សង្គមអន្តរជាតិ​
អន្តរជាតិ
ហេតុអ្វី​បានជា​កោះ​ហា​វ៉ៃ​ក្លាយទៅជា​ទឹកដី​សហរដ្ឋអាមេរិក​?
29, Feb 2020 , 8:30 pm        
រូបភាព
​លោក​អតីត​ប្រធានាធិបតី​អាមេរិក Dwight D. Eisenhower បានប្រកាស និង​ចាត់​ទឹកដី​នៃ​កោះ​ហា​វ៉ៃ​ទៅជា​រដ្ឋ​ទី​៥០​នៃ​សហរដ្ឋអាមេរិក រួច​ទង់ជាតិ​របស់​ស​ហ​រដ្ឋ​អាមេរិក​ក៏បាន​ទទួល​រូប​ផ្កាយ​តំណាង​ចំនួន​៥០​ផ្កាយ​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៩៦០​។

 
​ដោយ​ប្រែ​សម្រួល​ចេញពី​គេហទំព័រ History.com កោះ​ហា​វ៉ៃ ដែលមាន​ទីតាំងនៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ ត្រូវបាន​គេ​សិក្សា​ឃើញថា មាន​មនុស្ស​ធ្វើដំណើរ​ទៅ​រស់នៅ​តាំងពី​សតវត្សរ៍​ទី​៨​មកម្ល៉េះ ដោយ​ជនជាតិ ប៉ូ​លី​នេ​ស៊ី (Polynesia) ដែល​ភាគច្រើន​ប្រកប​ជីវភាព​រស់នៅ​តាម​ដែន​កោះ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ​។ នៅក្នុង​អំឡុង​ដើម​សតវត្សរ៍​ទី​១៨ ជនជាតិ​អាមេរិក​បានធ្វើ​ដំណើរ​តាម​សំពៅ​ធំៗ ក្នុង​ការធ្វើ​ជំនួញ​លើ​រុក្ខជាតិ​ឈើ​មានតម្លៃ​ម្យ៉ាង​ហៅថា Sandalwood ដែល​គេ​យកទៅ​ប្រើប្រាស់​ជា​គ្រឿងក្រអូប និង​ប្រេង​ធម្មជាតិ​។ 
 
​ក្នុង​ឆ្នាំ​១៩៣០ សហរដ្ឋអាមេរិក​បាន​នាំមក​នូវ​កសិកម្ម​អំពៅ​មកលើ​ទឹកដី​នៃ​កោះ​ហា​វ៉ៃ​មួយ​នេះ ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ​១៩០០ កសិកម្ម​អំពៅ​បាន​ក្លាយជា​ជំនួញ​មួយ​ដែល​រកប្រាក់​ចំណូល​បានល្អ​គួរសម​។ ជនជាតិ​អាមេរិក​ដែល​បានមក​រស់នៅ​ទីនេះ បាន​ផ្លាស់ប្តូរ​របៀប​រស់នៅ​នៃ​កោះ​នេះ​យ៉ាងច្រើន ដូចជា​សេដ្ឋកិច្ច វប្ប​ធ​ម៍ នយោបាយ និង​ជំនឿ​សាសនា​ជាដើម​។ 
 
​នៅក្នុង​ឆ្នាំ​១៨៤០ របប​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ត្រូវបាន​បង្កើតឡើង ក្នុងការ​កាត់បន្ថយ​អំណាច​ទៅលើ​ក្រុម​មហាក្សត្រ​ដែលជា​ជនជាតិដើម​នៃ​កោះ​ហា​វ៉ៃ​រស់នៅ​ទីនោះ​។ ក្នុង​ឆ្នាំ​១៨៩៣ ប្រជាជន​អាមេរិក​រស់នៅ​លើ​កោះ​ហា​វ៉ៃ​បាន​ទម្លាក់​មហាក្សត្រី​ហា​វ៉ៃ Liliuokalani ចេញពី​ការគ្រប់គ្រង​។ មួយឆ្នាំ​ក្រោយមក កោះ​ហា​វ៉ៃ​បាន​ក្លាយទៅជា​សាធារណៈរដ្ឋ គ្រប់គ្រង​ដោយ​លោក​ប្រធានាធិបតី Stanford B. Dole ដែលជា​ជនជាតិ​អាមេរិក​កើត​នៅលើ​កោះ​ហា​វ៉ៃ​មួយ​នេះ​។ 
 
​ដំបូង​ឡើយ​រដ្ឋាភិបាល​អាមេរិក​មិនទាន់​ចង់​ទាញយក​កោះ​ហា​វ៉ៃ​ទៅជា​ទឹកដី​របស់ខ្លួន​ជា​ផ្លូវការ​ប៉ុន្មាន​នោះទេ តែ​នៅក្នុង​អំឡុង​សង្គ្រាម​រវាង​ប្រទេស​អេស្បាញ និង​សហរដ្ឋអាមេរិក កោះ​ហា​វ៉ៃ​បាន​ក្លាយទៅជា​ទីតាំង​មួយ​សំខាន់​ខ្លាំង​ក្នុងការ​ពង្រីក​វិសាលភាព​របស់​អាមេរិក ជាពិសេស​ជាមួយនឹង​កំពង់ផែ Pearl Harbor ។ នៅ​ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី​២ ហា​វ៉ៃ​បានក្លាយ​ទៅជា​តំបន់​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ថែមទៀត នៅពេលដែល​ទ័ព​របស់​ប្រទេស​ជប៉ុន​បានមក​ប្រយុទ្ធ​មូលដ្ឋានទ័ព​អាមេរិក Pearl Harbor ដដែល​នេះ​នៅក្នុង​ឆ្នាំ​១៩៤១៕

© រក្សាសិទ្ធិដោយ thmeythmey.com