អន្តរជាតិ
ការបំពុលខ្យល់៖ បង់ក្លាដែសខ្ពស់ជាងគេ រីឯកម្ពុជាស្ថិតក្នុងកម្រិតមធ្យម
× បង់ក្លាដែស បានប្រទេសដែលមានគុណភាពខ្យល់អាក្រក់ជាងគេ។ នេះបើយោងតាមសន្ទស្សន៍ World Air Quality Report ឆ្នាំ២០១៩ ដែលផ្សាយដោយ IQAir AirViisual។ ដោយឡែក២១ទីក្រុងក្នុងចំណោមក្រុង៣០ដែលបំពុលជាងគេ គឺស្ថិតក្នុងប្រទេសឥណ្ឌា។ កម្ពុជា ស្ថិតក្នុងកម្រិតមធ្យម។
សន្ទស្សន៍គុណភាពខ្យល់អាកាសពិភពលោកដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 (World Most Polluted Countries) បង់ក្លាដែស ជាប្រទេសដែលមានគុណភាពខ្យល់អាក្រក់ជាងគេ ដោយនាំមុខប៉ាគីស្ថាន ម៉ុងហ្គោលី អាហ្វហ្គានីស្ថាន និងឥណ្ឌា។
ឥណ្ឌូណេស៊ី និងចិន ស្ថិតក្នុងចំណោម៨ប្រទេស ក្នុងចំណាត់ថ្នាក់គុណភាពខ្យល់មិនសូវល្អប្រសើរ (Unhealthy for sensitive groups)។ រីឯកម្ពុជា ស្ថិតក្នុងចំណោម៥៩ប្រទេស ដែលគុណភាពខ្យល់មានលក្ខណៈមធ្យម (Moderate) ហើយឈរពីលើវៀតណាម មីយ៉ាន់ម៉ា ថៃ និងឡាវ ប៉ុន្តែក្រោមម៉ាឡេស៊ី និងសិង្ហបុរី សម្រាប់ប្រទេសក្នុងតំបន់អាស៊ាន។
ប្រទេសចំនួន៨ដែលមានគុណភាពខ្យល់ល្អនោះ មានដូចជា ជប៉ុន អាល្លឺ់ម៉ង់ ហូឡង់ ស្វីស អៀរឡង់ ចក្រភពអង់គ្លេស កូស្តារីកា និងព័រតូរីកូ។ រីឯ១៨ប្រទេសទៀត មានគុណភាពខ្យល់ល្អឥតខ្ចោះដែលត្រូវតាមស្តង់ដាកំណត់របស់អង្គការសុខភាពពិភពលោក ដោយ បាហាម៉ា កម្រិតខ្ពស់ជាងគេ បន្ទាប់មកមាន កោះ U.S. Virgin Islands, អ៊ីស្លង់ ហ្វាំងឡង់ អេស្តូនី ស៊ុយអែត និងន័រវេស ជាដើម។
ក្នុងចំណោមក្រុង៥០ដែលបំពុលជាងគេ World Most Polluted Cities 2019 (PM2.5) ឥណ្ឌា មានចំនួនច្រើនជាងគេ ពោលគឺដល់ទៅ២៦ទីក្រុង។ ក្រុងដែលបំពុលជាងគេទាំង១០លើពិភពលោករួមមាន Ghaziabad (ឥណ្ឌា), Hotan (ចិន), Gujranwala (ប៉ាគីស្ថាន), Faisalabad (ប៉ាគីស្ថាន), Delhi (ឥណ្ឌា), Noida (ឥណ្ឌា), Gurugram (ឥណ្ឌា), Raiwind (ប៉ាគីស្ថាន), Greater Noida (ឥណ្ឌា) និង Bandhwari (ឥណ្ឌា)។
PM2.5 គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ ដែលមានអង្កត់ផ្ចិតតូចជាង ២,៥ មីក្រុង ឬប្រហែល ៣ ភាគរយនៃអង្កត់ផ្ចិតរបស់សក់មួយសរសៃ។ ភាគល្អិតទាំងនេះមានគ្រោះថ្នាក់ណាស់ ដែលអាចបង្កឱ្យមានការស្លាប់មុនអាយុពីជំងឺបេះដូង និងសួត ហើយភាគល្អិតនេះក៏អាចបង្កឱ្យកើតជម្ងឺហឺត រលាកទងសួត និងជម្ងឺដែលពាក់ព័ន្ធនឹងផ្លូវដង្ហើមផ្សេងៗទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com