អត្ថបទពាណិជ្ជកម្ម
IDP Education នឹង​ប្រារព្ធ​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​អូស្ត្រាលី នៅ​រាជធានី​ភ្នំពេញ និង​សៀមរាប នៅ​សប្តាហ៍​ក្រោយ​
28, Feb 2020 , 3:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថាប័ន IDP Education ដែលជា​ស្ថាប័ន​នាំមុខ​ជុំវិញ​ពិភពលោក ក្នុងការ​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស នឹង​រៀបចំ​កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​អូស្ត្រាលី សម្រាប់​ផ្តល់ឱកាស​ដល់​សិស្ស និស្សិត និង​អាណាព្យាបាល​ក្នុងប្រទេស​កម្ពុជា បាន​ជួប​ផ្ទាល់​ជាមួយ​តំណាង​ស្ថាប័ន​អប់រំ​ល្បីៗ មកពី​ប្រទេស​អូស្ត្រាលី ដើម្បី​ពិភាក្សា​អំពី​ជម្រើស​សិក្សា លក្ខខណ្ឌ​ចូលរៀន ការចំណាយ​លើ​ការសិក្សា និង​ការរស់នៅ ដំណើរ​ការសុំ​ទិដ្ឋាការ និង​អាហារូបករណ៍​ផ្សេងៗ​។​
 
​ជម្រើស​សិក្សា និង​អាហារូបករណ៍ នៅ​ប្រទេស​អូស្ត្រាលី ចាប់ពី​កម្រិត​វិទ្យាល័យ  កម្រិត​អប់រំ​វិជ្ជាជីវៈ  រហូតដល់​កម្រិត​មហា​វិទ្យាល័យ នឹងត្រូវ​បានដាក់​បង្ហា​ញ​ផ្ទាល់ ពី​តំណាង​ស្ថាប័ន​ល្បីៗ​ក្នុងប្រទេស​អូស្ត្រាលី ប្រមាណ ៥៣​ស្ថាប័ន​។ ពិព័រណ៍​នេះ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ និង​នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ ក្រុង​សៀមរាប ពី​ម៉ោង​៩ ព្រឹក ដល់​ម៉ោង​២​រសៀល​។ ការចូលរួម​ពិព័រណ៍ និង​ការទទួល​ជំនួយ ក្នុងការ​រៀបចំ​បែបបទ​ចូលរៀន​របស់​ស្ថាប័ន IDP Education នឹងត្រូវ​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​។​
 

​លោក Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា នៅក្នុង​កម្មវិធី​បើក​សន្និសីទ CamTESOL កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២០​។​
 
​កម្មវិធី​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​អូស្ត្រាលី​នៅ​ភ្នំពេញ នឹង​ត្រូវបាន​ចូលរួម​បើកសម្ពោធ​ពី លោក Pablo Kang ដែលជា​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា​។​
 
​លោក Pablo Kang បាន​មានប្រសាសន៍ថា​៖«​សិស្ស និស្សិត​កម្ពុជា កាន់តែ​ច្រើនឡើងៗ​ជ្រើសរើស ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ខ្ញុំ​មាន​មោទកភាព​ណាស់ ដែល​ប្រទេស​អូស្ត្រាលី នៅតែ​ជា​គោលដៅ​សិក្សា​ដ៏​មាន​ប្រជាប្រិយភាព សម្រាប់​សិស្ស និស្សិត​កម្ពុជា​»​។​
 
«​នេះ​គឺ​ដោយសារតែ​គុណភាព​នៃ​វិស័យ​អប់រំ​កម្រិត​ពិភពលោក រួមទាំង​ទីក្រុង​ដ៏​សម្បូរបែប​ដែលមាន បរិយាកាស​ពោរពេញ​ដោយ​ភាព​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​វប្បធម៌​ចម្រុះ នៅក្នុង​ប្រទេស​អូស្ត្រាលី​»​។​


 
​លោក Pablo Kang ក៏បាន​បន្ថែមទៀតថា​៖«​ខ្ញុំ​ពិតជា​មាន​ភាព​សោមនស្ស​រីករាយ​ណាស់​ដែល​ពិព័រណ៍​ការសិក្សា និង​អាហារូបករណ៍​នៅ​អូស្ត្រាលី កាន់តែ​ធំ​ឡើងៗ​ជា​រៀងរាល់ឆ្នាំ​។ កម្មវិធី​ពិព័រណ៍​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើងជា​លើកដំបូង​ផងដែរ នៅ​ខេត្តសៀមរាប ហើយ​លោក Luke Arnold ដែលជា​អនុប្រធាន​បេសកកម្ម នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា នឹង​ទៅ​បើក​កម្មវិធី​នៅ​ទីនោះ​។ ការរីកលូតលាស់​នៃ​ពិព័រណ៍​នេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កំណើន​នៃ​តម្រូវការ​ការអប់រំ​នៅ​ប្រទេស​អូស្ត្រាលី របស់​សិស្ស និស្សិត​កម្ពុជា​»​។​
 
​តំណាង​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​នឹងមាន​វត្ត​មាននៅ​ពិព័រណ៍ ដើម្បី​ផ្តល់ព័ត៌មាន និង​ការណែនាំ​អំពី​ការសិក្សា​ភាសា​អង់គ្លេស សម្រាប់​សិស្ស និស្សិត​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ របស់​ស្ថាប័ន​អប់រំ​នានា​នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ​។ ក្រុមការងារ​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹងចូលរួម​ផ្តល់​ប្រឹក្សា​ពី​ការចុះឈ្មោះ និង​ការរៀន​ត្រៀមប្រលង IELTS ដែលជា​តេស្ត​វាស់​សមត្ថភាព​ប្រើប្រាស់​ភាសា​អង់គ្លេស ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​អប់រំ​ជុំវិញ​ពិភពលោក​។ អ្នកចូលរួម​កម្មវិធី​ទាំងអស់​ក៏​នឹង​មានឱកាស​ធ្វើតេស្ត IELTS សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ (CDI) ដោយ​ឥតគិតថ្លៃ​ផងដែរ​។​
 
​សម្រាប់​ការចូលរួម និង​ព័ត៌មាន​បន្ថែម​ពី​ការសិក្សា​នៅ​បរទេស ដោយ​ឥតគិតថ្លៃ​៖ expo.idpevent.org/aus ឫ ០៧៧ ៦៦៧ ១២២៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 IDP
© រក្សាសិទ្ធិដោយ thmeythmey.com