COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌូណេស៊ី ត្រៀម​ថវិកា​ជាង​៧00​លាន​ដុល្លារ ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​ដែល​ប្រឈម​វិបត្តិ​ការងារ​ព្រោះ​វីរុស COVID-19
01, Mar 2020 , 7:39 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (រូបភាព៖ AFP)
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (រូបភាព៖ AFP)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ត្រៀម​បញ្ចេញ​ថវិការដ្ឋ​មួយ​ភាគ ដើម្បី​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ និង​វិជ្ជាជីវៈ​ខ្លីៗ សម្រាប់​ប្រជាពលរដ្ឋ​។ គោលនយោបាយ​នេះ គឺជា​ចំណាត់ការ​មួយ​ដើម្បី​ទប់ស្កាត់​អត្រា​អ្នក​ការងារ​ធ្វើ ស្រប​ពេលដែល​តំបន់ ក៏ដូចជា​ពិភពលោក កំពុងតែ​ជួប​វិបត្តិ​ការងារ​ដោយសារតែ​ការ​រាតត្បាត​នៃ​វីរុស COVID-19​។​

 
​បើ​មិនមាន​ការប្រែប្រួល​នោះទេ ចាប់ពី​ខែមីនា​តទៅ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នឹង​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​ពង្រឹង​ជំនាញ​តាមរយៈ​ការបណ្តុះបណ្តាល​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​២​លាន​នាក់ ដែល​នឹងត្រូវ​ចាយ​ថវិការដ្ឋ​ប្រមាណ ៧១៩,៥៧ លាន​ដុល្លារ​។ នេះ​គឺជា​ការអះអាង​របស់រ​ដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ លោកស្រី Sri Mulyani Indrawati នៅ​ថ្ងៃ​២៧ កុម្ភៈ កន្លងទៅ​។  
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Jakarta Post លោកស្រី​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា នេះ គឺជា​គោលនយោបាយ​មួយ​របស់លោក​ប្រធានាធិបតី Joko Widodo ដើម្បី​ធានា​ឲ្យ​បាន​នូវ​អាត្រា​ខ្ពស់​នៃ​ភាព​មាន​ការងារ​ធ្វើ​របស់​ប្រជាជន ក៏ដូចជា​ដើម្បី​បង្កើន​សមត្ថភាព​ប្រជាជន​ឲ្យ​ស្រប​នឹង​ការផ្លាស់ប្តូរ​ឥតឈប់ឈរ​នៃ​សេដ្ឋកិច្ច​ឌីជីថល និង​ការប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដោយ​ម៉ាស៊ីន​។​
 
​តាម​លោកស្រី​រដ្ឋមន្ត្រី នេះ គឺជា​ផ្នែក​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​ពី​វីរុស COVID-19 ដែល​កំពុងតែ​ធ្វើ​ឲ្យ​ចរន្ត​ការងារ ជាពិសេស​លើ​ការងារ​របស់​កម្មករ​មួយចំនួន​ត្រូវ​ជួប​បញ្ហា​។ ពោលគឺ ឥណ្ឌូណេស៊ី កែប្រែ​ឱកាស​នៃ​វិបត្តិ​នេះ ដើម្បី​ពង្រឹងសមត្ថភាព​កម្លាំង​ពលកម្ម​ឲ្យ​កាន់តែ​រឹងមាំ ។​
 
​ក្រៅពី​ការជួយ​ស្រោចស្រង់​លើ​សមត្ថភាព និង​ជំនាញ​របស់​ប្រជាជន លោកស្រី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​រូបនេះ បាន​ឲ្យ​ដឹងផង​ដែរ​ថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក៏បាន​ត្រៀម​ថវិកា​ដើម្បី​ឧបត្ថម្ភ​បំពេញបន្ថែម​ដល់​ភ្នាក់ងារ​អាកាសចរណ៍ និង​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ដល់​អ្នកទស្សនា​បរទេស​តាមរយៈ​ការបញ្ចុះ​តម្លៃ​លើ​សេវាកម្ម​ដែល​ភ្នាក់ងារ​ទាំងនេះ ផ្តល់ជូន​។​
 
​គួរ​ជម្រាប​ថា វីរុស COVID-19 ដែល​អង្គភាព​សុខភាព​ពិភពលោក ចាត់ទុកថា​ជា​វិបត្តិ​មួយ​ដ៏​ធ្ងន់ធ្ងរ​របស់​ពិភពលោក បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​មួយចំនួន​របស់​ពិភពលោក​ជាពិសេស​ចិន តែម្តង​ត្រូវ​ផ្អាក និង​បញ្ឈប់​ចរន្ត​ការងារ​មួយរយៈ​។ អត្រា​អ្នក​អត់​ការងារ​ធ្វើ ក៏​ចាប់ផ្តើម​ងើបឡើង ដោយសារតែ​ក្រុមហ៊ុន និង​រោងចក្រ ត្រូវ​ផ្អាក ឬ​បិទ​ដំណើរការ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com