COVID-19 នៅ​កូរ៉េខាងត្បូង ឡើងដល់​៣១៥០​ករណី ក្រោយ​រកឃើញ​២១៩​ករណី​ថ្មី​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
COVID-19 នៅ​កូរ៉េខាងត្បូង ឡើងដល់​៣១៥០​ករណី ក្រោយ​រកឃើញ​២១៩​ករណី​ថ្មី​
29, Feb 2020 , 6:19 pm        
រូបភាព
នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៩ កុម្ភៈ កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ចំនួន ២១៩ ករណី​បន្ថែម ដែល​បង្កើន​តួលេខ​ឆ្លង​សរុប​ដល់ ៣១៥០​ករណី​ហើយ​។ បើ​បូកសរុប​ទាំង​ករណី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដែលមាន ៥៩៤​ករណី តួលេខ​ឆ្លង​សរុប​សម្រាប់​ថ្ងៃ​សៅរ៍​នេះ ឡើងដល់ ៨១៣ ហើយ​។ នេះ​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង ខណៈ​អ្នកស្លាប់​នៅ ១៦​នាក់​ដដែល​។​

 
 
​ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនេះ ជាង​៩០​ភាគរយ​នៃ​ករណី​ឆ្លង ស្ថិតក្នុង​ទីក្រុង Daegu ដែលមាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បុ​ង ហើយ​និង​ខេត្ត​ក្បែរ​ក្រុង​នេះ គឺ​ខេត្ត North Gyeongsang ។ 
 
​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អាជ្ញាធរ​ក្រុង Daegu បាន​ទទូច​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន និង​នរណា​ដែលមាន​រោគសញ្ញា​ក្តៅខ្លួន ឬ​ផ្លូវដង្ហើម​គួរ​សម្រាក​នៅផ្ទះ​។ យ៉ាងណាមិញ មន្ត្រី​បញ្ជាក់ថា ពួកគេ​មិនទាន់​គិតគូរ​ដាក់​ក្រុង​នេះ​ទាំងមូល​ឲ្យ​នៅ​ដាច់ដោយឡែក ដូច​នៅ​ក្រុង វូ​ហាន ប្រទេស​ចិន​ឡើយ​។​
 
​វិហារ​សាសនា​គ្រឹ​ស្ត Shincheonji ដែល​ស្ថិតក្នុង​ទីក្រុង Daegu ក្លាយជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ COVID-19 ក្រោយពី​ស្ត្រី​កូរ៉េខាងត្បូង​វ័យ ៦១​ឆ្នាំ​ម្នាក់ បានចេញ​រោគសញ្ញា​ក្តៅខ្លួន កាលពី​ថ្ងៃ​១០ ខែកុម្ភៈ​។ ក៏ប៉ុន្តែ​លោកស្រី​បាន​ទៅកាន់​វិហារ​នេះ​យ៉ាងតិច ៤ ដង ក្នុង​ទីក្រុង Daegu ដែលជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​៤ ជាមួយ​ប្រជាជន ២,៥​លាន​នាក់ មុនពេល​ដឹងថា​កើត​ជំងឺ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com