ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ៖ អាមេរិកលុបចោលកិច្ចប្រជុំអាស៊ាន អាចមកពីហេតុផល២
× ភ្នំពេញ៖ មូលហេតុដែលអាមេរិកលុបចោលកិច្ចប្រជុំជាមួយអាស៊ាននោះ គឺអាចមកពីហេតុផល២។ ក្នុងនោះគឺមកពីអវត្តមានប្រធានាធិបតី និងនាយករដ្ឋមន្រ្តី៣រូប និងបញ្ហាវីរុសCOVID-19 ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ មីនា។
សម្ដេច ហ៊ុន សែន បានលើកការសន្និដ្ឋានពីមតិមួយចំនួនថា មេដឹកនាំទាំង៣រូប ដែលអាចនឹងអវត្តមាននៅក្នុងកិច្ចប្រជុំអាមេរិកអាស៊ាន រួមមានប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទើតេ ដែលទំនងមិនពេញចិត្តទង្វើអាមេរិក ដែលបដិសេធមិនផ្តល់ទិដ្ឋាការដល់សមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់ ចូលអាមេរិក, ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ និងមេដឹកនាំម៉ាឡេស៊ី ដែលកំពុងជួបបញ្ហាផ្លាស់ប្ដូរមេដឹកនាំជាដើម។
កាលពីចុងខែកុម្ភៈ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន- អាមេរិក ដែលគ្រោងប្រជុំនៅពាក់កណ្ដាលខែមីនានេះ ដើម្បីយកពេលវេលាទៅផ្ដោតលើការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណាថ្មី COVID-19។
សម្ដេច ហ៊ុន សែន ចាត់ទុកហេតុផលរបស់អាមេរិកនេះ គឺជារឿងត្រឹមត្រូវមួយដែរ ព្រោះការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ ជាបញ្ហារួមរបស់ពិភពលោក ដែលត្រូវយកចិត្តទុកដាក់។ បើតាមសម្ដេច ហ៊ុន សែន អាមេរិកលើកពេលកិច្ចប្រជុំជាមួយអាស៊ាន ក៏មិនមានបញ្ហាអ្វីទេ ព្រោះកិច្ចប្រជុំអាចធ្វើឡើងនៅពេលណាក៏បានដែរ។
គួររម្លឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានខកខានចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ានរយៈពេល៣ឆ្នាំជាប់គ្នារួចមកហើយ តាំងពីកិច្ចប្រជុំអាស៊ាន នៅហ្វីលីពីន នាឆ្នាំ២០១៧ ,កិច្ចប្រជុំអាស៊ាន នៅសិង្ហបុរី នៅឆ្នាំ២០១៨ និងកិច្ចប្រជុំអាស៊ាន នៅថៃ កាលឆ្នាំ២០១៩។អាមេរិក បានត្រឹមតែបញ្ជូនមន្ត្រីជាន់ខ្ពស់ជាតំណាងចូលរួមកិច្ចប្រជុំអាស៊ាននេះប៉ុណ្ណោះ។
សម្ដេច ហ៊ុន សែន ចាត់ទុកទង្វើរបស់ប្រធានាធិបតីអាមេរិកបែបនេះថា ជានយោបាយមើលស្រាល និងមិនយកចិត្តទុកដាក់លើទំនាក់ទំនងភាពជាដៃគូជាមួយមេដឹកនាំអាស៊ាន៕ © រក្សាសិទ្ធិដោយ thmeythmey.com