​​​ន​យោ​បាយ​ជាតិ​
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស​.​រ​.​អា​.​និង​ពួក​តា​លី​បង់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិ​ភាពជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​
01, Mar 2020 , 5:30 pm        
រូបភាព
សន្តិសុខ​អាហ្វហ្គានីស្ថាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​ផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ២០២០។
សន្តិសុខ​អាហ្វហ្គានីស្ថាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​ផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ២០២០។
ដោយ: VOA
​កាលពី​ថ្ងៃ​សៅរ៍ ស​.​រ​.​អា​.​និង​ពួក​តា​លី​បង់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​គួរកត់សម្គាល់​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ក្រុង​ដូ​ហា នៃ​ប្រទេស​កាតា ដោយ​រៀបចំ​សម្រាប់​ការបញ្ចប់​សង្គ្រាម​ជិត​១៩​ឆ្នាំ​មកហើយ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​នាំមក​ផ្ទះ​វិញ​នូវ​ក្រុម​ទាហាន​អាមេរិកាំង​រាប់ពាន់នាក់​ដែល​បាន​ត្រូវបញ្ជូន​ទៅកាន់​ទីនោះ​។​

​លោក Zalmay Khalizad ប្រធាន​ពួក​អ្នកធ្វើ​ការចរចា​ស​.​រ​.​អា​.​និង​លោក Mullah Abdul Ghani Baradar អនុប្រធាន​ខាង​កិច្ចការ​នយោបាយ​របស់​ពួក​តា​លី​បង់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​នៅក្នុង​ពិធី​មួយ​នៅឯ​សណ្ឋាគារ​មួយកន្លែង​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​កាតា ដែល​នៅ​ទីនោះ​លោក​រដ្ឋមន្ត្រីការបរទេស​ស​.​រ​.​អា​. Mike Pompeo និង​ពួក​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​មួយចំនួន​បាន​ចូលរួម​ដែរ​។​
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ត្រូវ​ចេញផ្សាយ​នៅក្រោយ​កិច្ចព្រមព្រៀង​ជាមួយ​ពួក​តា​លី​បង់​បាន​ត្រូវ​ចុះហត្ថលេខា សេត​វិមាន​បាន​កត់សម្គាល់ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ធ្វើតាម​ការសន្យារ​បស់​លោក​ថា​នឹង​យក​ពួក​ទាហាន​ស​.​រ​.​អា​.​មក​ផ្ទះ​វិញ​ពី​សង្គ្រាម​នៅឯ​ក្រៅប្រទេស​ដោយ​ធ្វើការ​ឆ្ពោះទៅកាន់​សន្តិភាព​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​សេចក្តីថ្លែងការណ៍​នេះ​ចែងថា «​កិច្ចព្រមព្រៀង​មួយ​បាន​ត្រូវ​សម្រេច​ជាមួយ​ពួក​តា​លី​បង់​ដែល​ធានារ៉ាប់រង​ការប្តេជ្ញា​សំខាន់ៗ​ជា​ចាំបាច់​ដើម្បី​បញ្ចប់សង្គ្រាម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នៅពេល​មាន​កិច្ចការ​ឯទៀតៗ​ត្រូវ​ធ្វើការ​ជឿនលឿន​នេះ​ផ្តល់ឱកាស​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ឱ្យមាន​សន្តិភាព​»​។​
 
​តាមរយៈ​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ពួក​សម្ព័ន្ធមិត្ត​របស់​ស​.​រ​.​អា​.​សន្យាថា​នឹង​ចាប់ផ្តើម​ដក​ជាបន្ទាន់​នូវ​កង​កម្លាំងយោធា​ទាំងអស់​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​រយៈពេល​១៤​ខែ​ពី​មូលដ្ឋាន​ប្រាំ​នៅក្នុង​ប្រទេស​នោះ​ជា​ថ្នូរ​នឹង​ការធានារ៉ាប់រង​ថា​ដែនដី​អា​ហ្វ​ហ្គា​នី​ស្ថាន នឹងមិន​ទទួល​ពួក​ភេរវជន​ជាតិ​សាសន៍​ផ្សេងៗ​ឱ្យ​ស្នាក់អាស្រ័យ​នៅ​ទី​នោះឡើយ​។​
 
​នៅក្នុង​រយៈពេល​១៣៥​ថ្ងៃ​ដំបូង ចំនួន​នៃ​ក្រុម​ទាហាន​អាមេរិកាំង​នឹងត្រូវ​កាត់បន្ថយ​ឱ្យមក​នៅត្រឹម​៨,៦០០​នាក់​ពី​ចំនួន​បច្ចុប្បន្ន​១៣,០០០​នាក់​ដែល​កំពុង​តាំងទី​នៅក្នុង​ប្រទេស​នេះ​។​
 
​ពួក​តា​លី​បង់​ក៏បាន​សន្យា​ដែរ​ថា​នឹងធ្វើ​ការចរចា​សន្តិភាព​ជាមួយ​ភាគី​ទាំងអស់​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន អំពី​កិច្ច​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​និង​ការបែងចែក​អំណាច​នៅពេល​ក្រោយ​សង្គ្រាម​ក្នុងប្រទេស​នេះ​។ កិច្ចចរចា​គ្នា​រវាង​ភាគី​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងអស់​មានកំណត់​នឹង​ចាប់ផ្តើម​ធ្វើ​ក្នុងពេល​១០​ថ្ងៃ​ទៀត​។ នៅក្នុងពេល​ប៉ុន្មាន​ថ្ងៃមុន​មាន​កិច្ចចរចា​ទាំងនេះ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​ដោះលែង​អ្នកទោស​តា​លី​បង់​៥​ពាន់​នាក់ ចំណែកឯ​ពួក​បះបោរ​នេះ​ត្រូវ​ដោះលែង​អ្នក​ចាប់​ឃុំឃាំង​១​ពាន់​នាក់​ដែរ​។​
 
​លោក Pompeo បាន​និយាយប្រាប់​ពួក​អ្នកចូលរួម​ក្នុង​ពី​ធី​ចុះហត្ថលេខា​នេះ​នៅ​ក្រុង​ដូ​ហា ថា «​កិច្ចព្រមព្រៀង​នេះ​នឹង​គ្មាន​ន័យ​ទេ​ហើយ​អារម្មណ៍ល្អ​នៅថ្ងៃនេះ​ក៏​នឹងមិន​មាន​ទៀត​ដែរ​ប្រសិនបើ​យើង​មិន​ធ្វើ​សកម្មភាព​ជាក់ច្បាស់​អំពី​ការប្តេជ្ញា​និង​ការសន្យា​ដែល​យើង​បានធ្វើ​»៕​

© រក្សាសិទ្ធិដោយ thmeythmey.com