សង្គមអន្តរជាតិ​
អន្តរជាតិ
តើ​កត្តា​អ្វីខ្លះ​ដែល​បង្កើត​ឲ្យ​មាន​ជា​«​កោះ​»? កោះមាន​ប៉ុន្មាន​ប្រភេទ​?
01, Mar 2020 , 8:59 pm        
រូបភាព
​កោះ​គឺជា​សណ្ឋាន​ដី​ទាំងឡាយណា​ដែល​ព័ទ្ធជុំវិញ​ដោយ​សណ្ឋាន​ទឹក​។ ទ្វីប​ក៏ត្រូវ​បាន​ព័ទ្ធ​ដោយ​សណ្ឋាន​ទឹក​ដែរ តែដោយសារ​វា​មាន​ទំហំ​ធំ​មហាសាល គេ​មិន​ចាត់ទុក​វា​ជា​កោះ​នោះឡើយ​។ ទ្វីបអូសេអានី​គឺជា​ទ្វីប​ដែលមាន​ទំហំ​តូច​ជាងគេ​។ ចំណែកឯ​កោះ​ដែលមាន​ទំហំ​ធំជាងគេ​គឺ​កោះ ហ្ក្រោ​អ៊ិន​ឡិន (Greenland) របស់​ប្រទេស​ដា​ណឺ​ម៉ាក់​។ ភាគច្រើន កោះ​នៅក្នុង​មហាសមុទ្រ និង​សមុទ្រ​ពិភពលោក​មាន​ទំហំ​តូច​ជាង​កន្លះ​ហិកតា​។ នេះ​បើតាម​ការបកស្រាយ​រប​ស់​គេហទំព័រ​ចំណេះដឹង​វិទ្យាសាស្ត្រ​នៃ​ទូរទស្សន៍ National Geographic ។ គេ​ចែក​កត្តា​នៃ​ការកកើត​សណ្ឋាន​ដី​កោះ​ជា​៦​ប្រភេទ​៖

 
​ទី​១៖ «​កោះ​ទ្វីប​» ឬ «Continental Island» គឺជា​ប្រភេទ​កោះ​ដែល​ធ្លាប់​នៅជាប់​ជាមួយនឹង​សណ្ឋាន​ដី​ស្រទាប់​ខាងក្រោម​នៃ​ផ្ទាំង​ដី​ទ្វីប​ធំៗ​។ ដោយសារតែ​ផ្ទាំង​ដី​ធំៗ​មាន​ចលនា​ឥតឈប់ឈរ​យឺតៗ​ជា​រៀងរាល់ថ្ងៃ ទើប​ផ្ទាំង​ដី​មួយចំនួន​ត្រូវបាន​រំកិល​ចេញពី​គ្នា បង្កើតបានជា​កោះ​។ កោះ ម៉ា​ដា​កា​ស្កា និង​កោះ ហ្ក្រោ​អ៊ិន​ឡិន គឺជា​ឧ​ទា​ហរ​ណ៌​នៃ​ប្រភេទ​កោះ​នេះ​។ មួយវិញទៀត​គឺ​ការកើតឡើង​នៃ​កម្ពស់​ទឹកសមុទ្រ នៅក្នុងពេល​«​យុគ​ទឹកកក​»​នៃ​ផែនដី ដែល​កើតមានឡើង​កាលពី​១៨​ពាន់​ឆ្នាំមុន​។ ដី​ទំនាប​ទាបៗ​ត្រូវបាន​ជន់​លិច​ដោយ​ទឹកសមុទ្រ​។ 
 
​ទី​២៖ «​កោះ​ជំនោរ​ទឹកសមុទ្រ​» ឬ «Tidal Island» ដែល​បង្ហាញ​ពី​កោះ​ទ្វីប​ម្យ៉ាង​មិនទាន់បាន​រង​សំនឹក​ទាំងស្រុង​ពី​បរិស្ថាន​ជុំវិញ​។ នៅពេលដែល​ទឹកជោរ​ខ្លាំង ផ្នែក​មួយចំនួនធំ​នៃ​កោះ​ប្រភេទ​អាចមាន​វត្ត​មាននៅ​ខាងក្រោម​កម្ពស់​ទឹកសមុទ្រ​មួយរយៈ​បាន​។ ឧ​ទា​ហរ​ណ៌​មានដូចជា​កោះ Mont Saint-Michel នៃ​ប្រទេស​បារាំង​។ 
 
​ទី​៣៖ «​កោះ​របាំង​» ឬ «Barrier Island» ជា​ប្រភេទ​កោះ​ដែលមាន​រាង​ទ្រវែង មាន​ទីតាំង​នៅតាម​បណ្តោយ​ឆ្នេរ​។ វា​អាច​កើតចេញពី​ខ្សាច់ ដី ឬ​ប្រភេទ​ថ្ម​ផ្សេងៗ​។ ពេលខ្លះទៀត វា​ក៏​អាច​កើតចេញពី​ផ្កាថ្ម និង​សត្វ​ដែលមាន​សំបក​រឹងៗ​ដែល​រស់នៅក្នុង​សមុទ្រ​រាក់ៗ​ផងដែរ​។ វា​មាន​នាទី​ក្នុងការ​ការពារ​ឆ្នេរ​ពីរ​លក និង​ខ្យល់​ធំៗ​។ 
 
 
​ទី​៤៖ «​កោះ​ភ្នំភ្លើង​» ឬ «Volcanic Island» គឺជា​កោះ​ដែល​កើតចេញពី​ប​ន្ទុះ​ភ្នំភ្លើង​នៅក្រោម​ទឹកសមុទ្រ​។ នៅពេលដែល​វា​ផ្ទុះ ម៉ាក​ម៉ា ដែលជា​ថ្ម​រាវ​ក្តៅ​ហូរ​ចេញមក​ខាងក្រៅ​បង្កើតបានជា​ស្រទាប់ដី​ថ្មីៗ នៅពេលដែល​វា​ត្រជាក់​ទៅវិញ​។ 
 
​ទី​៥៖ «​កោះ​ផ្កាថ្ម​» ឬ «Coral Island» កើតចេញពី​សារពាង្គកាយ​សមុទ្រ​មានជីវិត​ដូចជា​ពពួក​ផ្កាថ្ម​ជាដើម​។ សារពាង្គកាយ​ទាំងនេះ​សម្បូរ​ទៅដោយ​សារធាតុ​កាល់ស្យូម​កាបូន​ណាត  ឬ​គេ​ហៅ​ម្យ៉ាង​ទៀតថា​ថ្មកំបោរ​។ វា​មាន​វត្ត​មានដូចជា​នៅតាម​កោះ Bahamas និង​បណ្តុំ​កោះ Caribbean ។ 
 
​ទី​៦៖ «​កោះ​សិប្បនិម្មិត​» ឬ «Artificial Island» ដែល​ត្រូវបាន​បង្កើត​ដោយ​មនុស្ស​ក្នុង​គោលបំណង​ខុសគ្នាៗ ដែល​ក្នុងនោះ​អាចជា​ការសាងសង់​សំណង់​អគារ​ដូចជា​នៅ​ប្រទេស​អារ៉ាប់ ទាញយក​ផ្ទៃដី​រស់នៅ​បន្ថែម​ដូចជា​នៅ​សឹង្ហ​បុរី ឬ​ជាការ​ការពារ​ពី​ទឹកជំនន់​ដូចជា​នៅ​ប្រទេស​ហូ​ឡង់​ជាដើម​៕

© រក្សាសិទ្ធិដោយ thmeythmey.com