ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម នៅ ស្រី​ពៅ ត្រៀម​ឡើង​រេញ​វិញ​ក្រោយ​ជា​ពីរ​បួស​
ONE Championship
កីឡាជាតិ
ជាតិ
ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម នៅ ស្រី​ពៅ ត្រៀម​ឡើង​រេញ​វិញ​ក្រោយ​ជា​ពីរ​បួស​
29, Feb 2020 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
 អត្ថបទ​៖ ស៊ី​ធី​
​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ ស្រី​ពៅ បាន​ត្រលប់មក​បង្ហាញ​សកម្មភាព​ហ្វឹកហាត់​ត្រៀម​ឡើង​សង្វៀន​វិញ​នៅ​ដើមឆ្នាំ​២០២០​នេះ បន្ទាប់ពី​ជា​ពីរ​បួស​ជើង​កាល​ប្រកួត​ស៊ី​ហ្គេម​នា​ខែធ្នូ​កន្លងទៅ​។ កីឡាការិនី​វ័យ​២៥ ឆ្នាំ​រូបនេះ​ចូល​ហ្វឹកហាត់​វិញ​នៅ​ក្លិប​របស់ខ្លួន​បាន​ប្រហែល​មួយខែ​ហើយ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ក្រោយ​របួស​ជើង​ស្ដាំ​អំឡុងពេល​ប្រកួត​ស៊ី​ហ្គេម​តំណាង​ឲ្យ​កម្ពុជា​នៅ​ហ្វីលីពីន​។​

 
​មុនពេល​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅលើ​សង្វៀន កូនសិស្ស​មកពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធិ​បាន​គូសបញ្ជាក់ថា ៖«​ជើង​ខ្ញុំ​លែង​អី​ហើយ​បង​...​ខ្ញុំ​អាច​ហាត់​បានល្អ​ជិត​មួយខែ​ហើយ​។ ខ្ញុំ​អាច​ទាត់ និង ហាត់​ខ្លាំង​បាន​ធម្មតា​វិញ​។ ហើយ​ខ្ញុំ​នឹង​ឡើង​សង្វៀន​ដំបូង​ឆ្នាំនេះ​នៅ​ប្រទេស​ថៃ គឺ សង្វៀន ប៉ុស្តិ៍​លេខ​៨ នា​ដើមខែ​មីនា ខាងមុខនេះ​»​។ 
 
​នៅ ស្រី​ពៅ គឺ ជា​កីឡាការិនី​ដ៏​លេចធ្លោ​ម្នាក់​នៅក្នុង​ស្រុក​នាពេល​បច្ចុប្បន្ន​ហើយ​រូបគេ​មានបទពិសោធន៍​ទៅ​ប្រកួត​នៅ​ថៃ មី​យ៉ាន់​ម៉ា និង កម្មវិធី​របស់ ONE Championship ចំនួន​ពីរលើក​ផងដែរ​។ ក្នុងការ​បង្ហាញខ្លួន​នៅ​សង្វៀន ONE ពីរលើក​កន្លងមក ស្រី​ពៅ ឈ្នះ កីឡាការិនី​មានបទពិសោធន៍​របស់​ថៃ Rika Ishige  ដោយ​ពិន្ទុ​កាល​ខែកុម្ភៈ ឆ្នាំ ២០១៩ និង ចាញ់​វីរ​កីឡាការិនី​ឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol កាល​ខែឧសភា ឆ្នាំ ២០១៩​។ 

  
​មុន​ចាប់ផ្ដើម​ប្រកួត​សាជាថ្មី​កីឡាការិនី​ឆ្នើម​ប្រចាំ​សង្វៀន​មួយ​នៅ​មី​យ៉ាន់​ម៉ា​នា​ឆ្នាំ​២០១៨ បាន​គូសបញ្ជាក់ថា​៖«​ខ្ញុំ​នឹង​ប្រឹងប្រែង​ធ្វើ​ឲ្យ​បានល្អ និង​ត្រៀម​បើកឆាក​ឆ្នាំ​២០២០​នេះ​របស់ខ្ញុំ​។ ខ្ញុំ​ខំប្រឹង​ឲ្យ​ខ្លាំង​តាមតែ​អាចធ្វើ​ទៅបាន ហើយ​ឡើង​ប្រកួត​កាន់តែ​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​»​។​
 
​ស្រី​ពៅ ជា​កីឡាការិនី​មាន​ស្រុកកំណើត​នៅ​ចំការ​ដូង​រាជធានី​ភ្នំពេញ​។ នាពេល​បច្ចុប្បន្ននេះ ប្អូនស្រី​របស់​អតីត​កីឡាករ​ប្រដាល់ នៅ ស៊ីថា អាច​ប្រកួត​បាន​ទាំង​ប្រដាល់សកល ប្រដាល់​គុន​ខ្មែរ និង គុន​ចម្រុះ​។ កូនសិស្ស​របស់ លោក​ញ៉ូ​វ ម៉ាក និង ម៉ាក សា​ខន បាន​តស៊ូ​យ៉ាងខ្លាំង​ក្លា​ដើម្បី​ទទួលបាន​កេរ្តិ៍ឈ្មោះ​នៅក្នុង​ស្រុក និង ឆាក​អន្តរជាតិ​។ 
 
​ស្រី​ពៅ ចូល​ហ្វឹកហាត់​ប្រដាល់​គុន​ខ្មែរ​តាំងពី​ឆ្នាំ ២០១៤ និង ធ្លាប់​ប្ដូរ​មក​ហ្វឹកហាត់ ប្រដាល់សកល​ប្រមាណ​ជា​ពីរ​ឆ្នាំ ហើយក៏​បន្ត​ហាត់​ប្រដាល់សកល​ក្នុងស្រុក​និង​ចេញទៅ​ហាត់​នៅ​ប្រទេស​ជប៉ុន​មុន​ស៊ី​ហ្គេម ២០១៩ ចាប់ផ្ដើម​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com