ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរំលោភបំពានស្នាដៃអក្សរសាស្ត្រ សិល្បៈ ឬតូរ្យតន្ត្រី មិនមានអ្នកទទួលមរតក ឬមិនមានមរតកសាសន៍ ក្នុងន័យទទូចឱ្យអ្នកពាក់ព័ន្ធទាំងអស់បញ្ឈប់រាល់ទង្វើរំលោភស្នាដៃមរតកដើមទាំងនោះ។ សេចក្ដីប្រកាសដដែលក៏បានបញ្ជាក់ផងដែរថា ប្រសិនបើនៅតែមានការរំលោភបំពានស្នាដៃទាំងមានឬមិនមានមរតកសាសន៍បន្តទៅទៀត នោះក្រសួងសាមីនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
សេចក្ដីប្រកាសដែលចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់នូវឃ្លាត្អូញត្អែរថា បើទោះបីជាកន្លងមកក្រសួងសាមីបានពន្យល់ណែនាំ និងផ្សព្វផ្សាយ ជាច្រើនលើកច្រើនសា ពីច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហាក់ប្រហែល ក៏ដោយ ប៉ុន្តែការរំលោភបំពាននៅតែកើតមានជាបន្តបន្ទាប់។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា បណ្ដាអង្គភាពទូរផ្សាយ ក្រុមហ៊ុនផលិតកម្ម និងបុគ្គលមួយចំនួន ទាំងនៅក្នុងនិងក្រៅប្រទេស បាននឹងកំពុងប្រើប្រាស់ស្នាដៃអក្សរសាស្ត្រ សិល្បៈ ឬតូរ្យតន្ត្រី គ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ ដើម្បីយកទៅផលិតឡើងវិញ សម្ដែងឡើងវិញ ថតបញ្ចូលទៅជាសោទស្សន៍ ហើយបង្ហោះតាមបណ្ដាញសង្គមនានា ដូចជា Facebook និង YouTube ដោយពុំមានការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (មាត្រា៣៣)។ មិនតែប៉ុណ្ណោះថែមទាំងបានកែប្រែចំណងជើង ឬខ្លឹមសារដែលធ្វើឱ្យខូចទម្រង់នៃស្នាដៃដើម អាចនឹងនាំឱ្យមហាជនមានការភាន់ច្រឡំ។
ទង្វើទាំងនេះ គឺជាការរំលោភបំពានលើសិទ្ធិសីលធម៌ និងសិទ្ធិបេតិកភណ្ឌរបស់អ្នកនិពន្ធ ដូចមានចែងក្នុងមាត្រា៩ មាត្រា១៩ មាត្រា២០ មាត្រា២១ និងមាត្រា២២ នៃច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានជម្រាបទៅអ្នកនិពន្ធ ផលិតករភាពយន្ត វីដេអូ ផលិតករហ្វូណូក្រាម អង្គភាពទូរផ្សាយ (វិទ្យុ ទូរទស្សន៍) សិល្បករ សិល្បការិនី បណ្ដាក្រុមហ៊ុនផលិតកម្ម និងបុគ្គលមួយចំនួនទៀត ទាំងនៅក្នុងនិងក្រៅប្រទេស ដែលបានយកស្នាដៃគ្មានអ្នកទទួលមរតក ឬគ្មានមរតកសាសន៍ ទៅផលិតឡើងវិញ សម្ដែងឡើងវិញ ថតបញ្ចូលទៅជាសោទស្សន៍ ដើម្បីចែកផ្សាយនិងផ្សព្វផ្សាយតាមប្រព័ន្ធទូរផ្សាយ និងបណ្ដាញសង្គមនានាដោយពុំមានការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គឺជាអំពើខុសច្បាប់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ផងដែរថា សាមីជនខាងលើត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពរំលោភបំពានខាងលើ បើពុំដូចនោះទេក្រសួងនឹងចាត់វិធានការទៅតាមច្បាប់។ ការចាត់វិធានការនានាជាយថាហេតុណាមួយ គឺក្នុងបំណងការពារ និងលើកស្ទួយស្នាដៃដើម និងការបង្កើតស្នាដៃថ្មីៗ លើវិស័យវប្បធម៌ ដែលជាផ្នែកមួយក្នុងការជំរុញ ឧស្សាហកម្មវប្បធម៌នៅកម្ពុជា ឱ្យមានការរីកចម្រើន។ នេះជាអ្វីដែលបានលើកឡើងក្នុងសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌។
សម្រាប់យន្តការបន្ទាប់ ក្រោយពីចេញសេចក្ដីប្រកាសខាងលើ លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានបញ្ជាក់ប្រាក់សារព័ត៌មានថ្មីៗ ថា ក្រសួងវប្បធម៌និងសហការជាមួយក្រសួងប្រៃសណីយ ក្រសួងព័ត៌មាន រួមទាំងក្រសួងមហាផ្ទៃ ដើម្បីគ្រប់គ្រងការរំលោភបំពានលើច្បាប់កម្មសិទ្ធិបញ្ញានានា។ ទោះជាយ៉ាងណាក៏ដោយ លោក ស៊ឹម សត្តា ថាការអប់រំណែនាំនៅតែបន្តផ្សព្វផ្សាយទៅដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្រើប្រាស់មរតករបស់ក្រសួង និងរបស់ដែលមានមរតកសាសន៍។
លោកបញ្ជាក់បន្ថែម៖«យើងនឹងមានការប្រកាសអន្តរក្រសួងមួយ ទាក់ទងនឹងការរំលោភបំពានលើប្រព័ន្ធអន្តរបណ្ដាញ ដើម្បីគ្រប់គ្រងការរំលោភបំពានទាំងនោះ។ ជាធម្មតាពេលក្រសួងចេញសេចក្ដីប្រកាស យើងសង្កេតឃើញថាមតិមហាជនមានការគាំទ្រ។ ការបណ្ដុះបណ្ដាលឱ្យប្រជាជនយល់ពីច្បាប់កម្មសិទ្ធិបញ្ញា ត្រូវការរយៈពេលវែង។ ដូចជាប្រទេសជប៉ុនដែលជាប្រទេសមានការគោរពច្បាប់កម្មសិទ្ធិបញ្ញាបានល្អ ក៏គេត្រូវការពេលរហូតដល់៣០ទៅ៥០ឆ្នាំដែរ ដើម្បីឱ្យមានការយល់ដឹងនិងគោរពច្បាប់ទាំងស្រុង។ ងាកមកកម្ពុជាវិញ យើងទើបតែមានច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញានេះ មិនទាន់បាន២០ឆ្នាំផង ដូច្នេះយើងត្រូវការពេលយូរទៀត»។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល បានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០០៣។
ទំនងជានៅក្នុងឆ្នាំ២០២០នេះ ឬនៅឆ្នាំក្រោយ កម្ពុជានឹងចូលជាភាគីក្នុងអនុសញ្ញាទីក្រុងប៊េន ដែលអនុសញ្ញានេះមានអំណាចឱ្យគ្រប់ភាគីទាំងអស់ ត្រូវគោរពគ្នាទៅវិញទៅមកលើកម្មសិទ្ធិបញ្ញានៃវិស័យសិល្បៈ។ ហើយកម្ពុជាអាចនឹងប្រើយន្តការអន្តរជាតិនេះ ដើម្បីអនុវត្តន៍ច្បាប់លើជនបរទេសដែលយកស្នាដៃមរតកដើមទៅច្រៀងឡើងវិញ ផលិតឡើងវិញ ឬយកទៅកាឡៃ ដោយមិនបានសុំច្បាប់អនុញ្ញាត៕