ម៉ាឡេស៊ី ប្រកាសដាក់បម្រាមលើអ្នកដំណើរពីកូរ៉េខាងត្បូង ដែលក្នុងនោះរួមទាំង អ្នកដែលធ្លាប់បានធ្វើដំណើរទៅកាន់តំបន់ផ្ទុះការរាលដាល COVID-19 ក្រុង Daegu និងខេត្ត North Gyeongsang ក្នុងពេល១៤ថ្ងៃចុងក្រោយផងដែរ។ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសបែបនេះ នៅថ្ងៃសុក្រទី២៨ ខែកុម្ភៈ ។
ក្នុងសេចក្តីប្រកាសព័ត៌មាន លោកអគ្គនាយកសុខាភិបាលម៉ាឡេស៊ី Hisham Abdullah គូសបញ្ជាក់ថា ចំណាត់ការហាមប្រាមនេះចូលធរមានភ្លាមៗតែម្តងក្រោយការប្រកាស។ ហើយម្យ៉ាងទៀត វាកើតឡើងក្រោយពីករណីឆ្លង COVID-19 ចំនួនពីរបន្ថែម បានបញ្ជាក់ថារកឃើញក្នុងប្រទេសនេះ។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia ដោយអនុលោមតាមចំណាត់ការនេះ ជនជាតិម៉ាឡេស៊ី, អ្នកមានសិទ្ធរស់នៅស្របច្បាប់ (permanent resident ) និងនិស្សិតដែលធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង Daegu ឬខេត្ត North Gyeongsang ក្នុងពេល១៤ថ្ងៃចុងក្រោយ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព។
ម្យ៉ាងវិញទៀត វា ក៏នឹងមានប៉ុស្តិ៍អន្តោប្រវេសន៍ដាច់ដោយឡែកមួយសម្រាប់អ្នកដំណើរមកពីប្រទេសកូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់នៅទីតាំងត្រួតពិនិត្យព្រំដែនផងដែរ។ ទន្ទឹមនេះ លោក Hisham Abdullah អះអាងដូច្នេះថា៖«ប្រជាជនម៉ាឡេស៊ី ក៏ត្រូវផ្ដល់យោបល់កុំធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់»។
តាមប្រភពព័ត៌មានដដែល លោកអគ្គនាយក Hisham គូសបញ្ជាក់ទៀតថា អាជ្ញាធរម៉ាឡេស៊ី នឹងបន្តវាយតម្លៃកិច្ចប្រឹងប្រែងនាបច្ចុប្បន្ន ក្នុងគោលដៅគ្រប់គ្រង និងលុបបំបាត់ទាំងស្រុងការរាលដាលជំងឺ COVID-19។ លោក សង្កត់ធ្ងន់ថា ចំណាត់ការនេះ នឹងត្រូវដកហូតវិញ កាលណាស្ថានការណ៍ត្រលប់មកល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ថា ករណីឆ្លង COVID-19 ថ្មីចំនួន ២ ករណីក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានរកឃើញកាលពីថ្ងៃសុក្រទី ២៨ ខែកុម្ភៈ ដែលបង្កើនតួលេខឆ្លងសរុបដល់ ២៥ នាក់។ ក្នុងចំណោមនោះ ២២ នាក់ បានជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។
ករណីទី២៤ គឺកើតលើស្ត្រីជនជាតិជប៉ុនអាយុ ៤១ឆ្នាំ ដែលធ្វើការក្នុងប្រទេសម៉ាឡេស៊ី។ នាងបានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងខែមករា និងឥណ្ឌូណេស៊ី ក្នុងដើមខែកុម្ភៈ។ ស្ត្រីរូបនេះបានចេញរោគសញ្ញាក្តៅខ្លួន និងទទួលការព្យាបាល កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅថ្ងៃ២០ កុម្ភៈ។ ចុងក្រោយ លទ្ធផលធ្វើតេស្តនាង បានបង្ហាញថា វិជ្ជមាន នៅថ្ងៃព្រហស្បតិ៍។ ខណៈនេះ នាងកំពុងសម្រាកព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យក្រុង គូឡាឡាំពួ។
ចំណែក ករណីទី២៥ គឺកើតលើបុរសជនជាតិអ៊ីតាលីអាយុ ៤៥ឆ្នាំម្នាក់ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែកុម្ភៈ។ បុរសរូបនេះ បានផ្ដើមចេញរោគសញ្ញាក្តៅខ្លួន និងក្អក កាលពីថ្ងៃ២២ ខែកុម្ភៈ ។ លោក បានធ្វើតេស្តវិជ្ជមាននៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ និងដាក់ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យ។ ចំណែកករណីទី២៣ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
កូរ៉េខាងត្បូងបាន រកឃើញករណីជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) ចំនួន ៥៩៤ករណីថ្មី នៅព្រឹកថ្ងៃសៅរ៍ ២៩ ខែកុម្ភៈ ដែលបង្កើនតួលេខឆ្លងសរុបដល់ ២៩៣១ ករណីហើយ។ ទន្ទឹមនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ក៏បានរកឃើញអ្នកស្លាប់ដោយសារ COVID-19 ចំនួន ៣ នាក់បន្ថែមផងដែរ ដែលបង្កើនករណីឆ្លងសរុប ១៦នាក់៕