COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់​ឡើងដល់​២៩៧៨​នាក់ ក្នុងនោះ​ជាង​១០០​នាក់​នៅក្រៅ​ប្រទេស​ចិន​
01, Mar 2020 , 7:56 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: រួបរួម
ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​២៩៧៨​នាក់​ហើយ បើ​គិត​ត្រឹម​ម៉ោង​៧ និង​៥៥​នាទី ថ្ងៃអាទិត្យ ទី​១ ខែ​មិនា នេះ​។ ចំនួន​នេះ ស្ថិតក្នុង​ចំណោម​ការឆ្លង​ជិត​៨៧ ០០០​ករណី ហើយ​ក្នុងនោះ​ក៏មាន​ជាង​៤២០០០​ករណី​ត្រូវបាន​ព្យាបាល​សះស្បើយ​ផងដែរ​។ ក្រៅប្រទេស​ចិន អ្នកស្លាប់​ឡើងដល់​១០៤​នាក់ ដោយ​អ៊ីរ៉ង់ កូរ៉េខាងត្បូង អ៊ីតាលី និង​ជប៉ុន មាន​ចំនួន​ច្រើនជាងគេ​។​



​ប្រទេស​ចំនួន​៦១​ហើយ ដែល​បាន​រកឃើញ​អ្នក​កើត COVID-19 ដោយ​ក្រៅពី​ចិន កូរ៉េខាងត្បូង អ៊ីតាលី ជប៉ុន និង​អ៊ីរ៉ង់ នៅតែ​បន្ត​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។ ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក ក្លាយជា​ប្រទេស​ទី​៧ ដែលមាន​ករណី​ស្លាប់ បារាំង អេ​ស្ប៉ា​ញ ន័​រវេ​ស ហូ​ឡង់ សិង្ហ​បុរី ស្វី​ស អ៊ីរ៉ាក់ និង​ប្រទេស​ផ្សេងទៀត កើនឡើង​ចំនួន​អ្នកជំងឺ​។​

​តាម​របាយការណ៍​គណៈកម្មការ​សុខាភិបាល​ជាតិចិន ចិន​មាន​អ្នកស្លាប់​៣៥​នាក់​បន្ថែមទៀត ប្រើ​ប្រៀបធៀប​កាលពី​ម្សិលមិញ​។ ចំនួន​អ្នកស្លាប់​នៅ​ចិន​ឡើងដល់​២៨៧៣​នាក់ ក្នុងចំណោម​អ្នក​ឆ្លង​ជិត​៨០០០០​នាក់​។ កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង​ជាង​៣០០០​នាក់ ក្នុងនោះ​ស្លាប់​១៧​នាក់ អ៊ីតាលី​មាន​អ្នក​ឆ្លង​ជាង​១១០០​នាក់ ក្នុងនោះ​ស្លាប់​២៩​នាក់​។​

​ករណី​ជប៉ុន និង​នាវា Diamond Princess មិនទាន់មាន​ការប្រែប្រួល​ឡើយ ដោយនៅ​នាវា​មាន​អ្នកជំងឺ​៧០៥​ករណី និង​ស្លាប់​៦​ករណី រីឯ​នៅ​ក្របខណ្ឌ​ប្រទេស​ជប៉ុន មាន​២៤១​ករណី និង​ស្លាប់​៥​ករណី​។ អ៊ីរ៉ង់​មាន​អ្នកស្លាប់​៩​នាក់​ទៀត ដែល​ធ្វើ​ចំនួន​សរុប​ឡើងដល់​៤៣​នាក់​ក្នុងចំណោម​៥៩៣​ករណី​។​

​សហរដ្ឋអាមេរិក ក្លាយជា​ប្រទេស​ទី​៨ ដែលមាន​ករណី​ស្លាប់ ដោយ​បច្ចុប្បន្ន មាន​អ្នកជំងឺ​៦៨​នាក់​។ បារាំង​ដែលមាន​អ្នកស្លាប់​២​នាក់​កន្លងមក​នោះ រកឃើញ​អ្នកជំងឺ​៤៣​ករណី​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១០០​។

​ប្រទេស​ដែលមាន​ករណី​ឆ្លង​កាន់តែច្រើន​រួមមាន សិង្ហ​បុរី (១០២​ករណី​), អាល្លឺម៉ង់ (៧៩​ករណី​), អេ​ស្ប៉ា​ញ (៥៨​ករណី​), កូ​វ៉ែត (៤៥​ករណី​), ថៃ (៤២​ករណី​), បា​រ៉ែ​ន (៤១​ករណី​)​។ ប្រទេស​ដែល​ឆ្លង​ចន្លោះ​ពី​២៥​ករណី ចុះមក​១០​ករណី មាន អូស្ត្រាលី ម៉ាឡេស៊ី ចក្រភព​អង់គ្លេស អេ​មី​រ៉ា​ត​អារ៉ាប់​រួម ស្វី​ស កាណាដា ន័​រវេ​ស អ៊ីរ៉ាក់ ស៊ុយអែត និង​អូទ្រីស​។​

​ជាមួយគ្នា​នោះ ប្រទេស​ដែល​ព្យាបាល​អ្នកជំងឺ​សះស្បើយ ហើយ​មិនទាន់មាន​ករណី​ថ្មី​ទៀត​នោះ រួមមាន វៀតណាម ១៦​ករណី​, ឥណ្ឌា ៣​ករណី រុស្ស៊ី ២​ករណី រួមទាំង​ករណី​នៅ​បែលហ្ស៊ិក កម្ពុជា អេ​ហ្ស៊ី​ប ណេ​ប៉ាល់ និង​ស្រីលង្កា​។ ហ្វីលីពីន​មាន​៣​ករណី ក្នុងនោះ​២​ករណី​សះស្បើយ តែ​ស្លាប់​១​ករណី​៕


© រក្សាសិទ្ធិដោយ thmeythmey.com