ភ្នំពេញ៖ ធាងដូង ស្លឹកត្នោត ផ្លែស្លា អំពៅ ក្រូចឆ្មារ ស្លឹកប្រទាល ផ្លែលឿងរាជ ផ្ការាំងភ្នំ និងផ្កាចំប៉ី ជាដើម គឺជាធាតុផ្សំដើម្បីយកទៅធ្វើជាខ្លោងទ្វាររោងមង្គលការ ដោយច្នៃភ្ជាប់រចនាបទប្រាសាទបុរាណនានា ដែលមើលទៅមានភាពស្រស់ស្អាតគួរគាប់ភ្នែក។ វត្ថុខាងលើសុទ្ធសឹងតែជាធនធានធម្មជាតិក្នុងស្រុក ដែលងាយរកនិងមានតម្លៃធូរថ្លៃ។ លោក សេក វិសាល យល់ថាការយកធនធានធម្មជាតិក្នុងស្រុកមកច្នៃបែបនេះ គឺជាផ្នែកមួយជួយជីវភាពប្រជាជន ព្រមទាំងអាចជួយបរិស្ថានផងដែរ។
តទៅនេះ សូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖
មានស្រុកកំណើតនៅខេត្តស្វាយរៀង វិសាល ដែលមានរាងខ្ពស់ស្រឡះសម្បុរស អះអាងថាក្រោយពីលោកបានច្នៃធាងដូងធ្វើខ្លោងទ្វាររោងពិធីអាពាហ៍ពិពាហ៍ នៅខេត្តកណ្ដាលកាលពីពេលកន្លងទៅ បានធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនពីអ្នកដែលគ្រោងនឹងរៀបអាពាហ៍ពិពាហ៍៖«ខ្ញុំទើបតែចាប់ផ្ដើមធ្វើរោងការនេះ ដូច្នេះឱ្យវាដើរមួយសិន ទើបខ្ញុំរកគំនិតច្នៃបន្ថែមទៅលើកម្មវិធីផ្សេងៗទៀត។ អ្នកទាក់ទងច្រើន សួរពីតម្លៃ សួរពីរចនាប័ទ្ម ដែលយើងធ្វើហ្នឹងថាអស់ប៉ុន្មាន? អ្នកខ្លះគាត់កក់បាន២ទៅ៣រោងហើយ អ្នកខ្លះទៀតគាត់សួរចង់ដឹងពីតម្លៃសិន។ ភាគច្រើនអ្នកសួររស់នៅភ្នំពេញ»។
ទើបតែចាប់ផ្ដើមមុខរបរធ្វើខ្លោងទ្វាររោងការថ្មីថ្មោង បុរសដែលកើតក្នុងគ្រួសារកសិករូបនេះចាត់ទុកថាវាជាការងារក្រៅម៉ោង បន្ថែមពីលើការងារជាគ្រូបង្រៀនគំនូររបស់ខ្លួន។ ទោះជាយ៉ាងណាតម្លៃនៃការផ្ដល់សេវាកម្មនេះ គឺអាស្រ័យទៅតាមរចនាប័ទ្ម៖«រោងទី១នេះ ខ្ញុំប្រើពេលយូរដែរអស់២យប់៣ថ្ងៃ ដាច់យប់ត្រឹមម៉ោង១២ទៅម៉ោង១ ហើយថ្ងៃចុងក្រោយដល់ម៉ោង៣ទាបភ្លឺ ដូច្នេះខ្ញុំយកពីគេតម្លៃជិត២ពាន់ដុល្លារដែរ។ តម្លៃអាស្រ័យទៅលើម៉ូត ឬក៏វត្ថុធាតុដើម»។
