កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ទៅអបអរក្រុមចាស់នៅ El Clasico ក្រោយ Juventus ផ្អាកការប្រកួតដោយសារ COVID-19
× Cristiano Ronaldo បានទៅទស្សនាជំនួប El Clasico នៅរាត្រីថ្ងៃទី១ មីនា ដែលក្រុមចាស់របស់ខ្លួន Real Madrid យកឈ្នះ Barcelona ២-០។ មូលហេតុដែល Ronaldo អាចមានពេលធ្វើដំណើរទៅអេស្ប៉ាញបាន ព្រោះទំនេរជាមួយ Juventus ដែលផ្អាកការប្រកួតដោយសារការរាលដាលនៃ COVID-19 នៅប្រទេសអ៊ីតាលី។
Ronaldo បានវិលត្រឡប់ទៅកាន់កីឡដ្ឋាន Bernabeu ដោយស្ថិតនៅកន្លែងអង្គុយពិពេសមួយដើម្បីចៀសវាងកុំឲ្យអ្នកគាំទ្រឃើញ។ យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានអ្នកថតវីដេអូចាប់យករូបភាព ខណៈដែលរូបគេបានអបអរគ្រាប់បាល់ដំបូងរបស់ខ្សែប្រយុទ្ធ Vinicius Jr ដែលទាត់បញ្ចូលទីក្រុម Barca នៅនាទី៧១។
Ronaldo ក៏បានបង្ហាញការអបអរដោយភាពសប្បាយរីករាយផងដែរ ស្របពេល Vinicius Jr បានយកស្តាយអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីតាមខ្លួន។ គ្រាប់បាល់ទីពីររបស់ក្រុមរហ្សនាមស្តេចសសម្រេចបានដោយខ្សែប្រយុទ្ធ Mariano Diaz នៅនាទី៩០។ ជ័យជម្នះ ២-០ នេះ បានជួយ Real Madrid ឡើងទៅឈរកំពូលតារាង La Liga វិញគិតត្រឹមសប្តាហ៍ទី២៦ ដោយរកបាន៥៦ពិន្ទុ នាំមុខក្រុមអ្នកមានបុណ្យដែលធ្លាក់ទៅលេខពីរចំនួន១ពិន្ទុ។
បើតាមការគ្រោងទុក Ronaldo នឹងមិនអាចទៅមើលក្រុមចាស់របស់ខ្លួនលេងក្នុងការប្រកួត El Clasico នេះឡើយ ប៉ុន្តែដោយសារមានការផ្អាកការប្រកួតនៅក្របខណ្ឌ Serie A ដែលបណ្តាលមកពីការរាលដាលជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ខ្លាំងក្លាទើបបុរសវ័យ៣៥ឆ្នាំរូបនេះ អាចមានពេលទៅកាន់ទឹកដីអេស្ប៉ាញបាន។
Juventus បានពន្យារការប្រកួត Derby របស់ខ្លួនទល់ Inter Milan ដែលត្រូវប៉ះគ្នានៅថ្ងៃទី១ មីនា ព្រមទាំងជំនួប៤គូផ្សេងទៀតនៅភាគខាងជើងប្រទេសអ៊ីតាលី ក្រោយមានអ្នកស្លាប់កើនឡើងដល់៤១នាក់ និងអ្នកឆ្លងមានដល់១៦៩៤នាក់ ដោយសារ COVID-19៕
Tag:
COVID-19
Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com