កីឡាជាតិ
ជាតិ
គ្រូបង្វឹក​វិសាខា​រំពឹង​បាន​៣​ពិន្ទុ​ជូន​អ្នកគាំទ្រ ខណៈ​សូល​ទី​ឡូ​អង្គរ​បារម្ភ​លើ​របួស​កីឡាករ​
01, Mar 2020 , 3:59 pm        
រូបភាព
ដោយ:
 
​គ្រូបង្វឹក​វិសាខា​លោក Colum Curtis បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចរាល់​ក្នុងការ​ទទួលភ្ញៀវ​សូល​ទី​ឡូ​អង្គរ​សម្រាប់​ជំនួប​លើក​ទី​៣​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នេះ នា​កីឡដ្ឋាន​ព្រី​នស៍​។ គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ ប្តេជ្ញា​នឹង​ប្រឹងប្រែង​ស្វែងរក​៣​ពិន្ទុ​ឲ្យ​បាន ដើម្បី​ជា​កាដូ​សម្រាប់​អ្នកគាំទ្រ​មក​ទស្សនា​ផ្ទាល់​។ ជាមួយគ្នានេះ​គ្រូ​ជំនួយ​សូល​ទី​ឡូ​អង្គរ​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការប្រកួត​នេះ តែ​បារម្ភ​លើ​បញ្ហា​របួស​របស់​កីឡាករ​។ ក្រៅពី​ជំនួប​នេះ ក៏មាន​ការប្រកួត​ពីរ​គូ​ផ្សេងទៀត​ផងដែរ​។


​លោក Colum Curtis គ្រូបង្វឹក​វិសាខា​ចាត់ទុក​បរាជ័យ ១-០ ក្រោម​ថ្វី​ជើង​បឹងកេត​កាលពី​សប្តាហ៍​មុន គឺជា​បទពិសោធ​សម្រាប់​វិសាខា​ក្នុងការ​ស្វែងរក​ចំណុចខ្សោយ​មក​កែប្រែ ដើម្បី​ត្រៀម​ប្រជែង​តទល់​ជាមួយ​សូល​ទី​ឡូ​អង្គរ​។ លោក​ហាក់​ជឿជាក់ថា វិសាខា​នឹង​ទទួលបាន​៣​ពិន្ទុ​ពី​ការប្រកួត​ក្នុង​ទឹកដី ដើម្បី​ស្តារ​ប្រជាប្រិយភាព ក៏ដូចជា​ផ្គាប់ចិត្ត​អ្នកគាំទ្រ ដែល​ពួកគេ​ធ្វើ​ឲ្យ​ខកចិត្ត​ក្នុងជំនួប​ជាមួយ​បឹងកេត​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ​។ 
 
​ការសិក្សា និង​កែប្រែ​កំហុស ដែល​បាន​កើតមាន​កន្លងមក និង​ការខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​របស់​កីឡាករ រួមផ្សំ​ការផ្តល់​កម្លាំងចិត្ត​ពី​អ្នកគាំទ្រ ជា​កត្តា​ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ ដាក់​ក្តី​រំពឹង​បែបនេះ​។ ភាពស៊ាំ​ជាមួយ​ទីលាន ក៏​ជា​កត្តា​រួមចំណែក​ផងដែរ​។ វិសាខា ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​ទទួលភ្ញៀវ​សូល​ទី​ឡូ​អង្គរ​។ នេះ​បើតាម​ការអះអាង​របស់​លោក Colum Curtis​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ​មិន​ហ៊ាន​មើលស្រាល​សមត្ថភាព​គូប្រកួត​នោះទេ ទោះ​ពួកគេ​បាន​រង​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​ក៏ដោយ​។ 
 
​លោក សរសើរ​សូល​ទី​ឡូ​អង្គ​រថា ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង​មួយ និង​មានការ​រៀបចំ​ក្រុម​បានល្អ​។ ជាក់ស្តែង​ក្នុងជំនួប​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ៥-១ សូល​ទី​ឡូ​អង្គរ​បាន​បង្កើត​ឱកាស​មាស​ជាច្រើន​ក្នុង​ការរក​គ្រាប់​បាល់ តែ​ពួកគេ​គ្មាន​សំណាង​។ នេះ​ជាការ​កត់សម្គាល់​របស់​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​។    
 
​ជាមួយគ្នានេះ លោក អ៊ុក សារ៉េត គ្រូ​ជំនួយ​ក្រុម​សូល​ទី​ឡូ​អង្គ​រហាក់​ព្រួយបារម្ភ​ចំពោះ​បញ្ហា​របួស​របស់​កីឡាករ ដែល​បាន​កើតឡើង​ក្នុងជំនួប​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង និង​អង្គ​រថា​យ​ហ្គឺ​រ​កន្លងមក​។ តែ​យ៉ាងណា លោក អះអាងថា បញ្ហា​របួស​របស់​កីឡាករ​ទាំងនេះ​ពុំមាន​ស្ថានភាព​ធ្ងន់ធ្ងរ រហូត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការប្រកួត​នោះទេ ហើយ​លោក​ប្តេជ្ញា​ថា លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ដឹកនាំ​ក្រុម​ស្វែងរក​លទ្ធផល​មួយ​ដ៏​ល្អប្រសើរ​ជូន​ក្រុម និង​អ្នកគាំទ្រ​។ 
 
​ទោះបី​វិសាខា​ជា​ក្រុម​មាន​សមត្ថភាព​និង​មានការ​រៀបចំ​ក្រុម​បានល្អ​ក៏ដោយ តែ​គ្រូ​ជំនួយ​រូបនេះ​អះអាងថា សូល​ទី​ឡូ​អង្គរ​នឹង​បន្ត​ប្រើ​ប្រព័ន្ធ​លេង​ដូច​ជំនួប​មុនៗ​ដដែល ពោលគឺ​មិន​ប្រើ​ប្រព័ន្ធ​លេង​បែប​ការពារ​នោះទេ​។ លោក​ជឿជាក់ថា ការប្រកួត​នៅ​ល្ងាច​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​ទាក់ទាញ និង​ស្វិតស្វាញ ដែល​ទស្ស​និក​អាច​ទទួលយកបាន​។ 
 
​វិសាខា ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ព្រី​នស៍​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ សម្រាប់​ជំនួប​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០ នេះ​។ នៅ​ថ្ងៃអាទិត្យ​នេះដែរ ក៏មាន​ការប្រកួត​ពីរ​ទៀត​ផងដែរ​ក្នុងនោះ​ព្រះខ័ន​រាជ​ស្វាយរៀង​ប៉ះ​ក្រសួងការពារជាតិ​ម៉ោង​៦​ល្ងាន​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ខណៈ​អង្គ​រថា​យ​ហ្គឺ​រ​ស្វាគមន៍​គីរីវង់​សុខ​សែន​ជ័យ​នៅ​កីឡដ្ឋាន S.R.U វេលា​ម៉ោង​៣:៣០​នាទី​៕

Tag:
 បាល់ទាត់​
  Cambodian Leaugue 2020
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com