ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សៀង សុខ​ចេង​៖ ចង់​ឲ្យ​អាជីវកម្ម​ថ្មី​ដើរ​បានយូរ ត្រូវ​ចេះ​ស្មាន​កម្លាំង
29, Feb 2020 , 5:39 pm        
រូបភាព
ភ្នំពេញ​៖ កម្ពុ​ជាមាន​វែបសាយ​ផ្តល់ព័ត៌មាន និង​ចំណេះដឹង​ជាច្រើន ក៏ប៉ុន្តែ​ភាគច្រើន​វែបសាយ​ទាំងនោះ គឺ​បុរស​ជា​អ្នក​ចេញមុខ​ផ្តួចផ្តើម​។ ដោយឡែក​«​វប្បធម៌​»(wapatoa) ជា​វែបសាយ​មួយ ដែល​បង្កើតឡើង​នៅ​ដើមឆ្នាំ​២០១៨ ដោយ​ស្ត្រី​ខ្មែរ​ម្នាក់​គឺ​កញ្ញា សៀង សុខ​ចេង និង​ស្ថាបនិក​ស្ត្រី​ម្នាក់ទៀត ជា​ជនជាតិ​បរទេស​គឺ Alix Feschotte​។ កញ្ញា សុខ​ចេង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វប្បធម៌ មាន​ទស្សនវិស័យ ជួយ​អភិវឌ្ឍន៍​ចិត្ត និង​ខួរក្បាល​របស់​អ្នកអាន ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​មានជីវិត​កាន់តែ​ប្រសើរ​។ ប្តូរ​ពី​ការធ្វើការ មក​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង សុខ​ចេង ថា​នាង​បាន​រៀនសូត្រ ពី​វិថី​មួយ​នេះ​។ សុខ​ចេង សុខ​ចេង យល់ថា ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​អាច​ដើរ​ទៅមុខ​បានយូរ សហគ្រិន​ខ្លួនឯង ត្រូវ​ចេះ​ធ្វើការ​ជាមួយ​អ្នកដទៃ បើក​ចិត្ត​ទទួលយក​គំនិត​ថ្មី ជាពិសេស​ចេះ​ប៉ាន់ស្មាន​កម្លាំង​របស់ខ្លួន​ឯង​។​

 
​កញ្ញា សៀង សុខ​ចេង គឺជា​សហគ្រិន​វ័យក្មេង​មួយរូប ដែល​បាន​បង្កើត វែបសាយ​«​វប្បធម៌​» (wapatoa) ជាមួយ​មិត្តភក្តិ​ម្នាក់ទៀត​ឈ្មោះ Alix Feschotte នៅ​ដើមឆ្នាំ​២០១៨​។ តាមពិតទៅ ពីដំបូង សុខ​ចេង គ្រាន់តែ​ជា​អ្នកសរសេរ​ប្លុក​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយ​មើលឃើញថា នៅ​កម្ពុជា​មិនសូវមាន​អ្នកសរសេរ​អត្ថបទ​ដែល​ផ្តល់​ជា​គំនិត និង​ដំណោះស្រាយ​បញ្ហា​សម្រាប់​យុវវ័យ ទើប​សុខ​ចេង និង Alix ដែល​បាន​មើលឃើញ​ពី​បញ្ហា​នេះ​ដូចគ្នា​នោះ សម្រេចចិត្ត​បង្កើត​វែបសាយ​«​វប្បធម៌​»​ឡើង​។  
 
 
«​វប្បធម៌​» ចង់​រួមចំណែក​អភិវឌ្ឍន៍​ជីវិត​មិត្ត​អ្នកអាន​ឲ្យ​ប្រសើរ​ជាង​មុន​
 
​មាន​សម្តី​ច្បាស់ៗ​មិនលឿន​ពេក មិន​ញាប់​ពេក សុខ​ចេង បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វែ​ប សាយ «​វប្បធម៌​» មិន​ត្រឹមតែ​ផ្តល់​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​សិល្បៈ​-​វប្បធម៌ ប៉ុណ្ណោះ​ទេ តែមាន​មាតិកា​ចម្រុះ​ជាច្រើន​ទៀត​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស សម្រាប់​អ្នកអាន ដូចជា​អត្ថបទ​ពាក់ព័ន្ធ​នឹង​បរិស្ថាន អត្ថបទ​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​វិទ្យាសាស្ត្រ និង​ចិត្តសាស្ត្រ និង​រូប​ត្លុក​ជាដើម ដើម្បី​ជួយ​អភិវឌ្ឍន៍​ចិត្ត និង​ខួរក្បាល​របស់​អ្នកអាន ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​មានជីវិត​កាន់តែ​ប្រសើរ​។ យុវតី​វ័យ​២៥​ឆ្នាំ សៀង សុខ​ចេង ពន្យល់​បន្ថែម​៖«​និយាយ​ទៅ​វប្បធម៌ យើង​មាន​បេសកកម្ម​ចង់​ឲ្យ​មនុស្ស​អភិវឌ្ឍន៍​ខ្លួន ទាំង​ចិត្ត និង​ខួរក្បាល​។ អ្នកខ្លះ ខួរក្បាល​ឆ្លាត តែ​ចិត្ត​គាត់​អត់​ល្អ​ទេ អីចឹង​ក៏​វា​អត់​ល្អ​ដែរ​។ អ្នកខ្លះ ចិត្តល្អ តែ​គាត់​អត់​ទាន់​ចេះ​វែកញែក អីចឹង​ក៏​វា​អត់​ល្អ​ដែរ​។ អីចឹង​ពួក​ខ្ញុំ ព្យាយាម​ដាក់​ពីរ​ហ្នឹង​ចូលគ្នា​»​។​
  


