អន្តរជាតិ
ករណីឆ្លង COVID-19 នៅអ៊ីតាលីឡើងដល់១៦៩៤នាក់, ស្លាប់៤១នាក់ រូបភាព AFP
× ករណីឆ្លងជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅអ៊ីតាលី បានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេល៤៨ម៉ោងចុងក្រោយ។ នេះបើតាមអង្គភាពការពារស៊ីវិលរបស់អ៊ីតាលី។ គិតត្រឹមថ្ងៃទី១ ខែមីនា ករណីឆ្លង COVID-19 នៅអ៊ីតាលឡើងដល់១៦៩៤នាក់ ដែលតួលេខនេះរាប់បញ្ចូលទាំងអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យ និងអ្នកដែលសះស្បើយហើយ។
ចំនួនអ្នកឆ្លងជំងឺផ្លូវដង្ហើម COVID-19 នៅអ៊ីតាលី បានកើងឡើងពី៨៨៨នាក់ នៅថ្ងៃទី២៨ ខែកុម្ភៈ ទៅដល់១៦៩៤នាក់នៅថ្ងៃទី១ ខែមីនា។ នេះបើតាមការលើកឡើងរបស់ Angelo Borrelli ប្រធានអង្គភាពការពារស៊ីវិលអ៊ីតាលីក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១ ខែមីនា។
បើតាមលោក Borrelli ចំនួនអ្នកស្លាប់នៅថ្ងៃទី១ ខែមីនា មានចំនួន៥នាក់ទៀត ដែលនាំឲ្យតួលេខអ្នកស្លាប់ដោយសារ COVID-19 មានដល់៤១នាក់។ ចំនួនអ្នកស្លាប់ទាំងអស់សុទ្ធតែនៅតំបន់ Lombardy, Emilia-Romagna និង Veneto ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
លោក Borrelli បន្តថា នៅថ្ងៃទី១ ខែមីនា ចំនួនអ្នកជំងឺស្ថិតក្នុងមន្ទីរពេទ្យមាន៧៧៩នាក់ ហើយ១៤០នាក់ ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។ នៅថ្ងៃទី២៩ ខែកុម្ភៈ អ្នកជំងឺ COVID-19 សម្រាកនៅមន្ទីពេទ្យមានចំនួន៥០៩នាក់ ក្នុងនោះ១០៥នាក់ក្នុងបន្ទប់ ICU ។ បើតាមមន្ត្រីអ៊ីតាលីដដែលនេះ អ្នកជំងឺ៨៣នាក់ បានធូរស្រាល និងសះស្បើយចាប់តាំងពីការផ្ទុះករណីវីរុសនេះនៅអ៊ីតាលី។
ដោយគិតត្រឹមព្រឹកថ្ងៃចន្ទ ទី២ ខែមីនានេះ អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់ជាង៣០០០នាក់ហើយ ។ ចិនមានកំណើនអ្នកស្លាប់៤២នាក់ពីខេត្តហ៊ូប៉ី ខណៈសាំងម៉ារ៉ាំងក្លាយជាប្រទេសទី១១ដែលមានករណីស្លាប់។ ដោយមិនរាប់អ៊ីតាលី ករណីស្លាប់នៅចិនមាន ២៩១៥នាក់, អ៊ីរ៉ង់ ៥៤នាក់, កូរ៉េខាងត្បូង ២១នាក់ នាវា Diamond Princess ៧នាក់ ជប៉ុន ៦នាក់ បារាំង២នាក់ ខណៈ ថៃ អាមេរិក អូស្ត្រាលី សាំងម៉ារ៉ាំង និងហ្វីលីពីន មាន១ករណីរៀងៗខ្លួន។
ក្រៅពីចិន កូរ៉េខាងត្បូងមានករណីឆ្លងច្រើនជាងគេ ដោយឡើងដល់ជាង៣៧០០នាក់ អ៊ីរ៉ង់ជាង៩៧០នាក់ ជប៉ុន រួមទាំងនាវា Diamond Princess មានសរុបប្រមាណ១០០០នាក់ ខណៈបារាំង អាល្លឺម៉ង់ និងសិង្ហបុរី ចូលខ្ទង់រយនាក់។ ប្រទេសជាង២០មានតួលេខអ្នកឆ្លងឡើង២ខ្ទង់ រីឯ៣៧ប្រទេសទៀត មានតួលេខក្រោម១០ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com