ដោយសារតែទើបដំណើរការដំបូង មុខរបរធ្វើខ្លោងទ្វារច្នៃពីរុក្ខជាតិក្នុងស្រុក ផ្សំនឹងរចនាប័ទ្មប្រាសាទបុរាណនេះ មិនទាន់បានរៀបចំរចនាសម្ព័ន្ធដើម្បីផ្ដល់សេវាកម្មបានត្រឹមត្រូវនៅឡើយទេ ប៉ុន្តែលោក វិសាល អះអាងថាលោកមានគម្រោងនឹងធ្វើវាឱ្យកាន់តែប្រសើរឡើងនៅថ្ងៃអនាគត៖«ខ្ញុំមិនទាន់មានសៀវភៅគំរូឱ្យភ្ញៀវមើលឡើយ គឺខ្ញុំធ្វើដោយមើលទៅតាមរចនាប័ទ្ម។ បើតម្លៃត្រូវគ្នាហើយ ខ្ញុំគូរគំរូលើក្រដាសឱ្យភ្ញៀវមើល។ ខ្ញុំគ្រោងស្រង់រចនាប័ទ្មប្រហែលជា៤ទៅ៥ម៉ូត ដើម្បីរៀបចំជាសៀវភៅគំរូម៉ូត សម្រាប់ទៅថ្ងៃអនាគត»។
បុរសកូនពៅក្នុងចំណោមបងប្អូន២នាក់រូបនេះ បញ្ជាក់បន្ថែមពីការផ្គុំរចនាប័ទ្មបុរាណ យកមកធ្វើខ្លោងទ្វារ៖«វាជាលក្ខណៈក្លាយ ដោយខ្ញុំយកពីប្រាសាទនេះបន្តិចប្រាសាទនោះបន្តិច មកផ្គុំចូលគ្នា។ ឧទាហរណ៍យើងធ្វើផ្ដែរ ខ្ញុំយករចនាប័ទ្មកំពង់ព្រះ និងរចនាប័ទ្មផ្សេងទៀតផ្សំចូលគ្នា។ ភាគច្រើនខ្ញុំផ្ដោតទៅលើតែផ្ដែរប្រាសាទទេ ព្រោះវាស្អាត បើដាក់នៅខ្លោងទ្វារវាត្រូវ ម្យ៉ាងខ្ញុំចង់បង្ហាញពីរចនាប័ទ្មប្រាសាទតាមសម័យនីមួយៗផង»។
បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាផ្នែកគំនូរវិចិត្រកម្មតាំងពីឆ្នាំ២០១៧ លោក វិសាល ដែលអង្គុយនៅក្នុងបន្ទប់គំនូរនៃសាលារចនា ធ្លាប់បានយកធាងដូងទៅច្នៃសម្អសម្រាប់កម្មវិធីរបស់សាលា កន្លងមក ហើយបន្ទាប់មកលោកក៏មានគំនិតក្នុងការច្នៃឱ្យលើសពីអ្វីដែលលោកធ្លាប់ធ្វើ៖«ទើបតែចាប់ផ្ដើមរោងដំបូង ហើយក៏ល្បីទៅ។ បើពីដំបូងខ្ញុំធ្វើតែកម្មវិធីពិព័រណ៍របស់សាលាតែប៉ុណ្ណោះ។ វាមានទំនាក់ទំនងគ្នាច្រើនដែរ ព្រោះម្ចាស់ដើមការគាត់ធ្វើការនៅសារមន្ទីរ ហើយគាត់ស្គាល់លោកគ្រូនៅសាលារចនា ហើយលោកគ្រូហ្នឹងស្គាល់ខ្ញុំ គឺស្គាល់តគ្នា ហើយគាត់ក៏ហៅខ្ញុំទៅរចនាបែបនេះឡើង។ នេះអាចជារោងទីមួយក្នុងការធ្វើរោងការបែបនេះ»។
