ជាតិ
អ្នកនាំពាក្យ ប្រាប់​ឲ្យ​កម្មករ រាយការណ៍ បើ​ម្ចាស់ផ្ទះ​ដំឡើងថ្លៃ​ឈ្នួល​ហួស​កម្រិត​
28, Feb 2020 , 8:39 pm        
រូបភាព
លោក ហេង សួរ ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់ក្រសួងការងារ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
លោក ហេង សួរ ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងាររបស់ក្រសួងការងារ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០
​ភ្នំពេញ​៖ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឲ្យ​កម្មករនិយោជិត រាយការណ៍​ទៅ​ក្រសួង​ការងារ ឬ​ទៅ​សាលា​រាជធានី​ភ្នំពេញ ប្រសិនបើ​មាន​ករណី​ដំឡើងថ្លៃ​ផ្ទះ​ហួស​កម្រិត​។ 


 
​ធ្វើជា​វាគ្មិន​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​របស់​ក្រសួង​ការងារ ដែល​រៀបចំឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាល​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ហេង សួរ ថ្លែងថា នៅពេល​ជួប​ករណី​ដំឡើងថ្លៃ​ផ្ទះ​ហួស​កម្រិត កម្មករ​មាន​ជម្រើស​២ គឺ​រាយការណ៍​ឬ​ផ្ដល់ព័ត៌មាន​ឲ្យ​ជាក់លាក់​ពី​ទីតាំង​ផ្ទះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សាលា​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​ទៅ​ក្រសួង​ការងារ រាយការណ៍​ដោយផ្ទាល់​។ 
 
​លោក បញ្ជាក់ថា​៖«​ប្រសិនបើ​មាន​ករណី​ដំឡើងថ្លៃ​ផ្ទះ ដោយ​មិន​សមស្រប បងប្អូន​អត់​ជូនដំណឹង​មក តើ​អាជ្ញាធរ​និង​ក្រសួង ធ្វើ​យ៉ាងម៉េច​ដឹងថា​ម្ចាស់ផ្ទះ​ដំឡើងថ្លៃ អ៊ីចឹង​អ្វីដែល​យើង​សុំ​កិច្ចសហការ ប្រសិនបើ​មាន​ករណី​ដំឡើងថ្លៃ​ហួសហេតុ [​ផ្ទុយ​] សេចក្ដីណែនាំ តាម​កិច្ចសន្យា​ពិសេស គឺ​សុំ​បងប្អូន​ជូនដំណឹង​»​។ 
 
​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួង​ការងារ ស្នើសុំ​ឲ្យ​មាន​កិច្ចសហការ​ពី​សាមីជន ប្រសិន​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវបាន​គេ​រំលោភបំពាន ដើម្បី​ជូនដំណឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ទើប​អាចមាន​លទ្ធភាព​ដោះស្រាយបាន​។ យ៉ាងណាក៏ដោយ លោក សុំ​ឲ្យ​រាយការណ៍​ឲ្យ​ចំ​គោលដៅ ពី​លេខ​ផ្ទះ និង​ខណ្ឌ ដោយ​បញ្ជាក់ថា អ្នករាយការណ៍​មិន​ចាប់​បាច់​បញ្ចេញ​អត្តសញ្ញាណ​ក៏បាន​ដែរ​។ 
 
​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ ថា តាម​ការសង្កេត​របស់​លោក ឈានចូល​ឆ្នាំ​២០២០​ភ្លាម តម្លៃ​ផ្ទះ មានការ​ដំឡើង​ច្រើន ហើយ​ខាង​សមាជិក​និយោជិត​របស់លោក ជួប​បញ្ហា​នេះដែរ​។ ប៉ុន្តែ​តួលេខ​ជាក់លាក់ ភាគី​ខាង​លោក មិនទាន់​ស្រាវជ្រាវ​នៅឡើយ​ទេ​។ 
 
​លោក និយាយថា​៖«​សម្រាប់​ការដំឡើងថ្លៃ​ផ្ទះ ហួស​កម្រិត ខ្ញុំ​គិតថា ដំឡើង​ចាប់ពី​១០​ដុល្លារ​ឡើងទៅ គឺជា​ចំណុច​មួយ​ហួស​កម្រិត ព្រោះ​កម្មករ ចំណាយ​ច្រើន ពាក់ព័ន្ធ​នឹង​ទំនិញ​ទីផ្សារ រួមទាំង​ថ្លៃ​ផ្ទះ​ផង​។ ប៉ុន្តែ ចំនួន​ជាក់លាក់ គឺ​មិនទាន់មាន​ស្ដង់ដា​វាស់វែង​នៅឡើយ​ទេ​»​។ 
 
​ពាក់ព័ន្ធ​នឹង​ការ​ឲ្យ​កម្មករ​រាយការណ៍​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សាលា​រាជធានី​ភ្នំពេញ ឬ​ទៅ​រាយការណ៍​នៅ​ក្រសួង​ការងារ​ផ្ទាល់​ពី​ករណីនេះ លោក វន ពៅ មើលឃើញថា មិនមែនជា​ភាព​ងាយ​ស្រួយ​ឡើយ​ចំពោះ​កម្មករ ព្រោះ​ពួកគាត់​មិនទាន់​ចេះ​ប្រើ​បច្ចេកទេស​ជំនាញ​នេះឡើយ​។ 
 
​ទន្ទឹមនឹងនេះ លោក យល់ថា ក្រសួង​និង​សាលា​រដ្ឋបាល​រាជធានី​ភ្នំពេញ គួរតែបង្កើត​ក្រុមអធិការកិច្ច​ឯករាជ្យ​មួយ ដោយ​ភាគី​សហជីព​ចូលរួម​ជាមួយ​ផង សម្រាប់​តាមដាន​ស៊ើបអង្កេត ដោះស្រាយ​ក្នុងករណីនេះ​។ 
 
​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការអធិប្បាយ​ជុំវិញ​ករណី​ដំឡើងថ្លៃ​ផ្ទះ​នេះ​បន្ថែម​ពី​លោក ហេង សួរ បាន​ឡើង ដោយសារ​លោក មិន​ទទួល​ទូរស័ព្ទ​។ 
 
​សូមបញ្ជាក់ថា នៅ​ឆ្នាំ​២០១៩ ក្រសួង​ការងារ​និង​អាជ្ញាធរ​ខណ្ឌ បាន​ចុះ​សម្របសម្រួល មិនតិចជាង​១០​ករណី​ឡើយ ពាក់ព័ន្ធ​នឹង​ការដំឡើង​ប្រាក់​ថ្លៃ​ផ្ទះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ហេង សួរ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​គណៈរដ្ឋមន្ត្រី​៕ 

Tag:
 កម្មករ​
  ដំឡើងថ្លៃ​ផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com