COVID-19
សង្គមអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង រកឃើញ COVID-19 ៣៧៦ករណីថ្មី ខណៈអ្នកស្លាប់ឡើងដល់១៧នាក់
× កូរ៉េខាងត្បូងបានបញ្ជាក់រកឃើញជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) ចំនួន ៣៧៦ករណីថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ដែលធ្វើឲ្យតួលេខឆ្លងសរុបឡើងដល់ ៣៥២៦ករណី។ នេះគឺជាតួលេខច្រើនបំផុតលើពិភពលោកបន្ទាប់ពីចិន ខណៈអ្នកស្លាប់មាន ១៧នាក់ហើយ។
ក្នុងសេចក្តីថ្លែងការណ៍ មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េខាងត្បូង (KCDC) គូសបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងនេះ ជាង៩០ភាគរយនៃករណីឆ្លង ស្ថិតក្នុងទីក្រុង Daegu ដែលមានចម្ងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង ហើយនិងខេត្តក្បែរក្រុងនេះ គឺខេត្ត North Gyeongsang ។
តាមទីភ្នាក់ងារព័ត៌មាន AFP អាជ្ញាធរក្រុង Daegu បានទទូចឲ្យពលរដ្ឋប្រុងប្រយ័ត្ន និងនរណាដែលមានរោគសញ្ញាក្តៅខ្លួន ឬផ្លូវដង្ហើមគួរសម្រាកនៅផ្ទះ។ យ៉ាងណាមិញ មន្ត្រីបញ្ជាក់ថា ពួកគេមិនទាន់គិតគូរដាក់ក្រុងនេះទាំងមូលឲ្យនៅដាច់ដោយឡែក ដូចនៅក្រុង វូហាន ប្រទេសចិនឡើយ។
វិហារសាសនាគ្រឹស្ត Shincheonji ដែលស្ថិតក្នុងទីក្រុង Daegu ក្លាយជាចំណុចផ្ដើមនៃការផ្ទុះរីករាលដាលជំងឺ COVID-19 ក្រោយពីស្ត្រីកូរ៉េខាងត្បូងវ័យ ៦១ឆ្នាំម្នាក់ បានចេញរោគសញ្ញាក្តៅខ្លួន កាលពីថ្ងៃ១០ ខែកុម្ភៈ។ ក៏ប៉ុន្តែលោកស្រីបានទៅកាន់វិហារនេះយ៉ាងតិច ៤ ដង ក្នុងទីក្រុង Daegu ដែលជាទីក្រុងធំបំផុតលំដាប់ទី៤ ជាមួយប្រជាជន ២,៥លាននាក់ មុនពេលដឹងថាកើតជំងឺ៕
© រក្សាសិទ្ធិដោយ thmeythmey.com