រូបភាពពីហ្វេសប៊ុក សៀង សុខចេង សហស្ថាបនិក«វប្បធម៌»

​បើតាម​កញ្ញា សៀង សុខ​ចេង ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ «​វប្បធម៌​» ត្រូវបាន​គេ​ស្គាល់​ច្រើន ហើយ​សហ​ស្ថាបនិក​វ័យក្មេង​ដដែល សង្ឃឹមថា វែបសាយ​របស់ខ្លួន នឹងចូលរួម​អភិវឌ្ឍន៍​ខួរក្បាល និង​ចិត្តគំនិត​របស់​អ្នកអាន​បាន​កាន់តែច្រើន នៅក្នុង​រយៈ​៥  ឬ​១០​ឆ្នាំ​ទៅមុខទៀត​។  «២​ឆ្នាំ​ហ្នឹង ខ្ញុំ​បានទទួល​សារ​ពី​ហ្វេ​ន​ច្រើន គេ​ផ្ញើ​សារ​មក​ប្រាប់ថា អរគុណ​បង អត្ថបទ​បាន​ជួយ​ខ្ញុំ​អីចេះ ហើយ​អ្នក​ខ្លះទៅ​ក៏បាន​ជួបគ្នា​នៅ​ខាងក្រៅ​ដែរ​។ អីចឹង​មិនមែន​អ្នក​ទាំងអស់​គឺ​បាន​ផ្លាស់ប្តូរ​ទេ តែមាន​អ្នក​ដែល​បាន​ផ្លាស់ប្តូរ ហើយ​គាត់​បាន​ប្រាប់​យើង​»​។ នេះ​ការបន្ថែម​របស់ សុខ​ចេង​។ 
 
​សៀង សុខ​ចេង​៖ ចង់​ឲ្យ​អាជីវកម្ម​ថ្មី​ដើរ​បានយូរ ត្រូវ​ចេះ​ស្មាន​កម្លាំង 
 
​ទើប​ប្រឡូក​នៅក្នុង​អាជីវកម្ម​បាន​ប្រមាណ​២​ឆ្នាំ សុខ​ចេង អះអាងថា នាង​បាន​ផ្លាស់ប្តូរ​ការគិត​៣៦០​ដឺ​ក្រេ​តែម្តង​។ ប្តូរ​ពី​ជីវិត​ពី​អ្នកធ្វើការ​ឲ្យ​គេ មក​ដំណើរការ​អាជីវកម្ម​ដោយ​ខ្លួនឯង​ទាំង​ដែល​គ្មាន​បទពិសោធន៍ សហគ្រិន​រូបនេះ បាន​ប្រឈម និង​ឆ្លងកាត់​ឧបសគ្គ​រាប់មិនអស់​។ «​មាន​អារម្មណ៍​ថា ខ្លួនឯង​ដូច​ចាស់​១០​ឆ្នាំ​អីចឹង​។ មាន​ទាំង​រឿង​ល្អ និង​រឿង​អាក្រក់​។ ពេល​យើង​នៅ​ធ្វើការ​ឲ្យ​គេ យើង​អត់​ខ្វល់​ថា ក្រុមហ៊ុន​ហ្នឹង​រលំ យើង​អាច​ទៅរក​ក្រុមហ៊ុន​ថ្មី​បាន ទោះបី​យើង​ស្រឡាញ់​ក្រុមហ៊ុន​ហ្នឹង​យ៉ាងម៉េច​ក៏ដោយ​។ ពេល​យើង​ចេញពី​ធ្វើការ យើង​ទៅធ្វើ​ការស្ម័គ្រចិត្ត យើង​ទៅ​ជួប​មិត្តភក្តិ​យើង​។ តែ​ដល់ពេល​យើង​ចាប់ផ្តើម​«​វប្បធម៌​» វា​ដូច​កូន​យើង​អីចឹង យើង​គិតពី​វា រហូត ទោះជា​មិនមែន​ម៉ោង​ធ្វើការ​ក៏ដោយ​»​។ នេះ​ជាការ​រៀបរាប់​របស់​ស​ហ​គ្រិន សៀង សុខ​ចេង​។ 
 
