ជាតិ
សង្គមជាតិ
លោក ទៀ សីហា បង្ហើបពីយុទ្ធនាការធំមួយដើម្បីឱ្យក្រុងសៀមរាបលែងមានដីហុយ
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំសន្និបាតសរុបការងារប្រចាំឆ្នាំរបស់ខ្លួននៅដើមខែ មីនា ខាងមុខនេះ។ អភិបាលខេត្តសៀមរាប បានបង្ហើបថា ក្នុងសន្និបាតនាពេលខាងមុខនឹងផ្តោតជជែកពីយុទ្ធនាការដ៏ធំមួយ ឈ្មោះថា «សៀមរាបផ្ទះខ្ញុំ»។ យុទ្ធនាការនេះនឹងធ្វើយ៉ាងណាឱ្យក្រុងសៀមរាបស្អាត និងលែងមានដីហុយតទៅទៀត។
អភិបាលខេត្តសៀមរាប បានបង្ហើយពីយុទ្ធនាការ «សៀមរាបផ្ទះខ្ញុំ» ដែលផ្តួចផ្តើមឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបសម្រាប់កម្មវិធីបរិស្ថានក្នុងក្រុងសៀមរាប។ នៅពេលនេះលោក ទៀ សីហា ប្រាប់ថា លោកនឹងយកយុទ្ធនាការធ្វើជាថ្នាក់ខេត្ត ក្នុងគោលដៅរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២០ ដល់២០២៣ ធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងក្រុងសៀមរាបមានសោភ័ណភាព ពិសេសលែងមានដីហុយ។ «សៀមរាបផ្ទះខ្ញុំបានអនុវត្តន៍ច្រើនឆ្នាំមកហើយ ពេលនេះសាលាខេត្តនឹងយកយុទ្ធនាការនេះទៅប្រើដែរ...រយៈពេល៣ឆ្នាំនេះ ក្រុងសៀមរាបនឹងកែប្រែសុភាចិនដែលតែងលើកឡើងថា ខ្យល់បក់ដីហុយ ឱ្យទៅ ខ្យល់បក់លែងដីហុយហើយ»។ លោក ទៀ សីហា បញ្ជាក់។
ថ្លែងក្នុងពិធីសម្ដែងសិល្បៈមនុស្សធម៌រៃអង្គាសថវិកាជួយប្រជាជននៅអាណាចក្រអង្គរនារសៀលថ្ងៃទី២៧ កុម្ភៈ អភិបាលខេត្តសៀមរាបរំពឹងថា អភិបាលក្រុងសៀមរាបនឹងរៀបចំក្រុងទេសចរណ៍នេះឱ្យស្អាត ពិសេសរៀបចំអភិវឌ្ឍន៍ផ្លូវដែលនៅសេសសល់ និងបន្តដោះស្រាយជាមួយប្រជាពលរដ្ឋដើម្បីឱ្យការងារអភិវឌ្ឍប្រព្រឹត្តិទៅដោយរលូន និងឆាប់រហ័ស។ លោកអភិបាលក៏ចង់ឃើញប្រជាពលរដ្ឋសម្បទានក្នុងកិច្ចការអភិវឌ្ឍផ្លូវថ្នល់នេះផងដែរ ខណៈដែលអាជ្ញាធរកំពុងមមាញឹកការងារទាំងនេះ។ លោក ទៀ សីហា បន្ថែមថា រដ្ឋបាលក្រុងកំពុងបើកផ្លូវខ្នែងជាច្រើនក្នុងក្រុង និងមានបំណងរៀបចំជាផ្លូវបេតុងទាំងអស់៕
Tag:
ទៀ សីហា
បរិស្ថាន
អនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com