាស់ដែលកើតចេញពីការរាលដាលកូរ៉ូណាវីរុសប្រភេទថ្មីតែម្ដង។
សិង្ហបុរី ជាប្រទេសដែលមានករណីឆ្លងជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានជិតមួយរយករណីហើយ ប៉ុន្តែការព្យាបាលសះស្បើយច្រើនដូចគ្នាដែរ។ ចំណាត់ការរបស់សិង្ហបុរី ទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់អង្គការសុខភាពពិភពលោក៕
Tag:
សិង្ហបុរី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com