COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ ជំនួបកម្ពុជា-អ៊ីរ៉ង់ ទំនងជាត្រូវលើកពេល ដោយសារ COVID-19 ខ្សែការពារ សេត រ៉ស៊ីប និងខ្សែបម្រើអ៊ីរ៉ង់ Mohammad Mohebi នាជំនួបជើងទី១ ដែលអ៊ីរ៉ង់ឈ្នះ ១៤-០ ។ រូបថត FFC
× ជំនួបរវាងក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយអ៊ីរ៉ង់ ក្នុងការប្រកួតវគ្គជម្រុះជុំទី២ FIFA World Cup ឆ្នាំ ២០២២ ពូល C ទំនងជាត្រូវពន្យារពេលដោយសារបារម្ភពីជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុស (COVID-19)។ នេះបើតាមការផ្សាយរបស់ Tehran Times។ តាមការគ្រោងទុក ក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
ការផ្ទុះឡើងខ្លាំងនៃ COVID-19 និងការលុបចោលជើងហោះហើរមួយចំនួនក្នុងប្រទេសនានាជាពិសេសនៅតំបន់អាស៊ីបានបង្ខំឲ្យព្រឹត្តិការណ៍កីឡាជាច្រើនត្រូវបានលុបចោល និងពន្យារពេលប្រកួត។ ក្នុងនោះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានពន្យារពេលការប្រកួតនៃក្របខណ្ឌ AFC Champions League ខណៈកូរ៉េខាងត្បូងក៏បានពន្យារពេលបើករដូវកាលកម្មវិធីប្រកួតកីឡាបាល់ទាត់លីគក្នុងស្រុក K-League ជាដើម។
ស្របពេលគ្នានេះ ការប្រកួតជម្រុះ World Cup តំបន់អាស៊ីអាចនឹងរងផលប៉ះពាល់ពីមេរោគឆ្លងដ៏កាចសាហាវនេះផងដែរ។ អ៊ីរ៉ង់ត្រូវធ្វើដំណើរមកកាន់ទឹកដីកម្ពុជាដើម្បីជួបក្រុមគោព្រៃនៅថ្ងៃទី៣១ ខែមីនា ប៉ុន្តែការប្រកួតនេះទំនងមិនអាចកើតឡើងនោះទេ ដ្បិតមិនមានការហោះហើរត្រង់ពីអ៊ីរ៉ង់មកកម្ពុជា។ មួយវិញទៀត ដោយមានការបិទព្រំដែនរវាងប្រទេសផ្សេងៗជាមួយអ៊ីរ៉ង់ នឹងធ្វើឲ្យប្រទេសនេះជួបបញ្ហាប្រឈមច្រើនសម្រាប់សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ក្នុងការបញ្ជូនក្រុមមកកាន់កម្ពុជា។
មុនជំនួបជាមួយកម្ពុជាក្នុងពូល C អ៊ីរ៉ង់ត្រូវទទួលស្វាគមន៍ហុងកុងផងដែរនៅថ្ងៃទី២៦ ខែមីនា។ ប្រធានផ្នែកកីឡាបាល់ទាត់របស់ហុងកុងលោក Pui Kwan-kay បានលើកឡើងថាការប្រកួតជម្រុះតំបន់អាស៊ីទល់អ៊ីរ៉ង់ នឹងឈានទៅមុខដដែលបើទោះ COVID-19 ផ្ទុះឡើងខ្លាំងក៏ដោយ ប៉ុន្តែលោកសង្ឃឹមថាភាគីម្ចាស់ផ្ទះនឹងធានាឲ្យមានបរិយាកាសល្អអំឡុងជំនួបនោះ។
កម្ពុជា ហុងកុង និងអ៊ីរ៉ង់ ត្រូវមានភារកិច្ចលេង២ប្រកួតដូចគ្នាក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោកនៅកាតា ឆ្នាំ២០២២ ក្នុងខែមីនានេះ។ កម្ពុជាត្រូវធ្វើដំណើរទៅជួបបារ៉ែន នៅថ្ងៃទី២៦ មីនា មុនទទួលភ្ញៀវអ៊ីរ៉ង់ រីឯហុងកុងត្រូវទទួលភ្ញៀវអ៊ីរ៉ាក់នៅថ្ងៃ៣១ មីនា បន្ទាប់ពីទៅជួបអ៊ីរ៉ង់នៅ៥ថ្ងៃបន្ទាប់។
ក្នុងពូល C នេះ អ៊ីរ៉ាក់ឈរកំពូលតារាងមាន១១ពិន្ទុ បារ៉ែនលេខ២មាន៩ពិន្ទុ ខណៈអ៊ីរ៉ង់លេខ៣មាន៦ពិន្ទុ តាមពីក្រោយដោយហុងកុងមាន៥ពិន្ទុ ឯកម្ពុជានៅបាតតារាងមាន១ពិន្ទុ៕
Tag:
COVID-19
World Cup
កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com