អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Muhyiddin Yassin ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី​
01, Mar 2020 , 1:19 pm        
រូបភាព
ប្រភព៖Straits Times
ប្រភព៖Straits Times
ដោយ:
​លោក Muhyiddin Yassin បាន​ស្បថ​ចូលកាន់​តំណែង​នៅ​បរម​រាជ​រាំង​ម៉ាឡេស៊ី​ជា​នាយករដ្ឋមន្ត្រី​ទី​៨​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០១ ខែមីនា​។ នេះ​បើតាម​ការចុះផ្សាយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។​

 
 
​ប្រាប់​អ្នកសារព័ត៌មាន​មុន​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក Muhyiddin លោក មហា​ធៀ មហាម៉ាត់ បានបញ្ជាក់​ជាថ្មី​ថា លោក​មាន​សំឡេងគាំទ្រ​ច្រើន​លើសលប់​ក្នុង​សភា​ម៉ាឡេស៊ី​។ ហើយ​កាលពី​យប់​ថ្ងៃ​សៅរ៍  លោក មហា​ធៀ បាន​បញ្ចេញ​ប​ញ្ចី​ឈ្មោះ​សមាជិកសភា​១១៤ នាក់ ដែល​គាំ​ត្រលោក​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​។

 
​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លោក មហា​ធៀ បានស្នើ​ឲ្យ​មាន​អង្គប្រជុំ​សភា​មួយ​បន្ទាន់​មួយ ដូច្នេះ​សមាជិកសភា​ម៉ាឡេស៊ី អាច​បង្ហាញ​ជា​ផ្លូវការ​ថា​តើ​ពួកគេ​គាំទ្រ​លោក  Muhyiddin ជា​នាយករដ្ឋមន្ត្រី​ឬ​យ៉ាងណា​។  
 
«​ខ្ញុំ​មាន​អារម្មណ៍​ត្រូវបាន​ក្បត់​ដោយ​លោក Muhyiddin»​។ លោក មហា​ធៀ និយាយ​បែបនេះ​។ 
 
​ម្យ៉ាងវិញទៀត លោក មហា​ធៀ បាន​អះអាងថា មហាក្សត្រ​ម៉ាឡេស៊ី ពុំ​រាជានុញ្ញាត​ឲ្យ​លោក​ជួប​ទ្រង់ ដើម្បី​បង្ហាញថា លោក​ពិត​ជាមាន​សំឡេងគាំទ្រ​ភាគច្រើន​ពី​សមាជិកសភា​ឡើយ​។ មុន​លោក Muhyiddin ស្បថ​ចូលកាន់​តំណែង លោក អះអាង​ដូច្នេះ​ថា​៖«​អ្នកចាញ់ (​គ្មាន​សំឡេង​ភាគច្រើន​លើសលប់​ក្នុង​សភា​) នឹង​បង្កើត​រដ្ឋាភិបាល​មួយ ខណៈ​អ្នកឈ្នះ នឹង​ក្លាយជា​បក្សប្រឆាំង​»​។ 
 
​លោក មហា​ធៀ សង្កត់ធ្ងន់ថា ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ម៉ាឡេស៊ី អ្នក​ដែល​ត្រូវបាន​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​ត្រូវតែមាន​ការគាំទ្រ​សំឡេង​ភាគច្រើន​លើសលប់​ពី​សមាជិកសភា​ម៉ាឡេស៊ី ដោយ​ពុំ​ខ្វល់​ពី​គណបក្សនយោបាយ​ណាមួយ​ឡើយ​។ ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​បាន គឺ​ត្រូវការ​សំឡេងគាំទ្រ ១១២ នាក់​ក្នុងចំណោម​សមាជិកសភា​ទាំង​២២២​នាក់​។​
 
​គួររម្លឹកថា សេចក្តីថ្លែងការណ៍​រប​ស់រាជ​វាំង​ម៉ាឡេស៊ី​កាលពី​រសៀល​ថ្ងៃ​សៅរ៍ បាន​បញ្ជាក់ថា ក្រោយ​ជំនួប​ជាមួយ​សមាជិកសភា​ទាំងអស់ មហាក្សត្រ​ម៉ាឡេស៊ី បាន​រកឃើញថា សមាជិកសភា​ដែលមាន​សំឡេងគាំទ្រ​ច្រើន​លើសលប់ គឺ​លោក Muhyiddin ។ 
 
​ការតែងតាំង​នាយករដ្ឋមន្ត្រី​នេះ ពុំ​អាច​ពន្យារ​បានឡើយ សម្រាប់​សុខមាលភាព​ប្រជាជន​និង​ប្រជាជាតិ​ម៉ាឡេស៊ី​។ មហាក្សត្រ​ម៉ាឡេស៊ី ទ្រង់ Abdullah មានបន្ទូល​បែបនេះ ដោយ​បន្ថែមថា ទ្រង់​ជឿជាក់ថា នេះ​គឺ​ការសម្រេច​ចិត្តល្អ​បំផុត​សម្រាប់​គ្រប់គ្នា និង​សង្ឃឹមថា ការណ៍​នេះ​បញ្ចប់​វិបត្តិ​នយោបាយ​នៅពេលនេះ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com