COVID-19
អន្តរជាតិ
ប្រមុខ WHO ៖ «COVID-19 អត់​ចេះ​គោរព​ព្រំដែន​ប្រទេស​ណា​ឡើយ​»
28, Feb 2020 , 9:19 pm        
រូបភាព
លោកអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (AFP)
លោកអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus (AFP)
ដោយ:
«​វីរុស (COVID-19) អត់​ចេះ​គោរព​ព្រំដែន​ប្រទេស​ណាមួយ​ឡើយ​»​។ លោក​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus អះអាង​បែបនេះ ខណៈ​លើកទឹកចិត្ត​ឲ្យ​ប្រទេស​ទាំងអស់​ចាត់វិធានកា​រ​ខ្លាំង​បន្ថែម​ក្នុង​គោលដៅ​បង្ការ​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19)​។ ទន្ទឹមនេះ ប្រមុខ​អង្គការ​អន្តរជាតិ​នេះ បាន​ព្រមាន​ថា ប្រទេស​នានា​ពុំគួរ​បង្កើត​កំហុស​ធ្ងន់ធ្ងរ​មួយ ដោយ​សន្មត​ទុក​ថា ប្រទេស​ខ្លួន​ចៀស​ផុតពី​ការ​រាតត្បាត​នៃ​វីរុស​នេះ​។​

 
​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ថ្ងៃ​ព្រហស្បតិ៍ ២៧ ខែកុម្ភៈ លោក Tedros គូសបញ្ជាក់ថា​៖«​ប្រទេស​ទាំងអស់ គប្បី​ត្រៀមលក្ខណៈ​សម្រាប់​ករណី​ឆ្លង (COVID-19) ដំបូង […] ពុំគួរ​មាន​ប្រទេស​ណាមួយ​សន្មត​ទុក​ថា ខ្លួន​នឹង​គ្មាន​កើតមាន​ករណី​ឆ្លង ហើយ​វា​អាចជា​កំហុស​ដ៏​អន្តរាយ​មួយ យ៉ាង​ជាក់ច្បាស់​ណាស់​»​។ ត្រង់នេះ លោក​សង្កត់ធ្ងន់ថា​៖«​វីរុស​នេះ ពុំ​ចេះ​គោរព​ព្រំដែន​ប្រទេស​ណាមួយ​ឡើយ​»​។ 
 
​ទោះជា​បែបនេះ​ក្តី លោក Tedro អះអាង​ទៀតថា វីរុស​នេះ មានលទ្ធភាព​ក្នុង​ការឆ្លង​រាលដាល​ទៅគ្រប់​ទីកន្លែង ក៏ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា​៖«​នេះ​ពុំមែន​ជា​ពេលវេលា​សម្រាប់​ការភ័យខ្លាច​ឡើយ​។ នេះ​គឺជា​ពេលវេលា​សម្រាប់​ការចាត់វិធានការ​ដើម្បី​បង្ការ​ការឆ្លង និង​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ឥឡូវនេះ​»​។  
 
​ដោយ​លើកឡើង​ពី​ប្រទេស​មួយចំនួន​ដែល​ពុំមាន​រកឃើញ​ករណី​ឆ្លង COVID-19 បន្ថែម​ក្នុងពេល​ជាង​២​សប្តាហ៍​ចុងក្រោយ រួមមាន កម្ពុជា ឥណ្ឌា ហ្វីលីពីន និង​វៀតណាម ជាដើម​នោះ លោក​ប្រមុខ WHO បាន​ព្រមាន​ថា ហ្វ្រាំង​ឡង់ និង​ស៊ុយអែត បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បន្ទាប់ពី​ស្ងាត់​ជាង​ពីរ​សប្តាហ៍​កន្លងទៅ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះផ្សាយ​លើ​វេ​ប​សាយ​របស់​អង្គការសហប្រជាជាតិ (UN)​។ 
 
​ទាក់ទិន​រឿងនេះ លោក​អគ្គនាយក Tedros អះអាង​ដូច្នេះ​ថា ចំណុច​សំខាន់​នោះ​គឺ ពុំមែន​ត្រឹមតែ​បង្ការ​ករណី​ឆ្លង COVID-19 មកដល់​ប្រទេស​ពួកគេ​ឡើយ ហើយ​អ្វីដែល​សំខាន់​គឺ​ត្រង់​ចំណាត់​ការដែល​ពួកគេ​ដាក់ចេញ នៅពេល​ពួកគេ​មាន​ករណី​ឆ្លង​។ បើតាម​លោក រាល់​ប្រទេស​ទាំងអស់ គួរតែ​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​រកឃើញ​ករណី​ឆ្លង​ឲ្យ​បាន​លឿន​, ដាក់​អ្នកជំងឺ​នោះ​ឲ្យ​នៅ​ដាច់ដោយឡែក​, តាមរក​អ្នក​ដែល​អ្នកជំងឺ​ប៉ះពាល់​, ផ្ដល់​ការថែទាំ​ជំងឺ​ដែលមាន​គុណភាព​, បង្ការ​ការ​រាលដាល​នៅ​មន្ទីរពេទ្យ និង​បង្ការ​ការឆ្លង​តាម​សហគមន៍​ផងដែរ​៕

Tag:
 អង្គការ​សុខភាព​ពិភពលោក​
  WHO
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com