កីឡាជាតិ
ជាតិ
បឹងកេត​ប៉ះ​ណាហ្គា​វើ​ល ខណៈ​ភ្នំពេញ​ក្រោ​ន និង​អគ្គិសនី​ទទួលភ្ញៀវ​រៀងៗ​ខ្លួន​
29, Feb 2020 , 8:30 am        
រូបភាព
កីឡាករ ម៉ាត់ នូរុណ អបអរក្រោយរកគ្រាប់បាល់បាន១គ្រាប់ឲ្យបឹងកេតក្នុងជំនួបជាមួយអង្គរថាយហ្គឺរ, រូបភាពពី CNCC
កីឡាករ ម៉ាត់ នូរុណ អបអរក្រោយរកគ្រាប់បាល់បាន១គ្រាប់ឲ្យបឹងកេតក្នុងជំនួបជាមួយអង្គរថាយហ្គឺរ, រូបភាពពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​ការប្រកួត​សប្តាហ៍​ទី​៣ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ មានការ​ប្រកួត​ចំនួន​បី​គូ​។ ក្នុងនោះ​បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​ណាហ្គា​វើ​ល ខណៈ​អគ្គិសនី​កម្ពុជា​ទទួល​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី មុន​ភ្នំពេញ​ក្រោ​ន​តទល់​ជាមួយ​អាស៊ី​អឺរ៉ុប​។​

 
​ក្រោយ​យកឈ្នះ​វិសាខា ១-០ កាលពី​សប្តាហ៍​មុន ក្រុម​បឹងកេត​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ​ទទួលភ្ញៀវ​ណាហ្គា​វើ​ល ដែល​យក​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-១​។ ការប្រកួត​ធ្វើឡើង​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​២៩ កុម្ភៈ នា​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ​។ បើ​មើ​លពី​ប្រវត្តិ​ជួបគ្នា​ពីរលើក​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​កាលពី​ឆ្នាំ​២០១៩ ណាហ្គា​វើ​ល​មិនដែល​យកឈ្នះ​បឹងកេត​នោះទេ ដោយ​ពួកគេ​ចាញ់​បឹងកេត ២-០ នៅ​ជើង​ទី​១ និង​ស្មើ ១-១ នៅ​ជើង​ទី​២​។ នេះ​ជាការ​ប្រកួត​ដ៏​ជក់ចិត្ត និង​តានតឹង​ប្រចាំ​សប្តាហ៍​នេះ ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធសឹង​មាន​សមត្ថ​ភាពខ្លាំង និង​សម្បូរ​កីឡាករ​មានគុណ​ភាពដូចគ្នា​។ 
 
​នៅ​ម៉ោង​៣:៣០​នាទី​ថ្ងៃ​សៅរ៍​នេះដែរ ក្រុម​ប្រើប្រាស់​ធនធាន​កីឡាករ​ខ្មែរ​សុទ្ធ​អគ្គិសនី​កម្ពុជា ត្រូវ​តទល់​ជាមួយ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ដែល​ប្រើប្រាស់​កីឡាករ​ខ្មែរ​សុទ្ធ​ដូចគ្នា នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា​។ នា​ជំនួប​បើកឆាក​របស់ខ្លួន​អគ្គិសនី​កម្ពុជា​ចាញ់​ភ្នំពេញ​ក្រោ​ន ៣-០ ខណៈ U18 បាទី​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​ក្រសួងការពារជាតិ និង​ចាញ់​ភ្នំពេញ​ក្រោ​ន ៧-០ កាលពី​សប្តាហ៍​មុន​។ 
 
​ដោយឡែក​ក្រុម​ភ្នំពេញ​ក្រោ​ន​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​អាស៊ី​អឺរ៉ុប​នៅ​ម៉ោង​៦​ល្ងាច​។ សម្រាប់​ការប្រកួត​ពីរលើក​កន្លងមក​ភ្នំពេញ​ក្រោ​ន​ទទួលបាន​ជ័យជម្នះ​ទាំងពីរ​ប្រកួត ក្នុងនោះ​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-០ និង​ឈ្នះ U18 បាទី ៧-០ ខណៈ​អាស៊ី​អឺរ៉ុប​ចាញ់​ក្រសួងការពារជាតិ ២-០ និង​ឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១-០​។ បើ​មើ​លពី​ប្រវត្តិ​ជួបគ្នា​ពីរ​ជើង​ក្នុង​ព្រឹត្តិការណ៍​នេះ​កាលពី​ឆ្នាំ​២០១៩ ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អាស៊ី​អឺរ៉ុប​ទាំងពីរ​ជើង ដោយ​លទ្ធផល ១-០ និង ៤-៣៕ 
 

Tag:
 Cambodian League 2020
  បឹងកេត​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com