អន្តរជាតិ
អគ្គនាយក​នៃ​អង្គការ WHO និយាយថា​ការ​រាលដាល​មេរោគ​វីរុស​កូ​រ៉ូ​ណា​នៅក្រៅ​ប្រទេស​ចិន​ជា​កង្វល់​ធំ​បំផុត​របស់​ពិភពលោក​
28, Feb 2020 , 7:59 pm        
រូបភាព
លោក Tedros Adhanom Ghebreyesus បាន​មានប្រសាសន៍ នៅ​ក្នុង​សន្និសីទ​ព័ត៌មានអំពី​វីរុស​កូរ៉ូណាកាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Tedros Adhanom Ghebreyesus បាន​មានប្រសាសន៍ នៅ​ក្នុង​សន្និសីទ​ព័ត៌មានអំពី​វីរុស​កូរ៉ូណាកាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា​WHO បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ការ​រាលដាល​មេរោគ​វីរុស​កូ​រ៉ូ​ណា​នៅ​ខាងក្រៅ​ប្រទេស​ចិន​នៅពេលនេះ​ជា​«​កង្វល់​ធំ​បំផុត​»​របស់​ពិភពលោក​។​

 
​លោក Tedros Adhanom Ghebreyesus បាន​មានប្រសាសន៍ប្រាប់​ពួក​អ្នកកាសែត​នៅក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ​របស់លោក​ក្នុង​ក្រុង Geneve ថា «​អ្វីដែល​កំពុង​កើតមាន​នៅក្រៅ​ប្រទេស​ចិន​នៅពេលនេះ​ជា​កង្វល់​ធំ​បំផុត​របស់​យើង​»​។​
 
​លោក​អគ្គនាយក​រូបនេះ​នៃ​អង្គការ WHO បាន​និយាយថា​សហគមន៍​សាកល​ឋិត​នៅ​«​ចំណុច​នៃ​ការធ្វើ​សេចក្តីសម្រេច​ធំ​មួយ​»​ក៏ប៉ុន្តែ​«​ប្រសិនបើ​លោកអ្នក​ចាត់វិធានការ​ខ្លាំងក្លា​នៅពេលនេះ​លោកអ្នក​អាច​ទប់​ទល់នឹង​មេរោគ​វីរុស​នេះ​បាន​។​
 
​លោកអ្នក​អាច​បញ្ចៀស​កុំឱ្យ​មនុស្ស​មាន​ជំងឺ​នេះ​បាន​។ លោកអ្នក​អាចជួយ​ជីវិត​មនុស្ស​»​។​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពួក​មន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង​បាន​និយាយថា​មាន​ករណី​អ្នកជំងឺ​នេះ​៥០៥​នាក់​ថែមទៀត​ដោយ​កើនឡើង​ទាំងអស់​ដល់​១​ពាន់​៧​រយ​៦៦​នាក់​ហើយ​។​
 
​លោកនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន Shinzo Abe បាន​អំពាវនាវ​ឱ្យ​បិទ​សាលារៀន​បួន​ប្រាំ​អាទិត្យ​។ ការអំពាវនាវ​របស់​លោក Abe មាន​ឡើង​ក្រោយពី​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រាប់​ប្រជារាស្ត្រ​ឱ្យ​ចៀសវាង​កុំទៅ​កាន់ការ​ប្រមូលផ្តុំ​គ្នា​ធំៗ​ហើយ​សមាគម​កីឡា​បានសម្រេច​ថាឱ្យ​លប់ចោល​ការប្រកួត​ឬមួយ​ធ្វើការ​ប្រកួត​ដោយ​គ្មាន​អ្នក​ទៅ​មើល​ដើម្បី​ខិតខំ​ព្យាយាម​បញ្ចៀស​កុំឱ្យ​មេរោគ​នេះ​រាលដាល​ថែមទៀត​។​
 
​ប្រទេស​ជប៉ុន​មាន​ករ​ណី​អ្នកជំងឺ​នេះ​ប្រមាណ​២០០​នាក់ ដោយ​មិន​គិត​ករណី​ជាង​៧០០​ពី​នាវា​កម្សាន្ត​មួយគ្រឿង​ដែល​បាន​ត្រូវដាក់​ឱ្យនៅ​ដាច់​ពី​គេ​ជាច្រើន​សប្តាហ៍​នៅក្នុង​ក្រុង​Yokohama៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​​

© រក្សាសិទ្ធិដោយ thmeythmey.com