ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ប្រាសាទបន្ទាយឆ្មារ តំបន់​ទេសចរណ៍​សក្កា​នុព​ល ដែល​មិនគួរ​មើលរំលង​
01, Mar 2020 , 9:59 pm        
រូបភាព
​បន្ទាយមានជ័យ​៖ ប្រាសាទបន្ទាយឆ្មារ ជា​ប្រាសាទ​មាន​វ័យ​ចំណាស់ កសាង​នៅ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣  ស្ថិតនៅ​ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន​ប្រាសាទ​នេះ ត្រូវបាន​ជួសជុល និង​ថែទាំ​បាន​ត្រឹមត្រូវ ពី​អាជ្ញាធរ​នៅក្នុង​តំបន់​នោះ​។ ក្នុង​បទ​សម្ភាស ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក គិត សុ​គួ​ន មគ្គុទេសក៍​ទេសចរ នៃ​សហគមន៍​បន្ទាយឆ្មារ បាន​លើកឡើងថា ចំណុច​ពិសេស​របស់​ប្រាសាទបន្ទាយឆ្មារ គឺជា​ប្រាសាទ​ដែល​ធំ មាន​រូបចម្លាក់​ព្រះ​លោកេស្វរៈ ដែល​តំណាង​ឲ្យ​ខេត្តបន្ទាយមានជ័យ​, រូប​កំពូល​មុខ​បួន និង​ទិដ្ឋភាព​ជុំវិញ​ប្រាសាទ​មាន​ភាព​ស្អាត​។​


​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក គិត សុ​គួ​ន មគ្គុទេសក៍​ទេសចរ​នៃ​សហគមន៍​បន្ទាយឆ្មារ​ដូចតទៅ​៖



​មាន​ចម្ងាយ ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តបន្ទាយមានជ័យ ប្រាសាទបន្ទាយឆ្មារ កសាង​ដើម្បី​ឧទ្ទិស​ដល់​បុត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះនាម ស្រិ​ន្ទ្រ​កុមារ​។ ប្រាសាទ​វ័យ​ចំណាស់​មួយ​នេះ មាន​បណ្ដោយ ៧៧០​ម៉ែត្រ និង​ទទឹង​៦៩០​ម៉ែត្រ ។ 
 
​ក្នុង​បរិវេណ​ប្រាសាទបន្ទាយឆ្មារ មាន​ភាពស្រស់ស្អាត អមដោយ​ដើមឈើ​ត្រឈឹងត្រឈៃ គួរ​ជាទី​គយគន់​។ ទោះបី​មាន​ភាពស្រស់ស្អាត និង​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ប្រាសាទបន្ទាយឆ្មារ មិនសូវមាន​ភ្ញៀវទេសចរ​អន្តរជាតិ មក​ទស្សនា​នោះទេ​។ លោក គិត សុ​គួ​ន មគ្គុទេសក៍​ទេសចរ​នៃ​សហគមន៍​បន្ទាយឆ្មារ បញ្ជាក់ថា​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុង​មួយឆ្នាំ មាន​ភ្ញៀវ​ទេស​អន្តរជាតិ​ចន្លោះ​ពី​២​ពាន់​ទៅ​៣​ពាន់​នាក់​ប៉ុណ្ណោះ ដែល​មក​ទស្សនា​នៅ​ប្រាសាទបន្ទាយឆ្មារ​។ ប៉ុន្តែ​ភ្ញៀវទេសចរ​ជាតិ មាន​ច្រើន​»​។ 
 
​បើតាម​លោក គិត សុ​គួ​ន កត្តា​ធម្មជាតិ និង​កត្ដា​សង្គ្រាម បានធ្វើ​ឲ្យ​ប្រាសាទបន្ទាយឆ្មារ មានការ​រលំ និង​បាក់បែក​។ សូមបញ្ជាក់ថា ក្រៅពី​ប្រាសាទបន្ទាយឆ្មារ នៅក្នុង​តំបន់​នេះ មាន​ប្រាសាទ​ចំនួន ៨​ផ្សេងទៀត ដែល​នៅ​ជិត​ប្រាសាទបន្ទាយឆ្មារ​ផងដែរ​៕  








Tag:
 ប្រាសាទបន្ទាយឆ្មារ​
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com