COVID-19
អន្តរជាតិ
គ្រួសារ​មួយ​ត្រូវបាន​បណ្តេញ​ចេញពី​យន្ត​ហោះ​ដោយសារ​កូន​ពួកគាត់​ក្អក​
01, Mar 2020 , 3:30 pm        
រូបភាព
ដោយ: រួបរួម
​គ្រួសារ​កាណាដា​មួយ​ត្រូវបាន​បណ្តេញ​ចេញពី​យន្ត​ហោះ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ក្នុង​ដំណើរ​តាម Air Transat ពី​ក្រុង​កេ​ប៊ិច ទៅ​ប៉ារីស ដោយសារតែ​កូន​អាយុ​២១​ខែ​របស់​ពួកគាត់ បាន​ក្អក​។​

​ខណៈដែល​យន្តហោះ ជិត​ចេញដំណើរ​ពី​អាកាសយានដ្ឋាន​កេ​ប៊ិច ក្រុម​អ្នកដំណើរ​បាននាំគ្នា​រាយការណ៍​ទៅ​បុគ្គលិក​យន្តហោះ ពី​ករណី​ទារិកា​ម្នាក់​ដែល​បាន​ក្អក​។​
 
​បើតាម​ការផ្សាយ​របស់ Radio Canada ទារិកា​តូច​នោះ មាន​ជំងឺ​គ្រុនក្តៅ​ធម្មតា ប៉ុន្តែ​ក្រោយ​ទទួលបាន​ការរាយការណ៍​ពី​អ្នកដំណើរ​ផ្សេងទៀត​ដែល​ខ្លាច​ពី​ករណី COVID-19 គ្រួសារ​នោះ ត្រូវបាន​ស្នើសុំ​ឲ្យ​ចាក​ចេញពី​យន្តហោះ​។​
 
​ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​បាន​អះអាងថា ការស្នើ​ឲ្យ​គ្រួសារ​នោះ​ចេញពី​យន្តហោះ មិនមាន​ទំនាក់ទំនង​ជាមួយ COVID-19 នោះឡើយ ប៉ុន្តែ​ជាការ​អនុវត្ត​វិធានការ​ការពារ​។ 
 
​ទាក់ទង​ករណីនេះ ថ្នាក់ដឹកនាំ​យន្តហោះ បានស្នើ​សុំ​ឯកសារ​ពេទ្យ​ពី​ម្តាយ​ទារិកា ទាក់ទង​នឹង​ការបញ្ជាក់​ពី​ស្ថានភាព​ជំងឺ​របស់​ទារិកា​រូបនោះ ប៉ុន្តែ​ពួកគាត់​មិនមាន​ឯកសារ​ណាមួយ​ដែល​ត្រូវ​បង្ហាញ​នោះឡើយ​។​
 
​ទារិកា មាន​កំដៅ​៣៩,៦​អង្សារ​សេ ប៉ុន្តែ​គ្រូពេទ្យ​ដល់​ទៅ​ពីរ​នាក់ បាន​អះអាងថា ទារិកា និង​គ្រួសារ​របស់​នាង​អាចធ្វើ​ដំណើរ​បាន​។ «​យើង​នៅតែ​ត្រូវបាន​បណ្តេញ​ចេញពី​យន្ត​ហោះ បី​ជាមាន​ការអះអាង​ពីរ​ពេទ្យ​ពីរ​នាក់​ក៏ដោយ​។ ខ្ញុំ​គិតថា នេះ​ជា​រឿង​មិនធម្មតា​ឡើយ​»​។ អ្នកស្រី Clementine Ferraton ម្តាយ​ទារិកា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ប្រាប់ La Nouvelle Tribune​។​
 
​លោក​វេជ្ជបណ្ឌិត Horacio Arruda ទទួលបន្ទុក​សុខភាព​សារ​ធា​រណៈ​កាណាដា បានទទួល​ស្គាល់​ចំពោះ​រឿងរ៉ាវ​ដ៏​ខកចិត្ត​របស់​គ្រួសារ​ទារិកា​។ លោក​បាន​វាយតម្លៃថា​៖ «​ភាពភ័យខ្លាច ឆ្លង​ខ្លាំង​ជាង​វីរុស​ទៅទៀត​»​។​
 
​គ្រួសារ​របស់​ទារិកា បានសម្រេច​ប្តឹង​ប្រឆាំង​ក្រុមហ៊ុន​យន្តហោះ ដើម្បី​ទារជំងឺចិត្ត ដោយសារតែ​ពួកគាត់​បង្ខំចិត្ត​លុបចោល​ដំណើរ​វិស្សមកាល​ក​។ តាម​ការផ្សាយ​របស់ La Depeche ក្រុមហ៊ុន Air Transat បានសម្រេច​ចិត្ត​សង​ថ្លៃ​សំបុត្រ​យន្តហោះ​វិញ ដែលមាន​ជាង​៣០០០​ដុល្លារ​អាមេរិក​៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com