ជាតិ
សេដ្ឋកិច្ច
ក្រសួង គ្រោង​ដាក់លក់​បណ្ណ​ដំណើរ​កម្សាន្ត​តម្លៃ​សមរម្យ ដែល​ផ្ដល់​ផលចំណេញ​ដល់​ពលរដ្ឋ​៣០​ភាគរយ​
02, Mar 2020 , 8:59 am        
រូបភាព
ពិធីសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍
ពិធីសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​បង្កើត​ប្រព័ន្ធ​បណ្ណ​ដំណើរ​កម្សាន្ត​មានតម្លៃ​សមរម្យ សម្រាប់​ពលរដ្ឋ​ដែល​ចង់​ធ្វើដំណើរ​កម្សាន្ត​ទូទាំងប្រទេស ។ បណ្ណ​ដំណើរ​កម្សាន្ត​នេះ អាច​កាត់បន្ថយ​ការចំណាយ​ចាប់ពី ២០-៣០​ភាគរយ ប្រើ​ប្រៀបធៀប​ទៅនឹង​ការធ្វើដំណើរ​ផ្ទាល់​ខ្លួនឯង​។​


​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ការរៀបចំ​ប្រព័ន្ធ​បណ្ណ​ដំណើរ​កម្សាន្ត​ដែលមាន​តម្លៃ​សមរម្យ​នេះ ក្នុង​គោលបំណង​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ក្នុងស្រុក ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​។ ជាពិសេស​លើកទឹកចិត្ត​ពលរដ្ឋ​ទាំងអស់ ឱ្យធ្វើ​ដំណើរ​កម្សាន្ត យ៉ាងហោចណាស់​មួយដង​ក្នុង​មួយឆ្នាំ និង​ជំរុញ ភ្ញៀវទេសចរ​ទៅកាន់ គោលដៅ​តំបន់​ទេសចរណ៍​ដែល​ទើប​បង្កើតឡើង​ផង​។ 
 
​បើតាម​ក្រសួងទេសចរណ៍ ប្រព័ន្ធ​បណ្ណ​ដំណើរ​កម្សាន្ត​នេះ នឹង​រួមចំណែក​គាំពារ​ដល់​វិស័យ​ទេសចរណ៍ អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការផ្សារភ្ជាប់​សកម្មភាព​ទេសចរណ៍​ទៅនឹង​ការអប់រំ​ពី​បរិស្ថាន សង្គម វប្បធម៌ រួមជាមួយ​នឹង​សកម្មភាព​មនុស្សធម៌​ដល់​ប្រជា​សហគមន៍​មូលដ្ឋាន​។​
 
​លោក ជួប ជ័យ​សត្យា អ្នកទទួលបន្ទុក​ផ្នែក​បណ្ណ​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ក្រសួង​មិនទាន់​ដាក់លក់​បណ្ណ​នេះ​ទេ ព្រោះ​ត្រូវ​ការសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​សិន​។ «​ក្រសួង​ទើប​អនុម័ត មិនទាន់​ដំណើរ​ទេ រង់ចាំ​ពេល​បន្តិច​ដើម្បី​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​បន្ថែម ដូចជា​ភោជនីយដ្ឋាន ផ្ទះសំណាក់​ជាដើម ដើម្បី​ទទួលបាន​ការផ្ដល់សេវា​កម្សាន្ត​ក្នុងតម្លៃ​ទាប​។ ប៉ុន្តែ​ក្រសួង​បាន​លក់​កញ្ជប់​ទស្សនា​សា​ក​ល្បង​ជាមួយ​ដៃគូ​សហការ​ដែលមាន​ស្រាប់​២០ ឱ្យ​ពលរដ្ឋ​សម្រាប់​ទស្សនា​បុណ្យ​ទន្លេ​នៅ​បាត់ដំបង​រយៈ​៣​យប់ ៤​ថ្ងៃ ពី​ភ្នំពេញ ទៅ​បាត់ដំបង បន្ទាយមានជ័យ និង​សៀមរាប តម្លៃ​១៦៥​ដុល្លារ​ក្នុង​ម្នាក់​» នេះ​បើតាម​ការ​លើ​ឡើង​របស់លោក ជ័យ​សត្យា​។​
 
​បណ្ណ​ដំណើរ​កម្សាន្ត​នេះ គឺ​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន ដូចជា ធានា​លើ​សុវត្ថិភាព​ថវិកា ការធ្វើដំណើរ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់ ការសម្រួល​ដល់ពេល​វេលា និង​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​តំបន់​គោលដៅ​ទេសចរណ៍​។​បណ្ណ​នេះ នឹង​អាច​កាត់បន្ថយ​ការចំណាយ​ចាប់ពី ២០-៣០​ភាគរយៈ ប្រើ​ប្រៀបធៀប​ទៅនឹង​ការធ្វើដំណើរ​ដោយផ្ទាល់​។ ក្រុមហ៊ុន​ទេសចរណ៍​មួយចំនួន បាន​លក់​ចេញ​នូវ​កញ្ចប់​ទស្សនកិច្ច​ជាច្រើន ក្នុងតម្លៃ​សមរម្យ​រួចមកហើយ​។ ជាមួយគ្នា​ដែរ នៅក្នុង​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​២៦-២៧ ខែកុម្ភៈ ឆ្នាំ​២០២០ អង្គសន្និបាត​បាន​គាំទ្រ​ការដាក់ចេញ​ការផ្សព្វផ្សាយ និង​អនុវត្ត​យន្តការ​បណ្ណ​ដំណើរ​កម្សាន្ត​ដែលមាន​តម្លៃ​សមរម្យ​នេះ យ៉ាង​ពេញទំហឹង​៕

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com