ប្រធាន WHO៖ «​សត្រូវ​ធំ​បំផុត​របស់​យើង​ពុំមែន COVID-19 តែ​ភាពភ័យខ្លាច​»
សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រធាន WHO៖ «​សត្រូវ​ធំ​បំផុត​របស់​យើង​ពុំមែន COVID-19 តែ​ភាពភ័យខ្លាច​»
29, Feb 2020 , 2:59 pm        
រូបភាព
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus  (Twitter-WHO)
អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus (Twitter-WHO)
​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ដំឡើង​ការវាយតម្លៃ​ហានិភ័យ​ជា​សាកល​នៃ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ដល់​កម្រិត​ខ្ពស់បំផុត ខណៈ​វីរុស​នេះ​បាន​ឆ្លង​ជិត​៦០​ប្រទេស​នៅ​ទូទាំង​ពិភពលោក​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៩ ខែកុម្ភៈ ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា​សរុប​មាន​ជាង​៨៤០០០​នាក់​ហើយ និង​ស្លាប់​ជិត​៣​ពាន់​នាក់​។

 
«​ឥឡូវនេះ យើង​បានសម្រេច​ដំឡើង​ការវាយតម្លៃ​ហានិភ័យ​ការ​រាលដាល និង​ហានិភ័យ​ផលប៉ះពាល់​នៃ COVID-19 ដល់​កម្រិត​ខ្ពស់បំផុត នៅ​កម្រិត​សាកល​»​។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ​។ 
 
​យ៉ាងណាមិញ លោក បន្តថា​៖«​យើង​ពុំទាន់​មើលឃើញ​ភស្តុតាង​ណាមួយ​នៅឡើយ​ទេ​ពាក់ព័ន្ធ​នឹង​រឿង​ថា វីរុស​នេះ កំពុង​ផ្ទុះ​រាលដាល​ដោយ​សេរី​ក្នុង​សហគមន៍​នានា​។ ដរាបណា​ស្ថានការណ៍​ស្ថិត​បែបនេះ យើង​នៅតែ​មានឱកាស​ទប់ស្កាត់​វីរុស​នេះ​បាន​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​អគ្គនាយក Tedros និយាយ​បន្តទៀតថា គន្លឹះ​ដ៏​សំខាន់​នៃ​ការទប់ស្កាត់​វីរុស​នេះ គឺ​បំបែក​សង្វាក់​នៃ​ការចម្លង​។ ត្រង់នេះ លោក សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​បុគ្គល​ម្នាក់ៗ​ក្នុងការ​ចាត់វិធានកា​រ​បង្ការ​ទុកជាមុន​ដើម្បី​បញ្ឈប់​ការឆ្លង​នៃ​ជំងឺ COVID-19 ។ 
 
«​សត្រូវ​ធំ​បំផុត​របស់​យើង គឺ​ពុំមែន​ជា វីរុស (COVID-19) នោះទេ តែ​វា​គឺជា​ភាពភ័យខ្លាច​, ពាក្យ​ចចាមអារ៉ាម និង​ការរើសអើង​ក្នុងសង្គម​»​។ លោក Tedros អះអាង​បែបនេះ ដោយ​បន្ថែមថា ការចាំបាច់​បំផុត​របស់​ពិភពលោក​ពេលនេះ គឺជា ការពិត​, ហេតុផល និង​សាមគ្គីភាព​។ 
 
​ដូចគ្នានេះដែរ អ​គគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres សង្កត់ធ្ងន់ថា​៖«​វា​ពុំមែន​ជា​ពេលវេលា​សម្រាប់​ការភិតភ័យ​ទេ​។ វា​គឺជា​ពេលវេលា​សម្រាប់​ការត្រៀមខ្លួន ហើយ​ត្រៀមខ្លួន​យ៉ាង​ពេញលេញ​ផងដែរ​»៕
 
 

Tag:
 អង្គការ​សុខភាព​ពិភពលោក​
  WHO
  Tedros Adhanom Ghebreyesus
© រក្សាសិទ្ធិដោយ thmeythmey.com