​ទោះបីជា សុខ​ចេង ចាត់ទុក​«​វប្បធម៌​» ដូចជា​កូន ដែល​ត្រូវការ​យកចិត្តទុកដាក់​ជាប់​ជានិច្ច​ក្តី ប៉ុន្តែ​ក្នុង​រយៈ​ជាង​២​ឆ្នាំ​មកនេះ សហ​ស្ថាបនិក​រូបនេះ ចាប់ផ្តើម​យល់ថា ហត់នឿយ​ខ្លាំង ព្រោះតែ​ខ្លួន​ស្រឡាញ់ កូន​ពេក​។ សម្រាប់​សុខ​ចេង ដែលជា​មនុស្ស​ស្រឡាញ់​សេរីភាព ការស្រឡាញ់​«​វប្បធម៌​»​ពេក បានធ្វើ​ឲ្យ​នាង គ្មាន​ពេលវេលា​សម្រាប់​ខ្លួនឯង និង​ខ្សោះ​ថាមពល​សម្រាប់​បន្តទៅ​មុខ​។  នេះ​ជា​ផ្នែក​ខ្លះ ដែល​សហគ្រិន​មកពី​ខេត្ត​ព្រះសីហនុ​រូបនេះ បាន​រៀនសូត្រ​។ 
 
​ការធ្វើ​អាជីវកម្ម ជា​ពិសោធន៍​ថ្មី​សន្លាង​មួយ​សម្រាប់​សុខ​ចេង​។ ដ្បិត​ទើបបាន​រៀនសូត្រ​ក្នុង​រយៈពេល​ដ៏​ខ្លី ប៉ុន្តែ​នាង​អាច​ឆ្លើយបាន​ថា​ដើម្បី​ឲ្យ គម្រោង​អាជីវកម្ម​របស់ខ្លួន​ជោគជ័យ ត្រូវមាន​កត្តា​ជាច្រើន រាប់​ចាប់ពី​ហិរញ្ញវត្ថុ ចំណេះ​ជំនាញ និង​ឆន្ទៈ​របស់​សហគ្រិន​ផ្ទាល់​។ អ្វីដែល​ពិសេស​នោះ ដើម្បី​ឲ្យ​អាជីវកម្ម​មួយ​ដំណើរការ​បានយូរ សហគ្រិន ត្រូវ​ចេះ​ប៉ាន់ស្មាន​កម្លាំង​របស់ខ្លួន​។ សៀង សុខ​ចេង ពន្យល់​ដូច្នេះ​៖«​ប្រហែល​៣-៤​ខែ​ចុងក្រោយ​ហ្នឹង ខ្ញុំ​ព្យាយាម​បង្កើត​របៀប​ធ្វើការ​ថ្មីៗ ដើម្បី​ឲ្យ​យើង​ស្រឡាញ់​ការងារ​ឡើងវិញ​។ ឧទាហរណ៍​ដូច​ឥឡូវ ពួក​ខ្ញុំ​ធ្វើការ​មួយអាទិត្យ តែ​៤​ថ្ងៃ​ទេ ហើយ​ធ្វើការ​ពី​៦ ទៅ​៨​ម៉ោង ៦​ម៉ោង​ក៏បាន ហើយ​ធ្វើការ​នៅផ្ទះ​ក៏បាន នៅ​ការិយាល័យ​ក៏បាន​។ យើង​ព្យាយាម​បន្ថយ​គម្រោង​ដែល​យើង​ទទួល​។ យើង​ចង់​ធ្វើ​ទាំងអស់ ប៉ុន្តែ​យើង​ត្រូវ​ដឹងថា​យើង​មាន​កម្រិត​។ កម្លាំង​របស់​ក្រុមការងារ​យើង​មាន​កម្រិត​។ អីចឹង​បើ​យើង​ព្យាយាម​រុញ​ឲ្យ​លើស​កម្រិត​ហ្នឹង​យូរ​ពេល យើង​អត់​អាច​ដើរ​បានយូរ​ទេ​»​។ 
 
​សហ​ស្ថាបនិក​វប្បធម៌ គូសបញ្ជាក់​ទៀតថា នៅក្នុង​បរិបថ​ទីផ្សារ​ឌីជីថល​ដូច​បច្ចុប្បន្ន សហគ្រិន ក៏ត្រូវ​ចេះ​ធ្វើការ​ជាមួយ​អ្នកដទៃ និង​បើក​ចិត្ត​ទទួលយក​ការផ្លាស់ប្តូ​រដែរ ដើម្បី​អាច​បត់បែន​ត្រូវ​សភាពការណ៍​៕
 
 


Tag:
 សៀង សុខ​ចេង​
 ​អាជីវកម្ម​
 ​វប្បធម៌​
 ​សហគ្រិន​
 WYEL
 TI Cambodia
  USAID
© រក្សាសិទ្ធិដោយ thmeythmey.com