COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា ៖ អ្នក​លាក់បាំង​ព័ត៌មាន​សង្ស័យ​ឆ្លង COVID-19 ប្រឈម​ទោស​ពន្ធនាគារ​១​ខែ និង​ពិន័យ ២១​ដុល្លារ
02, Mar 2020 , 11:19 pm        
រូបភាព
អ្នកដំណើរនៅឯព្រលានយន្តហោះណៃពិដោ។ រូបភាព The Irrawaddy
អ្នកដំណើរនៅឯព្រលានយន្តហោះណៃពិដោ។ រូបភាព The Irrawaddy
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ ព្រមាន​ចាត់​វិធាន​តឹង​រ៉ឺ​ង​ប្រឆាំង​ប្រជាពលរដ្ឋ​ទាំងឡាយណា ដែល​លាក់បាំង​ព័ត៌មាន​លើ​ជនសង្ស័យ ដែល​អាចមាន​ឆ្លង​វីរុស​ថ្មី COVID-19​។ ក្រុង​ណៃ​ពិដោ ចាត់ទុក​ការ​អំពើ​នេះ ផ្ទុយ​នឹង​ច្បាប់ និង​អាច​ត្រូវ​ប្រឈមមុខ​នឹង​ទោស​ពន្ធនាគារ​ទៀតផង​។​

 
​ក្រសួងសុខាភិបាល​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ បានចេញ​សេចក្តីប្រកាស​មួយ​ដោយ បានចាត់ទុក COVID-19 គឺជា​ប្រភេទ​ជំងឺ​ដែល​អា​ចរាត​ត្បា​មួយ​តាមច្បាប់​ស្តីពី​ការការពារ និង​គ្រប់គ្រង​ជំងឺឆ្លង​រាលដាល ហើយ​ក្រោម​ច្បាប់​នេះ អ្នក​ដែលមាន​អា​ការៈពាក់ព័ន្ធ​នឹង​ជំងឺ​នេះ ត្រូវតែ​រាយការណ៍​ដល់​ក្រសួង ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Irrawaddy​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្រសួងសុខាភិបាល បាន​លើកយក​បទបញ្ញត្តិ​ច្បាប់​ដដែល​នេះ ដែល​បាន​ចែងថា បងប្អូន​សាច់ញាតិ ឬ​អ្នក​នៅក្បែរ អ្នក​ដែលមាន​រោគសញ្ញា​ជំងឺឆ្លង​នេះ ត្រូវតម្រូវ​ឲ្យ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​មន្ទីរពេទ្យ ឬ​គ្លីនិក ដែល​នៅ​ជិត​បំផុត​។ ក្នុងករណី​អ្នក​លាក់បាំង​ព័ត៌មាន នឹងត្រូវ​ប្រឈម​ទោស​ពន្ធនាគារ ១ ខែ និង​ពិន័យ​ជា​ទឹកប្រាក់​ចន្លោះ ៣​ម៉ឺន​-៥​ម៉ឺន ក្យ៉ា​ត (២១-៣៥ ដុល្លារ​)​។​
 
​គួរ​ជម្រាប​ផងដែរ​ថា មកទល់ពេលនេះ មាន​ប្រទេស​ប្រមាណ​ជាង​៤០​ហើយ​របស់​ពិភពលោក ត្រូវបាន​រកឃើញ​ពី​ករណី​ឆ្លង ៨៣ ០០០​ករណី ខណៈ​តួលេខ​អ្នកស្លាប់​បាន​កើនឡើង​ដល់​ជាង ២ ៨០០​នាក់​ដែល​ក្នុងនោះ​ចិន មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​។ ក៏ប៉ុន្តែ​មី​យ៉ាន់​ម៉ា ក៏ដូចជា​ឡាវ ដែលជា​ប្រទេសជិតខាង​របស់​ចិន​នោះ មិនទាន់មាន​ករណី​ឆ្លង​ជំងឺ​នេះ​នៅឡើយ​នោះទេ​។​
 
​កន្លងមក មី​យ៉ាន់​ម៉ា បានធ្វើ​តេស្ត​លើ​ជនសង្ស័យ​ថា​មាន​ឆ្លង COVID-19 ៤២ នាក់​មកហើយ​នៅ​ទូទាំងប្រទេស ក៏ប៉ុន្តែ​អ្នក​ទាំងនោះ រកឃើញ​លទ្ធផល​អវិជ្ជមាន​៕  

Tag:
 មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com