COVID-19
អន្តរជាតិ
ស្ត្រី​អាមេរិក​ពី​នាវា Westerdam ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​ពេទ្យ​ម៉ាឡេស៊ី​ហើយ
28, Feb 2020 , 7:39 pm        
រូបភាព
អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Noor Hisham Abdullah (ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama)
អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោកវេជ្ជបណ្ឌិត Noor Hisham Abdullah (ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama)
ដោយ:
​ស្ត្រី​អាមេរិក​អាយុ​៨៣​ឆ្នាំ​ពី​នាវា Westerdam ហើយ​ជា​អ្នកជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​(COVID-19)​ទី​២២​របស់​ម៉ាឡេស៊ី ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ ខែកុម្ភៈ​។ អគ្គនាយក​សុខាភិបាល​ម៉ាឡេស៊ី លោក​វេជ្ជបណ្ឌិត Noor Hisham Abdullah បញ្ជាក់​បែបនេះ​។ ស្ត្រី​រូបនេះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​បញ្ជាក់ថា លែងមាន​វីរុស​នេះ កាលពី​ថ្ងៃ​២១ ខែកុម្ភៈ​កន្លងទៅ​។

 
​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ លោក​អគ្គនាយក Hisham គូសបញ្ជាក់ថា ស្ត្រី​អាមេរិក​រូបនេះ គឺជា​អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​អាជ្ញាធរ​សុខាភិបាល​សម្រេច​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ អ្នកជំងឺ​ម្នាក់ទៀត គឺជា​ស្ត្រីជន​ជាតិចិន​អាយុ​៦៧​ឆ្នាំ ដែលជា​អ្នកជំងឺ​COVID-19​ទី​១៦​របស់​ម៉ាឡេស៊ី​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក​និយាយ​ដូច្នេះ​ថា​៖«​សរុបទៅ មនុស្ស ២២ នាក់ បានជា​សះស្បើយ​ពេញលេញ និង​បានអនុញ្ញាត​ឲ្យ​ចាក​ចេញពី​បន្ទប់​មន្ទីរពេទ្យ​»​។ 
 
​ខណៈ​ប្រកាស​ពី​ករណី​ជាសះស្បើយ លោក​វេជ្ជបណ្ឌិត Hisham ក៏បាន​បញ្ជាក់​ពី​ករណី​ឆ្លង COVID-19 ទី​២៣​របស់ខ្លួន​ផងដែរ ដោយ​កើត​លើ​ស្ត្រី​ម៉ាឡេស៊ី​អាយុ​៥៣​ឆ្នាំ​ម្នាក់​ដែល​ធ្លាប់​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន កាលពីពេល​ថ្មីៗ​នេះ​។ 
 
«​ក្រោយ​ត្រលប់​មកពី​ជប៉ុន កាលពី​ថ្ងៃ​២៣ ខែកុម្ភៈ អ្នកជំងឺ​ថ្មី​នេះ បានចេញ​រោគសញ្ញា​ក្តៅខ្លួន​នាពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ ហើយ​ទទួល​ការព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង គូ​ឡា​ឡាំ​ពួ​»​។ លោក បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ ដោយ​បន្ថែមថា ការធ្វើ​តេស្ត COVID-19 បានធ្វើ​ឡើង ហើយ​បាន​រកឃើញថា​វិជ្ជមាន​នៅ​ថ្ងៃ​ពុធ ២៦ ខែកុម្ភៈ​។ 
 
​សូម​រម្លឹក​ដែរ​ថា សម្រាប់​ករណី​ស្ត្រី​អាមេរិក​ពី​នាវា​ទេសចរណ៍ Westerdam អ្នកដំណើរ​អាមេរិក​រូ​ប​នេះ និង​ស្វាមី បាន​ចាក​ចេញពី​កម្ពុជា​កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ​។ ទៅដល់​ទឹក​ម៉ាឡេស៊ី លោកស្រី​ក៏ត្រូវ​ប្រកាសថា មាន​កូ​រ៉ូ​ណាវី​រុស ឯ​ប្ដី​របស់គាត់ មិនមាន​ឡើយ​។ មុន​ការចាកចេញ​ពី​កម្ពុជា អ្នក​ទាំងពីរ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​កម្ពុជា ធ្វើតេស្ត​សុខភាព ហើយ​រក​មិនឃើញ​កូ​រ៉ូ​ណា​វីរុស​ឡើយ​។ 
 
​នៅ​ទឹកដី​ម៉ាឡេស៊ី ស្ត្រី​អាមេរិក​រូបនេះ ត្រូវបាន​ធ្វើតេស្ត​ពីរដង ហើយ​ក៏មាន​លទ្ធផល​វិជ្ជមាន​ទាំង​ពីរដង​។ ចុងក្រោយ ស្ត្រី​រូបនេះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​បញ្ជាក់ថា លែងមាន​វីរុស​នេះ កាលពី​ថ្ងៃ​២១ ខែកុម្ភៈ​កន្លងទៅ តែ​ត្រូវ​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយរយៈ​ពេល​ទៀត​សិន​៕

Tag:
 ម៉ាឡេស៊ី​
  សហរដ្ឋអាមេរិក​
  Westerdam
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com