អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វីលីពីន នឹង​ពិចារណា​ចុះ​កិច្ចព្រមព្រៀង​យោធា​ថ្មី​ជាមួយ​អាមេរិក តែ​ធានា​មិន​ឲ្យ​ប៉ះពាល់​អធិបតេយ្យ​ឡើយ​
01, Mar 2020 , 10:30 pm        
រូបភាព
ដោយ:
 ​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កំពុងតែ​ពិនិត្យមើល​លទ្ធភាព​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា​ថ្មី​មួយទៀត បន្ទាប់​កិច្ចព្រមព្រៀង​មុន ត្រូវបាន​បញ្ចប់​។ តែ​យ៉ាងណា ក្នុង​គោលជំហរ​របស់​ក្រុង​ម៉ានីល​ជាពិសេស​រដ្ឋបាល​ដឹកនាំ​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ រាល់​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ត្រូវតែ​មិន​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ឡើយ​។​

 
​អគ្គរដ្ឋទូត​ហ្វីលីពីន​ប្រចាំ​អាមេរិក លោក Jose Manuel Romualdez នៅ​ថ្ងៃ​២៧ កុម្ភៈ បាន​ឲ្យ​ដឹងថា ទ្វារ​របស់​ហ្វីលីពីន​ទៅកាន់​អាមេរិក មិនត្រូវ​បាន​បិទ​ទាំងស្រុង​នោះទេ​។ ហ្វីលីពីន និង​អាមេរិក កំពុងតែ​សិក្សា​លើ​លទ្ធភាព​នៃ​សហប្រតិបត្តិការ​ថ្មី​ដែល​ភាគី​ទាំងពីរ​អាច​ទទួលបាន​យកបាន​ទាំងសងខាង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន inquirer.net​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក​អគ្គរដ្ឋទូត បាន​អះអាងថា បច្ចុប្បន្ន​សម​ភាគី​រប​ស់លោក គឺ​លោក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ហ្វីលីពីន Sung Kim ដែល​បច្ចុប្បន្ន​កំពុងតែ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​វ៉ាស៊ីនតោន​ស្រាប់​នោះ កំពុងតែ​ស្វែងរក​មធ្យោបាយ​នានា​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក​-​ហ្វីលីពីន បន្ត​ទៅមុខ​។ លោក សង្កត់ធ្ងន់ ថា លោក​តែងតែ​ធ្វើ​ទំនាក់ទំនង​ជាមួយនឹង​លោក Sung ស្ទើរតែ​រាល់ថ្ងៃ និង​យ៉ាង​ជិតស្និទ្ធ​។​
 
​គួរ​ជម្រាប​ថា ថ្មីៗ​នេះ រដ្ឋបាល​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានធ្វើ​កំណត់​ទូត​ផ្លូវការ​មួយ​ទៅកាន់​អាមេរិក ស្តីពី​ការបញ្ចប់​កិច្ចព្រមព្រៀង​ស្តីពី​ការបំពេញ​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​នៅ​ហ្វីលីពីន ហើយ​ភាគី​អាមេរិក ក៏​មិនមាន​អ្វី​យល់​ទាស់​ដែរ​។ យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀង​នេះ នៅ​មិនទាន់​បញ្ចប់​ផ្លូវការ​នៅឡើយ​នោះទេ ដ្បិត​ត្រូវ​រង់ចាំ​រហូតដល់ ១៨០​ថ្ងៃ បន្ទាប់ពី​ការជូនដំណឹង​ការទូត​នេះ​។​
 
​សម្រាប់​លោក ឌូ​ទើ​តេ ការណ៍​ដែល​លោក ឈានដល់​ការសម្រេចចិត្ត​បញ្ចប់​កិច្ចព្រមព្រៀង​នេះ ក៏​ដោយសារតែ លោក មើលឃើញថា កិច្ចព្រមព្រៀង​នេះ ធ្វើ​ឲ្យ​ហ្វីលីពីន​បាត់បង់​អធិបតេយ្យភាព​របស់ខ្លួន ដ្បិត​កន្លងមក អាមេរិក អាចមាន​សិទ្ធិ​បញ្ជូនទាហាន​របស់ខ្លួន​ដើម្បី​បំពេញការងារ​មនុស្សធម៌ និង​សកម្មភាព​យោធា​មួយចំនួន​នៅ​ហ្វីលីពីន​។ មួយវិញទៀត​នោះ នេះ ក៏​ជា​សារ​មួយ​តប​ទៅ​អាមេរិក​ផងដែរ បន្ទាប់ពី​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រីជាន់ខ្ពស់​របស់​ហ្វីលីពីន​។​
 
​ទោះ​បែបនេះ តាម​លោក​អគ្គរដ្ឋទូត​ហ្វីលីពីន ហ្វីលីពីន​-​អាមេរិក នៅតែ​អាច​ធ្វើការ​ជាមួយគ្នា​បាន ក្រៅពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា​នេះ​។ លោក បា​នស​ង្ត​ត់​ធ្ងន់​ថា អាមេរិក គឺជា​ប្រទេស​មហាអំណាច​មួយ ដែល​គ្រប់គ្នា​ជុំវិញ​ពិភពលោក មិនអាច​មិន​អើពើ​បានឡើយ សូម្បីតែ​ចិន​៕ 

Tag:
 ហ្វីលីពីន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com