ជាតិ
សេដ្ឋកិច្ច
​ស៊ុយអែត​និង​USAID បន្ត​ឲ្យ​ជំនួយ​ជាង​៥០​ម៉ឺន​ដុ​លា្ល​រ ដើម្បី​ដោះស្រាយ​ទំនាស់​ការងារ​នៅ​កម្ពុជា​
28, Feb 2020 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ប្រទេស​ស៊ុត​អែ​ត និង​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក​(USAID) បន្ត​ផ្តល់ជំនួយ​៥​លាន​ក្រូ​ណា (៥៣​ម៉ឺន​ដុល្លារ​) ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល សម្រាប់​ពង្រឹង​សេវាកម្ម​ដោះ​ស្រោ​យ​វិវាទ​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា​។ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ថវិកា​ដែលជា​ជំនួយឥតសំណង​នេះ គឺ​សម្រាប់​អនុវត្ត​គម្រោង​រយៈពេល​២​ឆ្នាំ គឺ​ឆ្នាំ​២០២០-២០២១​។


 
​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា គម្រោង​អនុវត្ត​រយៈពេល​២​ឆ្នាំនេះ គឺ​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​ដោះស្រាយ​វិវាទ​ការងារ​ដោយ​អាជ្ញាកណ្តាល​ដែល​អាច​ជឿជាក់​បាន និង​ប្រកបដោយ​ប្រសិទ្ធភាព​។ 
 
​លោក សា​ម៉ូ​អ៊ែ​ល ហ៊ូ​ទីក (Samuel Hurting) ប្រធាន​ផ្នែក​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​អន្តរជាតិ​របស់​ស្ថានទូត​ស៊ុត​អែ​ត​ប្រចាំ​កម្ពុជា បាន​និយាយថា ទីផ្សារការងារ​នៅ​គ្រប់​ប្រទេស​ទាំងអស់​កំពុង​លូតលាស់​ទៅមុខ ហើយ​ត្រូវការ​សម្រប​ទៅនឹង​ការប្រែប្រួល​។ លោក​បាន​បន្តថា អ្នក​ផលិត​ទាំងឡាយ​ត្រូវតែ​បង្កើន​គុណភាព​ទំនិញ និង​រក្សា​ផលចំណេញ​ដោយ​ថ្លឹងថ្លែង​ជាមួយនឹង​តម្រូវការ​សិទ្ធិ​ការងារ ដូចជា​ស្តង់ដារ​ការងារ​សមរ​ម្យ និង​ប្រាក់​ឈ្មួ​ល​ដោយ​យុ​តិ្ត​ធម៌ សមភាព​យែ​ន​ឌ័​រ  បញ្ហា​បរិស្ថាន ដែល​ប៉ះពាល់​ដល់​ផលិតកម្ម  និង​លក្ខខណ្ឌ​ការងារ​នានា​។ 
 
​លោក លើកឡើងថា សហជីព​គឺជា​តួអង្គ​សំខាន់ ដើម្បី​តំណាង​ឲ្យ​សិទ្ធិ​កម្មករ និង​គួរ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​។  លោក បញ្ជាក់ថា ដូច្នេះ​៖«​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ដែល​អាច​ជឿទុកចិត្ត​បាន​និង​ឯករាជ្យ គឺជា​ធាតុ​ផ្សំ​ដ៏​ចំ​បាច់ សម្រាប់​ទីផ្សារការងារ​ប្រកបដោយ​ប្រសិទ្ធភាព​។ តួរ​នាទី​របស់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្នុងការ​ដោះ​ស្រោ​យ​វិវាទ​នៅក្នុង​ទីផ្សារការងារ​គឺមាន​សារៈសំខាន់​ណាស់ ហើយ​ស្ថានទូត​ស៊ុត​អែ​ត នឹង​បន្ត​គាំទ្រ​មូលនិធិ​ក្រុមប្រឹក្សា​កណ្តាល ដើម្បី​ធានាថា​ក្រុមប្រឹក្សា​កណ្តាល​នឹង​បន្ត​តួនាទី​របស់ខ្លួន​ដោយ​ឯករាជ្យ និង​ប្រកបដោយ​វិជ្ជាជីវៈ​»​។​
 
