ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
និស្សិត​កសិកម្ម​នៅ​កំពង់ចាម ច្នៃ​សាច់​ស្វាយចន្ទី ជា​ចាហួយ តំណាប់ ទឹក​ផ្លែឈើ ស្រា និង ជី​ទឹក
01, Mar 2020 , 6:59 pm        
រូបភាព
សិស្សវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម កែច្នៃសាច់ស្វាយចន្ទីជា តំណាប់ ចាហួយ ស្រា ទឹកផ្លែឈើ និង ជីទឹក (រូបពី លោក ស៊ុម ណយ)
សិស្សវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម កែច្នៃសាច់ស្វាយចន្ទីជា តំណាប់ ចាហួយ ស្រា ទឹកផ្លែឈើ និង ជីទឹក (រូបពី លោក ស៊ុម ណយ)
 
​ភ្នំពេញ​៖ និស្សិត​មួយក្រុម​មាន​គ្នា​៦​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​ស​កិ​កម្ម​កំពង់ចាម បាន​កែច្នៃ​សាច់​ស្វាយចន្ទី​ជា ចាហួយ តំណាប់ ទឹក​ផ្លែឈើ ស្រា និង ជី​ទឹក​។ កន្លងមក អ្នក​ដាំ​និង​អ្នកទិញ ផ្ដោត​សំខាន់​យកតែ​គ្រាប់ តែ​សាច់​ស្វាយចន្ទី​ដែលមាន​ចំនួន​ច្រើនជាង​គ្រាប់ ត្រូវបាន​បោះចោល​ទាំងស្រុង​។ ដោយសារ​បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រុមយុវជន​ទាំង​៦​នាក់ សម្រេចយក​សាច់​ស្វាយចន្ទី មក​សិក្សា​និង​កែច្នៃ ដើម្បី​ទាញ​ជា​ផលប្រយោជន៍ និង​ជួយ​ដល់​កសិករ​។


​និស្សិត​ទាំង​៦​នាក់ ដែល​សិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម នៅ​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បានចាប់ផ្ដើម​យក​សាច់​ស្វាយចន្ទី​មក​សិក្សា​និង​កែច្នៃ​នៅ​ដើមឆ្នាំ​២០២០​នេះ រហូតដល់​អំឡុង​ខែកុម្ភៈ​នេះ អាច​កែច្នៃ​ចេញ​ជា ចាហួយ តំណាប់ ទឹក​ផ្លែឈើ ស្រា និង ជី​ទឹក​។ បច្ចុប្បន្ន ក្រុមយុវជន​នេះ ដែល​រៀន​ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម​ឆ្នាំ​ទី​៣​នេះ កំពុងតែ​សិក្សា​និង​ស្រាវជ្រាវ​បន្ថែម ពី​អត្ថប្រយោជន៍​និង​ពិនិត្យ​តាមដាន​បន្ត​លើ​ផលិតផល​ថ្មី​នេះ​។ 

   
ក្រុមសិស្សដែលកែច្នៃសាច់ស្វាយចន្ទី
​កញ្ញា ពៅ គឹម​ឈង ជា​ប្រធាន​ក្រុម បានផ្ដល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​ថា ការកែច្នៃ​នេះ ជា​គោលបំណង​បង្កើត​ឬ​កែច្នៃ​ផលិតផល​ដែល​គ្មាន​តម្លៃ ឲ្យ​ទៅជា​ផលិតផល​មានតម្លៃ អាច​លក់​នៅលើ​ទីផ្សារ និង​សម្រាប់​ជួយ​ដល់​ជីវភាព​កសិករ​។ 
 
​កញ្ញា គឹម​ឈង និយាយថា​៖«​ការយក​សាច់​ស្វាយចន្ទី​មក​ច្នៃ​នេះ ដោយ​កន្លងមក គេ​ដាំ​យកតែ​គ្រាប់​សម្រាប់​លក់​តែប៉ុណ្ណោះ​។ ប្រមូល​គ្រាប់ស្វាយចន្ទី បាន​១​គីឡូក្រាម តែ​សាច់​ស្វាយ ដែល​បោះបង់ចោល អាចមាន​ដល់​ទៅ​១០​គីឡូក្រាម​។ ដូច្នេះ ទើប​យើង​លើក​បញ្ហា​នេះ ពិភាក្សាគ្នា រួមជាមួយ​លោកគ្រូ​-​អ្នកគ្រូ​នៅ​សាលា ហើយ​បន្ទាប់ពី​មានការ​ជ្រោមជ្រែង​ពី​ពួកគាត់ ទើប​ក្រុម​ខ្ញុំ​ចាប់ផ្ដើម​សហការគ្នា​សាកល្បង​ផលិត​»​។​
 
​ទន្ទឹមនឹងនេះ កញ្ញា បាន​បញ្ជាក់ថា ប្រសិនបើ​ទទួលបាន​ជោគជ័យ​ក្នុង​ការផលិត​នេះ ក្រុម​កញ្ញា ទទួល​ស្វាគមន៍​រាល់​កិច្ចសហការ​ពី​អ្នក​មានបំណង​ចង់​វិនិយោគ​ជាមួយ​។ ជាមួយគ្នា​ដែរ នៅ​អំឡុង​ពេលនេះ ក្រុម​របស់​កញ្ញា ក៏​រង់ចាំ​ទទួល​ការណែនាំ ការឧបត្ថម្ភ​ផ្សេងៗ និង​ការរិះគន់​ដើម្បី​ស្ថាបនា ក្នុង​គោលបំណង​ឲ្យ​ដំណើរការ​ទៅមុខ​បាន​កាន់តែ​ល្អ​។ 
 
​យុវជន​រូបនេះ បាន​អំពាវនាវ​ប្រជាពលរដ្ឋ ជួយ​គាំទ្រ​ផលិតផល​ខ្មែរ​។ រីឯ យុវជន ដែល​កំពុង​សិក្សា​ផ្សេងៗ​ទៀត ត្រូវ​ចេះ​ស្រាវជ្រាវ សម្រាប់​ជួយ​ខ្លួនឯង គ្រួសារ និង សង្គម ជាពិសេស​គឺ​ពលរដ្ឋ​ខ្មែរ​៕ 
 




Tag:
 ស្វាយចន្ទី​
  ខេត្តកំពង់ចាម​
© រក្សាសិទ្ធិដោយ thmeythmey.com