COVID-19
អន្តរជាតិ
​ប្រធានាធិបតី​ម៉ុង​ហ្គោ​លី​ទៅ​ចិន ដើម្បី​ផ្តល់​អំណោយ​ចៀម​៣​ម៉ឺន​ក្បាល​ក្នុងនាម​ជា​អ្នកជិតខាង​ល្អ​
28, Feb 2020 , 8:19 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីម៉ុងហ្គោលី Khaltmaa Battulga ។ រូបភាព Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃសមភាគីម៉ុងហ្គោលី Khaltmaa Battulga ។ រូបភាព Xinhua
​ប្រធានាធិបតី​ម៉ុង​ហ្គោ​លី Khaltmaa Battulga បាន​ក្លាយជា​ប្រមុខរដ្ឋ​បរទេស​ទីមួយ​ធ្វើដំណើរ​ទៅកាន់​ចិន ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ថ្មី (COVID-19) ។ លោក Battulga ក៏​ប្រកាស​ផ្ដល់​សត្វ​ចៀម​បី​ម៉ឺន​ក្បាល​ឲ្យ​ចិន បន្ថែម​ពីលើ​សម្ភារ​ជាច្រើន​ដែល​ត្រូវបាន​ឧបត្ថម្ភ​នាពេល​កន្លងមក​ដើម្បី​ចែករំលែក​ការលំបាក​របស់​ប្រទេសជិតខាង​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​អរគុណ​សមានចិត្ត​រប​ស់​ម៉ុង​ហ្គោ​លី ដែល​តែង​ជួយ​ចិន​រហូតមក​។​

 
​ជា​អ្នកជិតខាង ចិន និង​ម៉ុង​ហ្គោ​លី តែងតែ​អាច​ពឹងពាក់​គ្នា​ទៅវិញទៅមក​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នា​ជំនួប​ជាមួយ​សម​ភាគី​ម៉ុង​ហ្គោ​លី Khaltmaa Battulga នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​។ លោក Battulga ជា​ប្រមុខរដ្ឋ​បរទេស​ដំបូង​គេ​ដែល​ជាន់​ទឹកដី​ចិន ស្រប​ពេលដែល​ជំងឺ COVID-19 កំពុង​រាលដាល​នៅឡើយ​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua លោក ស៊ី ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក Battulga ពេលនេះ ជាការ​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​មេដឹកនាំ​ម៉ុង​ហ្គោ​លី​លើ​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ការគាំទ្រ​ក្នុងនាម​ជា​អ្នកជិតខាង​ផងដែរ​។ ប្រធានាធិបតី​ចិន បាន​ប្រាប់​សម​ភាគី​ម៉ុង​ហ្គោ​លី​ពី​ការប្រឹងប្រែង​ពេញទំហឹង​របស់​បក្ស​កុម្មុយនីស្ត​ចិន និង​រដ្ឋាភិបាល​ចិន​ក្នុងការ​គ្រប់គ្រង និង​ទប់ស្កាត់​វីរុស​ប្រភេទ​ថ្មី​នេះ មិន​ឲ្យ​រាលដាល​ថែមទៀត​។​
 
​ជាមួយ​ការបង្ហាញ​ការសោកស្ដាយ​ចំពោះ​អ្វីដែល​កើតឡើង លោក Battulga និយាយថា ប្រជាជន​ម៉ុង​ហ្គោ​លី ឈរ​ជាមួយ​ប្រជាជន​ចិន​ក្នុង​កាលៈទេសៈ​នេះ​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន បាន​ស្រង់​សម្ដី​ប្រធានាធិបតី​ម៉ុង​ហ្គោ​លី​ទៀតថា ប្រជាជន​ម៉ុង​ហ្គោ​លី​គ្រប់​ឋានៈ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​យុទ្ធនាការ​រៃអង្គាស​ដើម្បី​ឧបត្ថម្ភ​ដល់​ចិន​។ លោក​បន្តថា លើសពីនោះ ម៉ុង​ហ្គោ​លី នឹង​ឧបត្ថម្ភ​ចៀម​ចំនួន​បី​ម៉ឺន​ក្បាល​ទៀត​ឲ្យ​ចិន​បន្ថែម​ពីលើ​ការឧបត្ថម្ភ​មុនៗ​។​
 
​មកទល់ពេលនេះ ម៉ុង​ហ្គោ​លី មិនទាន់​រាយការណ៍​ពី​ករណី​ឆ្លង ឬ​ស្លាប់​ដោយសារ COVID-19 ឡើយ​។ វិធាន​ការដែល​ប្រទេសមួយ​នេះ​បាន​អនុវត្ត​រួមមាន ការបិទ​ព្រំដែន និង​ការ​រឹតត្បិត​ការធ្វើដំណើរ​មកពី​ចិន​ផងដែរ​។ 
 
​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​ជាន់​ទឹកដី​ក្រោយ​ផ្ទុះ COVID-19 គឺ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន កាលពី​ថ្ងៃ​៥ ខែកុម្ភៈ​កន្លងទៅ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែកុម្ភៈ ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​ជាង​៨៣០០០​នាក់​ករណី ហើយ​រាល​ដល់​៥៣​ប្រទេស​។ អ្នកស្លាប់​៤៤​នាក់​ទៀត​នៅ​ចិន ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ឡើងដល់​២៨៥៨​នាក់​។ កូរ៉េខាងត្បូង មាន​អ្នក​ឆ្លង​ទី​ពីរ​ជាមួយ​ចំនួន​ជាង​២០០០​នាក់ អ៊ីតាលី​មាន​៦៥៥​នាក់​។ អ្នកជំងឺ​ជាង​៣៦០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕

Tag:
 ចិន​
  ម៉ុង​ហ្គោ​លី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com