ជាតិ
នយោបាយជាតិ
សម្ដេច ស ខេង៖ «ឈ្មោះខ្ញុំ» មិនសូវឱ្យគេដាក់នៅតាមសាលារៀន ដែលខ្ញុំកសាងទេ
×
ភ្នំពេញ៖ សម្ដេច ស ខេង បានបញ្ជាក់ថា សម្ដេច បានជាជួយកសាងសាលារៀន និងសាកលវិទ្យាល័យច្រើនណាស់នៅកម្ពុជា ប៉ុន្តែសម្ដេច មិនសូវឱ្យគេយកឈ្មោះខ្លួន ទៅចារលើក្លោងទ្វារសាលារៀនទាំងនោះឡើយ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងបែបនេះនៅក្នុងពិធីចុះពិនិត្យ និងព្យាបាលជម្ងឺ ដោយឥតគិតថ្លៃរបស់គ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅខេត្តព្រៃវែង នាថ្ងៃទី១ មីនានេះ។
សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា សម្ដេចមិនសូវចង់ឱ្យគេដាក់ឈ្មោះខ្លួន នៅលើសមិទ្ធផលនានាដែលសម្ដេចបានចូលរួមកសាងឡើយ ដោយសុខចិត្តដាក់ឈ្មោះមេដឹកនាំដទៃជំនួស។ ត្រង់ចំណុចនេះរដ្ឋមន្ត្រីមហាផ្ទៃ បានរម្លឹកថា សម្ដេចធ្លាប់ជួយកសាងសាកលវិទ្យាល័យត្បូងឃ្មុំ និងវិទ្យាល័យកំចាយមារ និងសាលារៀនផ្សេងៗនៅតាមបណ្ដាខេត្តនានា ជាពិសេសខេត្តព្រៃវែងនេះតែម្ដង។ ក្រោយសាងសង់រួច ក៏មានការស្នើសុំឱ្យដាក់ឈ្មោះសម្ដេច ស ខេង នៅទីតាំងសាងសង់ទាំងនោះ ប៉ុន្តែត្រូវបានសម្ដេចបដិសេធ។
«…ពីមុនគេដាក់វិទ្យាល័យ(ឈ្មោះ)ខ្ញុំទេ ស ខេង កំចាយមារ ក្រោយមកខ្ញុំថា ខ្ញុំមិនទៅចង់បានឈ្មោះអ្វីទេ សំខាន់ខ្ញុំចង់ជួយប្រជាជនទេ ប៉ុន្តែក្រោយមកក៏ដាក់ឈ្មោះ វិទ្យាល័យកំចាយមារវិញ។ ដល់ពេលរៀបចំជួសជុលឡើងវិញ ខ្ញុំថាឱ្យដាក់វិទ្យាល័យ ហ៊ុន សែន កំចាយមារ ហើយមកទល់ឥឡូវហ្នឹង»។ នេះជាការបញ្ជាក់របស់ប្រមុខក្រសួងមហាផ្ទៃ។
បើតាមសម្ដេច ស ខេង អ្វីៗដែលសម្ដេចធ្វើ គឺដើម្បីប្រជាពលរដ្ឋ និងប្រទេសជាតិ ដូច្នេះសម្ដេច មិនចាប់អារម្មណ៍លើការដាក់ឈ្មោះនៅទីតាំងសមិទ្ធផលឡើយ។ «ខ្ញុំឈ្មោះខ្ញុំមិនសូវឱ្យគេដាក់ទេ ប៉ុន្តែដាក់ឈ្មោះអ្នកដទៃ មិនអ្នកដទៃគឺថ្នាក់ដឹកនាំយើង (ដូចជា) សាកលវិទ្យា ជា ស៊ីម វិទ្យាល័យ ហ៊ុន សែន និងសម្ដេច ហេង សំរិន គឺខ្ញុំធ្វើទាំងអស់តើ»។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីមហាផ្ទៃ៕
Tag:
ស ខេង
នយោបាយ
ហេដ្ឋរចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com