ជាតិ
សង្គមជាតិ
ជើងយន្តហោះ​ទៅមក​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ជាង​៥០​ភាគរយ​
29, Feb 2020 , 1:30 pm        
រូបភាព
កាមេរ៉ា​សីតុណ្ហភាព​ត្រូវ​បាន​គេ​​ដាក់​​​ដើម្បី​ពិនិត្យ​​អ្នក​ដំណើរ​មក​ដល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០។
កាមេរ៉ា​សីតុណ្ហភាព​ត្រូវ​បាន​គេ​​ដាក់​​​ដើម្បី​ពិនិត្យ​​អ្នក​ដំណើរ​មក​ដល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២០។
ដោយ: VOA
​កម្ពុជា​កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​នៃ​ជើងយន្តហោះ​ប្រមាណ​៥០​ភាគរយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​នៅ​ខែកុម្ភៈ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន បន្ទាប់ពី​វីរុស​កូ​រ៉ូ​ណា Covid-19 ដែល​កើតឡើង​នៅ​ប្រទេស​ចិន បាន​ឆ្លង​ទៅដល់​ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​។​

 
​តាម​ការរំពឹងទុករ​បស់​ក្រុមហ៊ុន Cambodia Airport ជើងយន្តហោះ​ទាំង​ទៅ​ទាំង​មក​សរុប​នៅ​ដំណាច់ខែ​កុម្ភៈ​នេះ​នឹងមាន​ការធ្លាក់​៥០​ភាគរយ ដោយសារ​ជំងឺឆ្លង Covid-19​។ នេះ​យោងតាម​លោក ខែ​ក ន​រិ​ន​ដា នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៅ​ក្រុមហ៊ុន Cambodia Airport​។​
 
​លោក​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក​ថា​៖ «​ដោយសារតែ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា ចរាចរ​នៃ​អ្នកដំណើរ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ យើង​រំពឹងថា​នឹងមាន​ការធ្លាក់ចុះ​៥០​ភាគរយ​នៅ​ចុងខែ​កុម្ភៈ​នេះ ទាំងបី​អាកាសយានដ្ឋាន បើ​ប្រៀបធៀប​នឹង​ខែកុម្ភៈ​ឆ្នាំមុន​»​។​
 
​លោក​បាន​បន្តថា ជើងយន្តហោះ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​ក្នុង​រយៈពេល​បី​ខែ​ក្នុង​ឆ្នាំ​២០១៩​មានការ​ធ្លាក់ចុះ​៣,១​ភាគរយ  ហើយ​ជើងយន្តហោះ​នៅ​ខេត្ត​ព្រះសីហនុ​មានការ​ធ្លាក់ចុះ​យ៉ាងគំហុក​បន្ទាប់ពី​មានការ​ផ្ទុះ​ឆ្លង​វីរុស Covid-19​។​
 
​លោក​បាន​បន្តថា​មាន​៖ «​ក្រុមហ៊ុន​ហោះហើរ​ជាច្រើន​បាន​បន្ថយ ឬ​លុបចោល​ជើងយន្តហោះ​ដោយសារតែ​តម្រូវការ​ធ្លាក់ចុះ ដែល​ការណ៍​នេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចកម្ពុជា​និង​អាកាសយានដ្ឋាន​កម្ពុជា​»​។​
 
​លោក ខែ​ក ន​រិ​ន​ដា បាន​ឲ្យ​ដឹងថា លោក​មិនទាន់​អាច​កំណត់​ផលប៉ះពាល់​បាន​នៅឡើយ​ទេ​ពេលនេះ​។​
 
​ប៉ុន្តែ​លោក​ថា ជើងយន្តហោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មានការ​ធ្លាក់ចុះ​៦២​ភាគរយ នៅ​សៀមរាប​៦០​ភាគរយ និង​៤០​ភាគរយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅត្រឹម​ខែកុម្ភៈ​។​
 
VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការអធិប្បាយ​ពី​លោក​ជា អូន អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល  តែ​មិនអាច​ទាក់ទង​បាន​នោះទេ រហូតមកដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។​
 
​ចាប់តាំងពី​មានការ​ផ្ទុះ​វីរុស Covid-19 ដែលមាន​ប្រភព​មកពី​ប្រទេស​ចិន​នេះ​មក ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន​បានប្រកាសថា កម្ពុជា​នឹងមិន​បិទ​ជើងយន្តហោះ​ទៅ​ឬ​មកពី​ប្រទេស​ចិន​នោះទេ​។​
 
​យ៉ាងណាក៏ដោយ អ្នកស្រី​ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​កម្ពុ​ជា និយាយថា ភ្ញៀវទេសចរ​បរទេស​ជាច្រើន​បាន​លុបចោល​ការ​កក់​ការ​ស្នាក់​នៅតាម​សណ្ឋាគារ​និង​សេវាកម្ម​ទេសចរ​ផ្សេងៗ​ហើយ ក្នុងនោះ​គឺមាន​ភ្ញៀវទេសចរ​ចិន​ជាង​៩០​ភាគរយ​។​
 
​អ្នកស្រី​បាន​និយាយថា​៖ «​បារម្ភ​រឿង​អត់​ភ្ញៀវ​។ ផ្នែក​ខាង​ទេសចរ​គឺ​យើង​អាស្រ័យទៅលើ​ភ្ញៀវ​អ៊ីចឹង​ណា៎​។ បើ​ភ្ញៀវ​អត់​មក​យើង​បាន​អី​រស់​។ តើ​យើង​អាចឈរជើង​នឹង​អត់ ព្រោះ​យើង​ត្រូវការ​ចំណាយ​ជា​រៀងរាល់​ថ្ងៃជា​រៀងរាល់ខែ​»​។​
 
VOA មិនអាច​ទាក់ទង​លោក​តុ​ប សុភ័ក អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ទេសចរ​បានទេ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​។​
 
​ជំងឺឆ្លង​វីរុស Covid-19 ឬ​វីរុស​កូ​រ៉ូ​ណា​បាន​ផ្ទុះ​តាំងពី​ខែមករា​ចេញមក​ពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉េ​ប្រទេស​ចិន ហើយ​ឥឡូវ​បាន​រាលដាល​ពាសពេញ​ពិភពលោក ដូចជា​កូរ៉េខាងត្បូង ជប៉ុន ថៃ​អ៊ីតាលី អ៊ីរ៉ង់ និង​សហរដ្ឋអាមេរិក​ជាដើម នៅ​ដើមឆ្នាំ​២០២០​នេះ​។​
 
​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក គិត​ត្រឹម​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ​មាន​មនុស្ស​ជាង​៨​ម៉ឺន​នាក់​ឆ្លង និង​ជាង​២.៧០០​នាក់​ស្លាប់​៕​

© រក្សាសិទ្ធិដោយ thmeythmey.com