COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ អូឡាំពិក​ក្រុង​តូ​ក្យូ បន្ត​ឬ​ផ្អាក នឹង​សម្រេច​ជាថ្មី​នៅ​សប្តាហ៍​ក្រោយ​
28, Feb 2020 , 10:19 pm        
រូបភាព
​អ្នកនាំពាក្យ​គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត​កីឡា​អូឡាំពិក នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​នេះ​អះអាង ថា​កម្មវិធី​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ នឹង​ប្រកាស​ចុងក្រោយ​ថា​ដំណើរការ ឬ​មិន​ដំណើរការ​នៅ​សប្តាហ៍​ក្រោយ​។ ការលើកឡើង​បែបនេះ ក៏​ព្រោះ​ដោយសារតែ​ការរីក​រាលដាល​ខ្លាំង​នៃ​កូ​រ៉ូ​ណាវី​រុស (COVID-19) ក្នុងប្រទេស​ជប៉ុន​។​


 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែកុម្ភៈ ករណី​ឆ្លង ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅ​ជប៉ុន​មាន​ចំនួន​១៨៧ និង​៨​នាក់​ស្លាប់​។ នៅលើ​នាវា Diamond Princess វិញ ករណី​ឆ្លង​មាន​ច្រើនជាង​៧០០​ឯណោះ​។ COVID-19 បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការប្រកួត​កីឡា​ជាច្រើន​នៅ​តំបន់​អាស៊ី រហូត​ត្រូវ​បង្ខំចិត្ត​លុបចោល​ការ​ប្រក​យ​ត និង​ពន្យារពេល​។​
 
​នាយក​ប្រតិបត្តិ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​លោក Toshiro Muto ថា​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ បាន​បង្កើត​ក្រុមការងារ​ដើម្បី​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​កូ​រ៉ូ​ណា​វីរុស​ដែល​បានសម្លាប់​មនុស្ស​ជា​បន្ត​បន្តា​ប់​។ លោក​ថែមទាំង​ធ្លាប់បាន​សន្យាថា​ការប្រកួត​កីឡា​លំដាប់​ពិភពលោក​នេះ​នឹងមិន​ត្រូវ​បង្អាក់​ឡើយ​។​
 
​ស្របពេល​គ្នា​នេះ​លោក Muto ក៏​បង្ហាញ​ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​នៃ​មេរោគ COVID-19 ដែល​អាច​សម្លាប់​មនុស្ស​អំឡុង​ការប្រកួត​កីឡា​រដូវក្តៅ​នៅក្នុង​ប្រទេស​ជប៉ុន​នេះ​។ លោក​ថែមទាំង​សង្ឃឹមថា វីរុស​ថ្មី​ក្នុងប្រទេស​ចិន​នេះ នឹង​អាច​រក​វិធី​ទប់ស្កាត់បាន​យ៉ាង​ឆាប់រហ័ស ដើម្បី​បង្កើន​ទំនុកចិត្ត​ក្នុងការ​ឈានទៅ​កាន់ការ​ប្រកួត​កីឡា​លំដាប់​ពិភពលោក​នា​ខែកក្កដា ខាងមុខ​។​
 
​បើទោះជា​ធ្លាប់​បានលើកឡើង​បែបនេះ​ក្តី ស្របពេល​វីរុស​ដ៏​កាច​សាហាវ​នេះ​បាន​វាយលុក​កាន់តែខ្លាំង​ឡើង​នៅ​ទឹកដី​ជប៉ុន និង​តំបន់​អាស៊ី​ផ្សេងទៀត​នា​រយៈពេល​ចុងក្រោយ​នេះ ទើប​តម្រូវ​ឲ្យ​មានការ​សម្រេចចិត្ត​ជាថ្មី​អំពី​ដំណើរការ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ ថា​តើ​ត្រូវ​ផ្អាក ឬ​បន្ត​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី​២៤ ខែកក្កដា ខាងមុខនេះ​។ សម្រេច​បែបណា​នោះ នឹង​ដឹង​លទ្ធផល​នៅ​សប្តាហ៍​ក្រោយ​នេះហើយ​៕

Tag:
 កីឡា​អូឡាំពិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com