អន្តរជាតិ
នយោបាយអន្តរជាតិ
សម្ព័ន្ធភាព PH ប្រកាសគាំទ្រលោកមហាធៀពេញទំហឹងធ្វើនាយករដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់
× សម្ព័ន្ធភាព Pakatan Harapan (PH) នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលោក មហាធៀ មហាម៉ាត់ ឲ្យក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្ទាប់។ ការប្រកាសបែបនេះ ធ្វើឡើង៣ថ្ងៃក្រោយតែងតាំងលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) សម្រាប់ជាបេក្ខភាពតំណែងកំពូលនេះ។
ក្នុងសេចក្តីថ្លែងការណ៍ សម្ព័ន្ធភាពនយោបាយនេះ បានសរសេរថា ខ្លួនបន្តតតាំងក្នុងគោលដៅប្រកាន់ខ្ជាប់នូវសេចក្តីប្រកាសជាសាធារណៈស្តីពីគោលនយោបាយរបស់ខ្លួនក្នុងរដ្ឋាភិបាលនេះ។ ត្រង់នេះ ពួកគេ បញ្ជាក់បែបនេះ៖«Pakatan Harapan គឺជាសម្ព័ន្ធភាពដែលទទួលបានអាណត្តិដឹកនាំយ៉ាងច្បាស់លាស់មួយក្នុងការបោះឆ្នោតទូទៅទី១៤។ យើងប្រឆាំងរាល់កិច្ចប្រឹងប្រែងណាទាំងអស់ដែលចង់បង្កើតរដ្ឋាភិបាលទ្វារក្រោយ»។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia សេចក្តីថ្លែងការណ៍នេះ បញ្ជាក់ទៀត៖«ហេតុដូច្នេះ សម្ព័ន្ធភាព Pakatan Harapan ប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្រាប់លោកបណ្ឌិត មហាធៀ ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី»។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានបញ្ចេញជាសារធារណៈស្របពេលជាមួយនឹងសេចក្តីថ្លែងការណ៍មួយរបស់នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន មហាធៀ ដែលបានចេញមកបញ្ជាក់ថា សម្ព័ន្ធភាព Pakatan Harapan បានសម្រេចតែងតាំងលោកជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្រោយជំនួបមួយកាលពីព្រឹកថ្ងៃសៅរ៍។
«ឥឡូវនេះ ខ្ញុំជឿជាក់ថា ខ្ញុំមានចំនួនដែលត្រូវការដើម្បីប្រមូលការគាំទ្រលើសលប់ក្នុងសភា (Dewan Rakyat)។ ដូច្នេះហើយ ខ្ញុំត្រៀមខ្លួនដើម្បីឈរជាបេក្ខភាពអនាគតសម្រាប់តំណែងនាយយករដ្ឋមន្ត្រី»។ លោក មហាធៀ បញ្ជាក់បែបនេះ។
សភាជាន់ទាបម៉ាឡេស៊ី (Dewan Rakyat) មានកៅអី ២២២ អាសនៈ។ ដើម្បីបង្កើតរដ្ឋាភិបាលបាន វាត្រូវបានសំឡេងគាំទ្រក្នុងសភា ១១២ ។
សម្ព័ន្ធភាព Pakatan Harapan មានសមាជិកសភា ៩៣នាក់មកពីបក្សចំនួន ៣ រួមមាន បក្ស PKR, បក្ស DAP និងបក្ស Parti Amanah Negara ។ លោកមហាធៀ ស្ថិតនៅបក្ស Bersatu ដែលបានសម្រេចចាកចេញពីសម្ព័ន្ធ PH កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ជាមួយការចាកចេញរបស់បក្ស Bersatu ដែលមានសមាជិកសភា ២៦នាក់ និងការចាកចេញរបស់សមាជិកសភាមកពីបក្ស PKR រដ្ឋាភិបាលចម្រុះ PH បានបាត់បង់សំឡេងគាំទ្រភាគច្រើនលស់លប់។
សូមបញ្ជាក់ថា លោក អាន់វ៉ា បានប្រកាសក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍នេះថា សម្ព័ន្ធភាព PH បានតែងតាំងលោកជាបេក្ខភាពនាយករដ្ឋមន្ត្រី។ ហើយកាលពីថ្ងៃសុក្រទី ២៨ ខែកុម្ភៈ បក្ស Bersatu បានចេញសេចក្តីថ្លែងការណ៍តែងតាំងលោក Muhyiddin Yassin ប្រធានបក្ស Bersatu ជាបេក្ខភាពនាយករដ្ឋមន្ត្រី៕
Tag:
ម៉ាឡេស៊ី
មហាធៀមហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com