ជាតិ
​​​ន​យោ​បាយ​ជាតិ​
ត្រាំ លើក​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​- អាមេរិក ដើម្បី​ទុកពេល​ប្រយុទ្ធប្រឆាំង COVID-19
29, Feb 2020 , 11:20 am        
រូបភាព
Donald Trump និងមេដឹកនាំអាស៊ានថតរូបជុំគ្រួសារក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិកនៅទីក្រុងម៉ានីលនាថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៧ (រូបថតពី ស្ថានទូតអាមេរិកប្រចាំនៅឡាវ)
Donald Trump និងមេដឹកនាំអាស៊ានថតរូបជុំគ្រួសារក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិកនៅទីក្រុងម៉ានីលនាថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៧ (រូបថតពី ស្ថានទូតអាមេរិកប្រចាំនៅឡាវ)
 
​ភ្នំពេញ​៖ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ សម្រេច​លើក​ពេល​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​- អាមេរិក ដើម្បី​យក​ពេលវេលា​ទៅ​ផ្ដោតលើ​ការប្រយុទ្ធប្រឆាំង​មេរោគ​កូ​រ៉ូ​ណា​ថ្មី COVID-19​។ នេះ​បើតាម​លិខិត​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ដែល​បាន​ជូនដំណឹង​ដល់​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាល​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០២០​។


​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ដែល​ទទួលបាន​ព័ត៌មាន​ពី​លោក David Stilwell ជំនួយការ​រដ្ឋ​ម​ន្រី្ត​ការបរទេស ទទួលបន្ទុក​កិច្ចការ​អាស៊ី​និង​ប៉ាស៊ីហ្វិក និង​លោក Mattew Pottinger ជំនួយការ​របស់​ប្រធានាធិបតី ដោយបាន​ប្រាប់​ឯកអគ្គ​រាជ​/​រដ្ឋទូត​អាស៊ាន តាមរយៈ​កិច្ចប្រជុំ​តាម​ទូរស័ព្ទ (Conference call) ដូច្នេះ​ថា «​លោក Donald Trump បានសម្រេច​ចិត្ត​លើក​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​។ មូលហេតុ​នៃ​លើក​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ផ្ដោត​យកចិត្តទុកដាក់​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាល​របស់​មេរោគ​កូ​រ៉ូ​ណា COVID-19»​។​
 
​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​នេះ គ្រោង​នឹង​រៀបចំ​នៅ​ពាក់កណ្ដាល​ខែមីនា​ខាងមុខ​។ ប៉ុន្តែ​ការសម្រេចចិត្ត​លើក​ពេល​ប្រជុំ​នេះ មិនបាន​កំណត់​កាលបរិច្ឆេទ​ប្រជុំ​នៅពេលណា​វិញ​នោះទេ​។ 
 
​សូ​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​ខកខាន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​បាងកក​ក​ប្រទេស​ថៃ ដោយ​ឱ្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ ជា​បេសកជន​ពិសេស​តំណាង​លោក​ចូលរួម​។​
 
​គិត​មកដល់​ថ្ងៃទី​២៨ កុម្ភៈ​នេះ អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​មាន​ជាង​៨៤០០០​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​២៩២៣​នាក់ និង​អ្នកជា​សះស្បើយ​ជិត​៤០០០០​នាក់ ។ ប្រទេស​៥៧​នៅលើ​ពិភពលោក កំពុង​រងគ្រោះ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នេះ ។ នេះ​បើតាម​តួលេខ​របស់​គណៈកម្មកា​រ​សុខាភិបាល​ជាតិចិន​៕ 

Tag:
 អាស៊ាន – អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com