ទោះជាយ៉ាងណាគំនិតច្នៃធាងដូងសម្រាប់ពិធីមង្គលការនេះ កើតឡើងតាមរយៈការបានឃើញគំរូរបស់មនុស្សចាស់ៗ នៅតាមភូមិស្រុកនានាដែរ៖«ភាគច្រើននៅតាមភូមិស្រុក គេមានកម្មវិធីបុណ្យ ចាស់ៗគាត់តែងតែយកស្លឹកដូងមកដាក់តាមរោងការ ឬរោងបុណ្យ។ ហើយយកមកហ្នឹងមិនមែនជាលក្ខណៈក្រងជាក្បាច់រចនាបែបនេះទេ គាត់គ្រាន់តែកាប់ឱ្យឃើញទ្រនុងស្លឹកដូង ហើយយកមកដាក់ធម្មតា ដល់អ៊ីចឹងខ្ញុំគិតថាបើយកមកក្រង ហើយច្នៃឱ្យប្លែកជាងហ្នឹងប្រហែលជាល្អ»។
ដ្បិតរៀនចប់ហើយក៏ពិតមែន ប៉ុន្តែ វិសាល ដែលមានអាយុ២៤ឆ្នាំ តែងតែមកសាលាដើម្បីជួបជុំមិត្តភ័ក្ដិគូរគំនូរ ហើយការងារធ្វើខ្លោងទ្វារស្លឹកដូងនេះក៏មានការសហការជាមួយមិត្តដទៃទៀតដែរ ដោយម្នាក់ៗមានតួនាទីផ្សេងៗគ្នា៖«ការងារនេះមានជាក្រុមជួន៣នាក់ជួន៤នាក់មិនទៀង អ្នកគាត់ចេះឱ្យគាត់ទៅជួយធ្វើ។ មានអ្នកតម្លើងជាគ្រោង អ្នកជួយរចនា ហើយខ្ញុំគ្រាន់តែច្នៃម៉ូត ឱ្យគេជួយយកទៅបំពាក់។ ខ្ញុំគ្រាន់តែធ្វើជាខ្លោងទ្វារ តែមិនមានជារោងការទាំងមូលឡើយ»។
មានសម្រស់ស្រស់ស្អាតប្លែក ខ្លោងទ្វារនេះត្រូវការពេលធ្វើយូរ នេះបើតាមលោក សេក វិសាល៖«យើងគិតជាគ្រោងគិតជាឆ្អឹងប្លង់ ដែលយើងតម្លើងហ្នឹងប្រហែលជាមួយសប្ដាហ៍មុន។ ចំពោះការរចនាបំពាក់ ប្រើពេល២យប់៣ថ្ងៃ ព្រោះវាមិនមែនដូចផ្កាទិញស្រាប់ យកទៅចាក់ដោតទេ គឺយើងត្រូវប្រើដៃផង មានស្វាន មានដំ គ្រប់បែបទាំងអស់។ ចំពោះស្លឹកដូងយើងពិបាករក ដល់តែទៅតាមជាយក្រុង ឬតាមខេត្តទើបងាយរក។ របស់ធម្មជាតិបែបនេះ តាមផ្ទះអ្នកស្រុកគាត់មិនសូវលក់ថ្លៃប៉ុន្មានដែរហ្នឹង»។
មានបំណងបំផុសគំនិតច្នៃប្រឌិត លោក សេក វិសាល ដែលមានជំនាញផ្នែកគំនូរវិចិត្រកម្ម ក៏ចង់ឱ្យមានការចូលរួមប្រើប្រាស់ធនធានធម្មជាតិក្នុងស្រុកឱ្យអស់ពីលទ្ធភាពផងដែរ៖«យើងគួរប្រើប្រាស់របស់ដែលមាននៅក្នុងស្រុកឱ្យអស់លទ្ធភាព ដោយមិនចាំបាច់ទៅទិញផ្កាគេ។ របស់ទាំងនេះសុទ្ធតែរបស់ធម្មជាតិ វាពុកផុយទៅក៏វាមិនអាចបំផ្លាញបរិស្ថាន។ ចំពោះអ្នកដែលមានរោងការស្រាប់ដោយខ្លួនឯង គួរតែប្រើប្រាស់របស់អ្វីដែលមាននៅក្នុងស្រុកយើង ឱ្យអស់លទ្ធភាព មិនចាំបាច់តែទៅទិញគេទើបវាល្អឬវាស្អាតនោះទេ»៕