ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច នឹង​ចាត់វិធានការ​លើ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​ផ្សព្វផ្សាយ​លក់​អចលនវត្ថុ គ្មាន​អាជ្ញា​បណ្ណ​
29, Feb 2020 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កណា ដែល​ផ្សព្វផ្សាយ​លក់​អចលនវត្ថុ គ្មាន​អាជ្ញា​បណ្ណ​នោះ នឹងត្រូវ​ប្រឈមមុខ​ច្បាប់​។ នេះ​ជាការ​ព្រមាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ តាមរយៈ​សេដ្ឋកិច្ច​ជូនដំណឹង ចុះ​ថ្ងៃទី​២១ កុម្ភៈ​កន្លងមក​។​


​សេចក្តីជូនដំណឹង បានបញ្ជាក់​ដូច្នេះ​ថា​៖«​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចាត់វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី ដែល​ធ្វើការ​ផ្សព្វផ្សាយ​លក់​គម្រោង​អភិវឌ្ឍ​អចលនវត្ថុ ដែល​គ្មាន​អាជ្ញា​បណ្ណ​»​។​
 
​មូល​ហេតុដែល​ក្រសួង​សេដ្ឋកិច្ច ចេញ​វិធានការ​បែបនេះ ធ្វើឡើង​ក្រោយពី​ក្រសួង​ពិនិត្យឃើញថា បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​តេ​ឡេ​ក្រាម​មួយចំនួន បាន​ផ្សព្វផ្សាយ​លក់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​។ ក្នុងនោះ​រួមមាន លំនៅដ្ឋាន អគារ​សហកម្ម​សិទ្ធ និង​ដី​ឡូ​តិ៍​ជាដើម​។​
 
​ជាមួយគ្នានេះ​ក្រសួង ក៏​ស្នើឱ្យ​ប្រជាពលរដ្ឋ ដែលមាន​បំណង​ចង់​ទិញ​អចលនវត្ថុ​ទាំងនេះ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវ​ត្រួតពិនិត្យ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ដូចជា​៖ អាជ្ញា​បណ្ណ​អាជីវកម្ម​អភិវឌ្ឍ​លំនៅដ្ឋាន អគារ​សហកម្ម​សិទ្ធ និង​ដី​ឡូ​តិ៍ ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ , លិខិតអនុញ្ញាត​សាងសង់ ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​ឯកសារ​បង់ពន្ធ​អចលនវត្ថុ​ជាដើម​៕

Tag:
 សេដ្ឋកិច្ច​
  អចលនវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com