កម្ពុជា ឃាត់​នាវា​មួយគ្រឿង ដែល​ធ្លាប់​ផ្ទេរ​ទំនិញ​ទៅ​នាវា​កូរ៉េខាងជើង
ជាតិ
សង្គមជាតិ
កម្ពុជា ឃាត់​នាវា​មួយគ្រឿង ដែល​ធ្លាប់​ផ្ទេរ​ទំនិញ​ទៅ​នាវា​កូរ៉េខាងជើង
01, Mar 2020 , 4:59 pm        
រូបភាព
នាវា MT-COURAGEOUS  (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
នាវា MT-COURAGEOUS (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
 
​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​ឃាត់​នាវា​មួយគ្រឿង​ឈ្មោះ MT-COURAGEOUS នៅ​ចន្លោះ​កោះតាង និង​កោះ​ប៉ូ​ឡូ​វៃ ដោយសារ​នាវា​នេះ ធ្លាប់​ផ្ទេរ​ទំនិញ​ទៅ​នាវា​របស់​កូរ៉េ​ជើង ដែល​បំពាន​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នា​ថ្ងៃទី​១ មីនា ឆ្នាំ​២០២០​។



​មូល​ហេតុដែល​កម្ពុជា ឃាត់​នាវា MT-COURAGEOUS ទុក​នេះ ដោយសារ​កម្ពុជា​អនុវត្តតាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ លើ​ការដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​។ បច្ចុប្បន្ន​នាវា​មួយគ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការ​ព្រំ​ដែនទឹក ឃាត់​និង​បញ្ជូនទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី និង​ចាត់ការ​តាមច្បាប់​។
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក ឆាយ គឹម​ឃឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឡើយ ដើម្បី​សួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​ការឃាត់​នាវា​ខាងលើនេះ​។​
​ដោយឡែក​លោក ឃៀង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ សុំ​មិន​បកស្រាយ​លើ​ការឃាត់​នាវា​នេះឡើយ ដោយ​ស្នើឱ្យ​សួរ​ទៅកាន់​សមត្ថកិច្ច​នគរ​បាល​ការ​ព្រំ​ដែនទឹក និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​
 
​នាវា MT-COURAGEOUS ផ្ទុក​នាវិក ១៦​នាក់ បាន​ចេញពី​កំពង់ផែ Kao Hsiung នៃ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​បាន​បោះ​យុថ្កា​បំពាន​ដែនសមុទ្រ​កម្ពុជា នៅ​ចន្លោះ​កោះតាង និង​កោះ​ប៉ូ​ឡូ​វៃ នា​ថ្ងៃទី​២៦ កុម្ភៈ​។ នាវា​មួយគ្រឿង​នេះ ធ្លាប់​បានធ្វើ​សកម្មភាព​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ដាក់ទណ្ឌកម្ម​ប្រទេស​កូរ៉េខាងជើង​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ 

 
មនុស្ស១៦នាក់នៅលើនាវា MT-COURAGEOUS (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ) 
​សេចក្តីប្រកាស​ព័ត៌មាន បាន​រៀបរាប់​ដូច្នេះ​ថា​៖«​នាវា MT-COURAGEOUS ធ្លាប់​បានធ្វើ​សកម្មភាព​បំពាន​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជា​ធិ​ប​តេ​ត្យ​កូរ៉េ (DPRK) ដែល​ហាមឃាត់​ការផ្ទេរ​ពី​នាវា (SHIP-TO-SHIP /STS) ទៅ​ទូក​ដឹកទំនិញ​របស់​សាធារណៈរដ្ឋ​ប្រជា​មា​មិ​ត​ប្រជា​ធិ​ប​តេ​ត្យ​កូរ៉េ​(DPRK)»​។ 
 
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានចេញ​ដំណោះស្រាយ​នៃ​ការដាក់ទណ្ឌកម្ម​ស្តីពី​ប្រទេស​កូរ៉េខាងជើង តាំងពី​ឆ្នាំ ២០០៦ ដោយ​ស្នើឱ្យ​មានការ​អនុវត្តតាម​សំណើរ​ក្នុង​របាយការណ៍​នេះ​។ ក្រោយមក​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ ក៏បាន​អនុម័ត​ទៅលើ​ដំណោះស្រាយ​មួយ (UNSCR) ដោយ​តម្រូវឱ្យ​សមាជិក​ប្រទេស​ទាំងអស់​បញ្ឈប់​រាល់​ស​កម្ម​ភាព​របស់​ក្រុមហ៊ុន​កូរ៉េខាងជើង កាលពី​ឆ្នាំ​២០១៦​។ ចំណាត់ការ​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ គឺជា​ការដាក់​សម្ពាធ​និង​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញ​របស់​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​ពឹងផ្អែក​ផ្លូវដង្ហើម​លើ​កម្មាភិបាល​កម្ម​កររ​បស់​ខ្លួន​ធ្វើការ​នៅ​បរទេស សម្រាប់​លំហូរ​រូបិយប័ណ្ណ​បរទេស​។​
 
​រដ្ឋាភិបាល​កម្ពុជា បាន​អនុលោម​តាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​នេះ​។ រដ្ឋាភិបាល​កម្ពុជា បានចាប់ផ្ដើម​បង្កើត​ក្រុមការងារ​ពិសេស​របស់​អន្តរក្រសួង សម្រាប់​ការត្រួតពិនិត្យ​ឯកសារ​ទាំងអស់​និង​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន និង​អាជីវកម្ម​របស់​កូរ៉េខាងជើង ដើម្បី​អនុលោម​តាម​ការដាក់ទណ្ឌកម្ម នៅ​ថ្ងៃទី ១ ខែមីនា​ឆ្នាំ ២០១៨ ។ នេះ​បើតាម​របាយការណ៍​រដ្ឋា​ភិ​បាល​កម្ពុជា​។​
 
​កម្ពុជា បានសម្រេច​បិទ​ក្រុមហ៊ុន និង​ភោជនីយដ្ឋាន​កូរ៉េខាងជើង​ប្រមាណ​២០​កន្លែង នៅក្នុង​ឆ្នាំ​២០១៩ ក្រោម​ហេតុផល​ថា អនុវត្តតាម​វិធានការ​ដាក់ទណ្ឌកម្មរ​បស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​៕




Tag:
 នាវា MT-COURAGEOUS
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com