សង្គមអន្តរជាតិ​
អន្តរជាតិ
ហេតុអ្វី​បានជា​សត្វ​ប្រចៀវ​ដេក​បញ្ច្រាសជើង​ឡើងលើ​?
29, Feb 2020 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​មេឃងងឹត និង​សត្វ​នានា​ត្រៀម​ចូល​ដំណេក សត្វ​ប្រចៀវ​ចាប់ផ្តើម​ងើប​ពី​កន្លែង​សម្រាក​ដើម្បី​ចេញទៅ​រកស៊ី​។ អ្នកនិពន្ធ​រឿង​ជាច្រើន​បានបង្ហាញ​ថា សត្វ​ប្រចៀវ​ជា​ភាវៈ​ដែល​រស់នៅក្នុង​កន្លែង​ងងឹត ជាពិសេស​នៅតាម​រូងភ្នំ​។ តែ​ពពួកសត្វ​ទាំងនេះ​ក៏​អាច​រស់​នៅតាម​ក្រោម​ស្ពាន និង​តាម​ដើមឈើ​មួយចំនួន​ផងដែរ​។ តែមាន​លក្ខណៈ​ប្លែក​មួយ​ដែល​ពួកគេ​បង្ហាញ នោះ​គឺ​ការ​ដេក​បញ្ច្រាសជើង​ទៅខាង​លើ និង​ក្បាល​ចុះមក​ក្រោម​។ សម្រាប់​ថនិកសត្វ វា​មិនមាន​ជា​រឿង​ដែល​យើង​ឧស្សាហ៍​ឃើញ​នោះទេ​។

 
​ប្រចៀវ​ដេក​ដាំ​ក្បាល​ចុះក្រោម​ដោយសារតែ​មូលហេតុ​មួយចំនួន​។ គេហទំព័រ Wonderopolis បាន​ពន្យល់ថា មូលហេតុ​ដំបូង​គឺ​ទាក់ទង​ជាមួយនឹង​ការហោះហើរ​។ សត្វ​ប្រចៀវ​មិនមាន​ស្លាប​ដែល​ពោរពេញ​ទៅដោយ​រោម​ដូច​បក្សី​នោះទេ​។ ពោល ប្រចៀវ​ជា​ថនិកសត្វ​ដូច​មនុស្ស​ដែរ ដោយសារ​ពួកវា​បង្កើតកូន (​មិន​ពង​ដូច​បក្សី​) និង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​។ 
 
​ហេតុដូចនេះ ជាមួយនឹង​ស្លាប​ស្បែក ប្រចៀវ​មិនអាច​ចាប់ផ្តើម​ហោះ​ភ្លាមៗ​ពីលើ​ដី​ដូច​បក្សី​ទេ​។ ក្នុង​ការជួយ​សម្រួល​ប​ញ្ហា ប្រចៀវ​តែង​ឡើងទៅ​ទី​ខ្ពស់ ទម្លាក់ខ្លួន ក្នុងពេល​មាន​អាសន្ន ដើម្បី​ទទួលបាន​ល្បឿន​លឿន​ភ្លាមៗ​សម្រាប់​ហោះហើរ​។ មួយវិញទៀត ការ​ដេក​បែបនេះ​ក៏​អាចជួយ​ការពារ​សត្វ​ប្រចៀវ​ពី​សត្វរំពារ​ដែល​ចង់​មក​ស៊ី​ពួកវា​ផងដែរ​។ 
 
​សត្វរំពារ​ខ្លះ​មិន​ចាប់អារម្មណ៍​ថា​សត្វ​ប្រចៀវ​ជា​ចំណី​នោះទេ ជាមួយ​លក្ខណៈ​នៃ​ការ​ដេក​បែបនេះ​។ ចុះបើ​ពួកវា​ដេក​បែបនេះ ពួកវា​មិន​ទទួលរង​ភាព​ឈឺក្បាល​ដោយសារតែ​ឈាម​រត់​មិនត្រូវ​ចលនា​ដែរឬទេ​? ការវិវត្ត​ជាច្រើន​ម៉ឺន​ឆ្នាំ​មក​បានធ្វើ​ឲ្យ​វា​ក្លាយជា​រឿង​ធម្មតា​សម្រាប់​ប្រជៀវ​ទៅហើយ​។ សូម្បីតែ​ជើង​ទាំងពីរ​របស់​ប្រជៀវ​ក៏មាន​លក្ខណៈពិសេស​សម្រាប់​ការ​ដេក​បែប​នេះដែរ​។ 
 
​សម្រាប់​មនុស្ស សាច់ដុំ​ជាច្រើន​ប្រភេទ​ធ្វើការ​ជុំគ្នា ប្រើប្រាស់​ថាមពល​ច្រើន​ក្នុង​ការធ្វើ​ឲ្យ​បាត​ជើងមាន​ចលនា​នៅពេល​ដើរ​។ តែ​សម្រាប់​ប្រចៀវ​វិញ បាតជើង​របស់​ពួកវា​មាន​លក្ខណៈ​ដូចជា​ទំ​ពក់ ដែល​ខ្ទាស់​មិនចាំបាច់​ប្រើ​ថាមពល​ច្រើន​។ ទំ​ពក់ជើង​នេះ និង​ខ្ទាស់​នៅពេលដែល​ទម្ងន់​ខ្លួន​របស់​ប្រចៀ​សំ​យ៉ុង​ចុះក្រោម​៕

© រក្សាសិទ្ធិដោយ thmeythmey.com