ជាតិ
សង្គមជាតិ
ចិន​អរគុណ​កម្ពុជា ដែល​ផ្ដល់​ម៉ាស់​១​ម៉ឺន សម្រាប់​ទប់ទល់ Covid-19
01, Mar 2020 , 11:41 am        
រូបភាព
ម៉ាស់ដែលក្រសួងឧបត្ថម្ភចំនួន១០០០០ម៉ាស់
ម៉ាស់ដែលក្រសួងឧបត្ថម្ភចំនួន១០០០០ម៉ាស់
 ភ្នំពេញ​៖ អភិបាលក្រុង Zhengzhou ខេត្ត Henan អគុណ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​ផ្ដល់​ម៉ាស់​ពេទ្យ​ដល់​ចិន សម្រាប់​តម្រូវការ​ចំពោះមុខ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​របស់​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​២៩ កុម្ភៈ ឆ្នាំ​២០២០​។


​លោក ស៊ូ លី​យី (Xu Liyi) អភិបាលក្រុង Zhengzhou ដែល​ទទួលបាន​ម៉ាស់​ពេទ្យ​ពី​លោក ថោង ខុន នេះ បានចាត់ទុក​ទង្វើ​ថ្នាក់ដឹកនាំ​កម្ពុជា ថា​ជា​សកម្មភាព​មនុស្សធម៌ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រា​លំបាក​។​
 
«​ខ្ញុំ​រីករាយ​ដែល​បានទទួល​នូវ​លិខិត​របស់លោក ថោង ខុន ក្នុងពេល​ដ៏​សំខាន់​នេះ​នៅក្នុង​ប្រទេស​ចិន ដែល​បាននិងកំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​មេរោគ (COVID-១៩)​។ លិខិត​របស់លោក បានបញ្ជាក់​សំដែង​នូវ​ការអាណិតអាសូរ និង​ការបរិច្ចាក​ម៉ាស់​ពេទ្យ ដល់​រដ្ឋបាល​ក្រុង​ហ្សេ​ង​ចូ​វ តាមរយៈ​ស្ថាន​តំណាង​ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា និង​បាន​ឆ្លុះបញ្ចាំង​ពី​មិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​ប្រជាជន​កម្ពុជា និង​ចិន ក៏ដូចជា​ប្រជាជន​ហ្សេ​ង​ចូ​វ ដែល​នេះ​ក៏​បង្ហាញ​ពី​សាមគ្គីភាព​របស់លោក ជាមួយ​យើងខ្ញុំ​ក្នុងការ​ប្រយុទ្ធ​ទប់ទល់​ជំងឺឆ្លង​នេះ​។ យើងខ្ញុំ​សូម​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រឿងនេះ​»​។ នេះ​បើតាម​លិខិត​របស់លោក ស៊ូ លី​យី​។ 
 
​លោក ថោង ខុន បាន​ឧបត្ថម្ភ​ម៉ាស​ពេទ្យ​១០០០០​ម៉ាស់ ដល់​រដ្ឋបាល​ក្រុង​ហ្សេ​ង​ចូ​វ (Zhengzhou) ខេត្ត​ហឺ​ណាន​( Henan)​ប្រទេស​ចិន ដែល​កំពុង​ប្រយុទ្ធ​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម Covid-19 និង​ដើម្បី​បង្ហាញ​នូវ​សមានចិត្ត ទឹកចិត្ត និង​សប្បុរសធម៌​ក្នុង​គ្រា​លំបាក​។ 
 
​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ លោក តុ​ប សុភ័ក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ម៉ាស់​ទាំងនេះ ត្រូវបាន​បញ្ជូន​តាម​យន្តហោះ​កាលពី​ព្រឹក​ថ្ងៃទី​២៩ កុម្ភៈ​នេះ ទៅ​ប្រទេស​ចិន​។ «​ម៉ាស់​បាន​ដឹក​តាម​យន្ត​ទៅ​ចិន​ព្រឹក​មិញ ប្រហែល​ល្ងាច​ឬស្អែក​នឹង​ដល់​ចិន​ហើយ​»​។ នេះ​ជា​លើកឡើង​របស់លោក តុ​ប សុភ័ក​៕ 
 
 

Tag:
 ម៉ាស់​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com