អន្តរជាតិ
បារាំង​បិទ​សារមន្ទីរ Louvre បណ្ដោះអាសន្ន ដោយសារ​ព្រួយបារម្ភ​ពី​ករណី​ឆ្លង COVID-19
02, Mar 2020 , 3:00 pm        
រូបភាព
សារមន្ទីរ Louvre។  រូបភាព៖ AFP
សារមន្ទីរ Louvre។ រូបភាព៖ AFP
​សារមន្ទីរ Louvre ត្រូវបាន​បារាំង​សម្រេច​បិទ​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១ ខែមីនា ដោយសារតែ​ព្រួយបារម្ភ​ពី​ករណី​ឆ្លង​COVID-19​។ ការសម្រេច​របស់​បារាំង​នៅពេលនេះ​ធ្វើឡើង ស្របពេល​ករណី​ឆ្លង​នៅក្នុង​ប្រទេស​កើន​ដល់ ១៣០​ករណី និង​ស្លាប់ ២​ករណី និង​ខណៈពេល អ៊ីតាលី​បាន​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​កើន​ដល់ ១៦៩៤​ករណី និង​ស្លាប់ ៤១​ករណី​។


 
​អស់​រយៈពេល​ជាង ២​ខែ​កន្លងមកនេះ COVID-19 បាន​ឆ្លងទៅ​បណ្តា​ប្រទេស​ច្រើនជាង ៦០​។ បើ​គិត​ត្រឹម​ថ្ងៃទី​២ ខែមីនា វីរុស​ប្រភេទ​ថ្មី​នេះ ត្រូវបាន​គេ​រកឃើញ​រហូតដល់​ជិត ៩​ម៉ឺន​ករណី និង​ស្លាប់​ជាង ៣​ពាន់​ករណី​នៅ​ទូទាំង​ពិភពលោក​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រទេស​ជាច្រើន បានចេញ​វិធានការ​រៀងៗ​ខ្លួន ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ​កូ​រ៉ូ​ណាវី​រុស​។ ក្នុងនោះ​បារាំង ដែល​បាន​រកឃើញ ១៣០​ករណី​ដែរ ក៏បាន​ចេញ​វិធានការ​ហាមឃាត់​ការជួបប្រជុំគ្នា​លើសពី ៥​ពាន់​នាក់ នា​ថ្ងៃទី​២៩ ខែកុម្ភៈ​កន្លងទៅ​។​
 
​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង COVID-19​នេះ សារមន្ទីរ Louvre ត្រូវបាន​បារាំង​សម្រេច​បិទទ្វារ នា​ថ្ងៃទី​១ ខែមីនា ដោយ​មិនបាន​ផ្តល់ដំណឹង​ជាមុន​ឡើយ​។ ការណ៍​បិទទ្វារ​សារមន្ទីរ​ដ៏​ល្បីល្បាញ​មួយ​នេះ ធ្វើឡើង​បន្ទាប់ពី​បុគ្គលិក​ទាំងអស់ បាន​បដិសេធ​បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រ ដោយសារតែ​ការព្រួយបារម្ភ​ពី​ករណី​ឆ្លង អាច​កើតមាន​នៅក្នុង​សារមន្ទីរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​សម្រាប់​ភ្ញៀវទេសចរ ដែល​បាន​កក់​សំបុត្រ​រួច បាន​ត្អូញត្អែរ​ពី​បញ្ហា​សារមន្ទីរ​បាន​បិទទ្វារ ដោយ​មិន​ផ្តល់ដំណឹង​ជាមុន​។ យ៉ាងណាក៏ដោយ សម្រាប់​សំណង​នៃ​ថ្លៃ​សំបុត្រ មិនទាន់មាន​ការបញ្ជា​ក់ណា​មួយ​ពី​សារមន្ទីរ​នៅឡើយ​ទេ​។ 
 
​បើតាម​តួលេខ​របស់​សារមន្ទីរ​ផ្ទាល់ ភ្ញៀវទេសចរ ៩,៦​លាន​នាក់ បាន​ទៅ​ទស្សនា​សារមន្ទីរ Louvre ក្នុង​ឆ្នាំ ២០១៩​។ គ្រាន់តែ​មួយថ្ងៃៗ ចំនួន​ភ្ញៀវទេសចរ​ជា​មធ្យម ត្រូវបាន​គេ​រំពឹងថា​មាន​ចំនួន ១៥០០០​នាក់ បាន​ចូល​មើល​ផ្ទាំងគំនូរ សម្បត្តិ​បុរាណ និង​វត្ថុ​ផ្សេងទៀត ក្នុង​សារមន្ទីរ​ដ៏​ល្បី​មួយ​នេះ​។ 
 
​សូមបញ្ជាក់ថា ក្រៅពី​វិធានការ​ហាមឃាត់​ការជួបជុំ​លើសពី ៥​ពាន់​នាក់ បារាំង​ក៏មាន​វិធានការ​ផ្សេងទៀត​ផងដែរ ដូចជា​បិទ​សាលារៀន និង​បិទ​វិហារ​សាសនា​មួយចំនួន នៅក្នុង​តំបន់ ដែល​កំពុង​អុកឡុក​ដោយសារតែ​កូ​រ៉ូ​ណាវី​រុស​។ លើសពីនេះ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន នាទី​ក្រុងប៉ារីស​នៅ​ថ្ងៃទី​១ ខែមីនា ក៏ត្រូវ​បាន​គេ​លុបចោល ដោយសារតែ​ភ័យខ្លាច​ករណី​ឆ្លង COVID-19៕  

Tag:
 បារាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com