COVID-19
អន្តរជាតិ
តុលាការ​ចិន កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់​ដែល​ចាក់​មន្ត្រី​ត្រួតពិនិត្យ COVID-19
02, Mar 2020 , 10:39 pm        
រូបភាព
ប្រភពរូប៖ AP
ប្រភពរូប៖ AP
ដោយ:
​តុលាការ​ចិន​មួយ បាន​កាត់ទោស​ប្រហារជីវិត​បុរស​ម្នាក់ ដែល​បាន​ចាក់​សម្លាប់​មន្ត្រី​២​នាក់​នៅ​ទីតាំង​ត្រួតពិនិត្យ​មួយ​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ។​

 
​នៅ​ថ្ងៃអាទិត្យ ទី​០១ មីនា តុលាការ​ចិន​មួយ បាន​កាត់ទោស​ប្រហារជីវិត​លើ​បុរស​ជនជាតិ​ចិន​អាយុ​២៣​ឆ្នាំ​ម្នាក់ ក្រោយពី​លោក​បាន​ចាក់​សម្លាប់​មន្ត្រី​២​នាក់ នៅ​ទីតាំង​ត្រួតពិនិត្យ​ក្នុងភូមិ​មួយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃ ០៦ កុម្ភៈ នៅពេល​បុរស​ដៃដល់​ឈ្មោះថា Ma Jianguo បាន​បើកបរ​រថយន្ត​មួយ​ឆ្លងកាត់​ទីតាំង​ត្រួតពិនិត្យ​មួយ​នៅ​ភូមិ Luo Meng តំបន់ Honghe នៃ​ខេត្ត Yunnan ទី​ដែល​លោក​ត្រូវបាន​អាជ្ញាធរ​បញ្ឈប់​។ 
 
​បន្ទាប់ពី​លោក Ma បាន​បដិសេធ​សហការ​ជាមួយ​មន្ត្រី​ត្រួតពិនិត្យ​ទាំងពីរ​នាក់​នោះ អ្នករួមដំណើរ​ជាមួយ​លោក បានចាប់ផ្ដើម​ព្យាយាម​រើ​របាំង​ផ្លូវ​ចេញ​។ តុលាការ​ចិន បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា មន្ត្រី​បាន​ទាញ​ទូរ​សព្ទ​ហើយ​ថត​វីដេអូ​លោក Ma និង​អ្នក​ដទៃទៀត​។​
 
​ដោយ​កំហឹង បុរស​ជនជាតិ​ចិន​ត្រកូល Ma បាន​យក​កាំបិត​ចាក់​លើ​មន្ត្រី​ម្នា​ក់លើ​ដើមទ្រូង និង​ពោះ​លើ​មន្ត្រី​ម្នាក់ ហើយ​បាន​បន្តទៅ​ចាក់​មន្ត្រី​ម្នាក់ទៀត​ដែល​ព្យាយាម​ចូលទៅ​ជួយ​មិត្ត​រួមការ​ងារ​។ ជា​ចុងក្រោយ បុរស​ជាម​ន្ត្រី​ចិន​ទាំងពីរ​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​របួស​។ 
 
​តុលាការ​ចិន​ដដែល អះអាង​ទៀតថា ទោះបីជា​លោក Ma បាន​ចូលខ្លួន​សារភាព​ទោសកំហុស​ដោយ​ស្ម័គ្រចិត្ត និង​ថា ការសម្លាប់​នេះ គឺជា​អំពើ​ឃោរឃៅ​បំផុត​មួយ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​ទី ០២ ខែមីនា ជំងឺ COVID-19 បាន​ឆ្លង​ជិត​៨៩០០០​ករណី​ហើយ ហើយ​បានសម្លាប់​មនុស្ស​ជាង​៣០០០​នាក់ ដែល​ភាគច្រើន​ក្នុងប្រទេស​ចិន​។ ការឆ្លង​បែបនេះ បានធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជាច្រើន​បង្កើត​ទីតាំង​ត្រួតពិនិត្យ​សីតុណ្ហភាព​, បង្កើន​ការ​រឹតត្បិត​ការធ្វើដំណើរ និង​ការបិទ​ទីក្រុង ឬ​តំបន់​ដែលមាន​ករណី COVID-19 ជាដើម​៕

Tag:
 ចិន​
  COVID-19
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com