អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីតរដ្ឋមន្ត្រី​វ័យក្មេង​ម៉ាឡេស៊ី​៖ «​ខ្ញុំ​នឹងមិន​ធ្វើការ​ជាមួយ​ពួក​ពុករលួយ​ដាច់ខាត​»
29, Feb 2020 , 7:39 pm        
រូបភាព
លោកអតីតរដ្ឋមន្ត្រីយុវជននិងកីឡាម៉ាឡេស៊ី  លោក Syed Saddiq Abdul Rahman (MalayMail)
លោកអតីតរដ្ឋមន្ត្រីយុវជននិងកីឡាម៉ាឡេស៊ី លោក Syed Saddiq Abdul Rahman (MalayMail)
ដោយ:
 ​អតីតរដ្ឋមន្ត្រី​យុវជន​និង​កីឡា​ម៉ាឡេស៊ី និង​សមាជិកសភា​បក្ស Bersatu លោក Syed Saddiq Abdul Rahman បាន​ប្រឆាំងនឹង​ការប៉ុនប៉ង​របស់​បក្ស​លោក​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​រាប់បញ្ចូល​បក្ស UMNO របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​។

 
«​ខ្ញុំ ក្លាយជា​អ្នកនយោបាយ​ចំ​ពេលដែល​ប្រទេស​ខ្ញុំ ត្រូវបាន​សម្លឹងមើល​ដោយ​ក្រសែភ្នែក​មើលងាយ​ពី​សំណាក់​ពិភពលោក និង​អាម៉ាស់មុខ​ដោយ​អំពើពុករលួយ​»​។ លោក​អតីត​រដ្ឋមន្ត្រី​វ័យក្មេង Syed Saddiq និយាយ​បែបនេះ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៩ ខែកុម្ភៈ ដោយ​បន្ថែមថា លោក​ជឿជាក់ថា ប្រជាជន​ម៉ាឡេស៊ី មាន​សិទ្ធិ​ក្នុងការ​ទទួលបាន​រដ្ឋា​ភិ​បាល​ដ៏​ល្អប្រសើរ​មួយ ដោយ​គ្មាន​អំពើពុករលួយ ហើយ​មាន​ការគោរព និង​សេចក្តីថ្លៃថ្នូរ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Malaysiakini  លោក Syed Saddiq សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​នឹងមិន​ធ្វើការ​ជាមួយ​ពួក​ពុករលួយ​ដាច់ខាត […] ខ្ញុំ​នឹងមិន​បង្កើត​រដ្ឋាភិបាល​ជាមួយ​ពួកគេ​ឡើយ (​បក្ស UMNO)»​។ 
 
​ម្យ៉ាងវិញទៀត លោក​អតីតរដ្ឋមន្ត្រី​វ័យក្មេង​រូបនេះ បានបញ្ជាក់​ទៀតថា លោក​ពុំបាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ណាមួយ​ដើម្បី​តែងតាំង​លោក Muhyiddin Yassin ប្រធាន​បក្ស Bersatu ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ឡើយ​។ ត្រង់ចំណុច​នេះ ប្រធាន​យុវជន​បក្ស Bersatu នេះ អះអាង​ដូច្នេះ​ថា​៖«​វា​គឺជា​រឿង​កុហក​។ លោក មហា​ធៀ មហាម៉ាត់ និង​ខ្ញុំ ពុំបាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​បក្ស Bersatu ស្នើ​តែងតាំង Muhyiddin ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ទី​៨​ឡើយ​»​។ 
 
​ទោះបីជា​បក្ស Bersatu កាលពី​ថ្មីៗ​នេះ បាន​អះអាង​ជា​សាធារណៈ​ថា​សមាជិកសភា​ទាំង​៣៦​របស់ខ្លួន រួមទាំង​អ្នក​ចុះចូល​មកពី (PKR) របស់លោក​អាន់​វ៉ា​ផង​នោះ កំពុង​គាំទ្រ​លោក Muhyiddin Yassin ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី គេ​មើលឃើញថា បក្ស​នេះ​បាន​បែកខ្ញែក​ជា​ពីរ​។ សមាជិកសភា​ខ្លះ កំពុង​ឈរ​ខាង​លោក មហា​ធៀ ដែល​ប្រកាន់​ជំហរ​មិន​ធ្វើការ​ជាមួយ​បក្ស UMNO ដែល​មេដឹកនាំ​មួយចំនួន​របស់​បក្ស​នេះ ប្រឈម​នឹង​សំណុំរឿង​ពុករលួយ​៕  
 
 
 
 

Tag:
 ម៉ាឡេស៊ី​
  Syed Saddiq Abdul Rahman
© រក្សាសិទ្ធិដោយ thmeythmey.com