ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោង​កាត់​តំបន់​អរិយ​ក្សត្រ ចូល​រាជធានី​ភ្នំពេញ នាពេលខាងមុខ​
29, Feb 2020 , 9:32 am        
រូបភាព
​ភ្នំពេញ​៖ តំបន់​អរិយ​ក្សត្រ ទំនងជា​ត្រូវ​កាត់​ចូល​រាជធានី​ភ្នំពេញ​ទៀត នាពេលខាងមុខ​។ សម្ដេច ហ៊ុន សែន បាន​បង្ហើប​ពី​ទិសដៅ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​បែបនេះ នៅក្នុង​ពិធី​ស្រោចស្រព​ព្រះ​សុគន្ធវារី ប្រគេន​សម្តេចព្រះ​សង្ឃនាយក​រង​៣​ព្រះអង្គ នៅ​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ​។​


​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា តំបន់​អរិយ​ក្សត្រ នឹង​ក្លាយជា​ខណ្ឌ​មួយ ចំណុះឱ្យ​រាជធានី​ភ្នំពេញ ក្រោយពី​មានការ​រៀបចំ​សាងសង់​ស្ពាន​ឆ្លង​ទៅដល់​ទីនោះ​។ រដ្ឋាភិបាល​គ្រោង​សាងសង់​ស្ពាន​ចំនួន​ពីរ ឆ្ពោះទៅ​អរិយ​ក្សត្រ ដោយ​ស្ពាន​មួយ ភ្ជាប់​ពី​ម្ដុំ​ជ្រោយចង្វារ​ទៅកាន់​ស្រុក​ស្វាយជ្រុំ និង​ស្ពាន​ពី​តំបន់​ក្តី​តា​កុយ នៃ​ខណ្ឌ​ច្បារអំពៅ ទៅកាន់​ស្រុក​ល្វាឯម នៃ​ខេត្តកណ្ដាល​។



«​បើ​ថា ធ្វើ​ស្ពាន​ចម្លង​រួចហើយ កាត់​តាំងពី​អរិយ​ក្សត្រ និង​ល្វាឯម (​ខេត្តកណ្ដាល​) ដើម្បី​យកមក​ចូល​ភ្នំពេញ​ថែមទៀត អាហ្នឹង​ទៅជា​ខណ្ឌ​មួយ របស់​ភ្នំពេញ ។ ប៉ុន្តែ​និយាយ​អ៊ីចឹង​ដី​ឡើងថ្លៃ​ងាប់​ហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​កន្លងមក​សម្ដេច ហ៊ុន សែន បានស្នើ​សុំឱ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង ជួយ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ពី​តំបន់​ជ្រោយចង្វារ​ឆ្ពោះទៅ​តំបន់​ស្វាយជ្រុំ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ផងដែរ​៕

Tag:
 ហ៊ុន សែន​
  អរិយ​ក្សត្រ​
  ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com