​ជាមួយគ្នានេះ លោក ហា​វ្យា ខា​ស្តា​ណូ (Javier Castano) ប្រធានស្តីទី USAID មានប្រសាសន៍ថា ការដោះស្រាយ​វិវាទ​ការងារ​ដោយ​អាជ្ញាកណ្តាល គឺជា​សារៈសំខាន់​ដែល​ត្រូវ​រក្សា និង​អនុវត្ត​ក្នុង​ប្រព័ន្ធ​ដោះ​ស្រោ​យ​វិវាទ​ការងារ​រួម ដែលមាន​អំណាច​កាត់សេចក្តី និង​ដោះ​ស្រោ​យ​ដោយ​សន្តិវិធី  ដោយ​ស្ថាប័ន​ទាំង​ភាគី​និយោជក ទាំង​និយោជិត ទទួលស្គាល់ថា មាន​អព្យាក្រឹត និង​មិន​លំអៀង​។ ប្រធានស្តីទី USAID រូបនេះ បាន​បន្ថែម​ដូច្នេះ​ថា​៖«​នេះ​ជា​មូលហេតុ ដែល​យើង​ជ្រើសរើស​គាំទ្រ​ដល់​តួនាទី​ស្នួល​សំខាន់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក្នុងការ​បង្កើតឡើង​នូវ​បរិយាកាស​ប្រកបដោយ​ភាពជឿជាក់​សម្រាប់​និយោជិត និយោជក  និង​អ្នកវិនិយោគ​នានា ជា​ប្រព័ន្ធ​ដោះ​ស្រោ​យ​វិវាទ​ដែលមាន​ការចូលរួម​គ្រ​ប់​ភាគី​ពាក់ព័ន្ធ​»​។​
 
​លោក ម៉ែន និម្មិត នាយក​ប្រតិបត្តិ​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល យល់ថា ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដើរតួនាទី​យ៉ាងសំខាន់ និង​សម្រេចបាន​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន ដោយ​រួមចំណែក​ជួយ​ដល់​ផ្នែក​សង្គមកិច្ច និង​សេដ្ឋកិច្ច ព្រមទាំង​ទទួលបាន​កេរ្តិ៍ឈ្មោះ និង​ការទទួល​ថ្នាក់ជាតិ និង​អន្តជាតិ​ក្នុងការ​ដោះ​ស្រោ​យ​វិវាទ​ការងារ​កន្លងមក​។  
 
​លោក អះអាងថា ការអនុវត្ត​ការងារ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល មកដល់​ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ទទួលបាន​សំណុំរឿង​ចុះបញ្ជី​ចំនួន​២,៨៨២​ករណី ដែលមាន​វិ​និយោជិត​ពាក់ព័ន្ធ​ជាង​១​លាន​នាក់ មកពី​វិស័យ​កាត់ដេរ  និង​វិស័យ​ផ្សេងៗ​ទៀត​នៅ​ទូទាំង​កម្ពុជា​។ លោក ម៉ែន និម្មិត បង្ហាញ​តួលេខ​ថា ក្នុងចំណោម​សំណុំរឿង​ដែល​បាន​ចុះបញ្ជី​ទាំងអស់នេះ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល បាន​ដោះ​ស្រោ​យ​វិវាទ​ជោគជ័យ​៧៥​ភាគរយ​។  
 
​សូម​ញ្ជា​ក់ថា កាលពី​ឆ្នាំ​២០១៤ USAID បានផ្តល់​១,៥​លាន​ដុល្លារ ដល់​មូលនិធិ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ក្នុង​គម្រោង​រយៈ​៥​ឆ្នាំ​លើ​គម្រោង​ស្តីពី​សិទ្ធិ​ការងារ​នៅ​កម្ពុជា​។ ការផ្តល់​មូលនិធិ​ទាំងពីរ​នេះ គឺមាន​គោលបំណង​ដូចគ្នា ដើម្បី​ឲ្យ​ប្រព័ន្ធ​ទំនាក់ទំនង​ការងារ និង​សេវា​ដោះ​ស្រោ​យ​វិវាទ​ការងារ​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព បង្កើន​ការយល់ដឹង​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​លើកកម្ពស់​សុចរិត​ភាព និង​និរន្តរភាព​របស់​ស្ថាប័ន​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​៕

Tag:
 ជំនួយ​
  ទំនាស់​
  ស៊ុត​អែ​ត​
  USAID
© រក្សាសិទ្ធិដោយ thmeythmey.com